en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​រលាយ​

Share

ភ្នំពេញ៖​នាយក​រដ្ឋមន្ត្រី​សម្តេច​ ហ៊ុន​ សែន​ ប្រកាស​ភ្នាល់​ដាក់​ជីវិត​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ខណៈ​សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈ​ក​ម្មា​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​នឹង​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​សម្តេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​សារ​នយោបាយ​នៅ​ក្នុង​វី​ដេ​អូ​មាន​រយៈពេល​២៦​នាទី​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​នេះ​ ដោយ​សម្តេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​ស​ង្គា​ត់របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មុន​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​។

​ជាមួយ​គ្នា​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា​ គណបក្សប្រឆាំង​មិន​ត្រូវ​អាច​រំលាយ​ដែល​ទំនងជា​សម្តេច​ចង់​សំដៅ​ទៅ​លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​លើ​ឡើង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រំលាយ​បាន​ឡើយ​។​

​ដោយសារ​រឿង​នេះ​ហើយ​មើលទៅ​ដែល​ សម្តេច​ ហ៊ុន​ សែន​ ហ៊ាន​ភ្នាល់​ដាក់​ជិ​វីត​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​រំលាយ​បាន​។​សម្តេច​ បន្ថែម​ថា​ មេធាវី​ទាំង​ប្រាំ​រូប​របស់​ក្រសួងមហាផ្ទៃ​នឹង​ប្តឹង​ដកសិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ចំពោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈ​ក​ម្មា​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​រូប​។​

«​ខ្ញុំ​អាច​ហ៊ាន​ដាក់​ ដើម្បី​ជំនួស​ តើ​កម្រិត​ដល់​ថ្នាក់​ចាប់​មេ​បក្ស​ម៉ោង​១២​យប់​ ដើម្បី​វាយ​ខ្នោះ​ហើយ​នោះ​?​ តើ​សភាពការណ៍​ធ្ងន់ធ្ងរ​ដ៏​ប៉ុណ្ណា​។​ឧ​ន្ទា​ម​ទីក្រុង​មិន​ត្រូវ​បាន​លើកលែងទោស​និង​អត់ឱន​ទោស​នោះ​ទេ​។​គេ​បាន​ធ្វើ​បដិវត្តន៍​ព័ណ៌​ គេ​បាន​ធ្វើ​ច្រើន​ណាស់​ហើយ​ ច្រើន​លើក​ច្រើន​សារ​ហើយ​ ក៏​ប៉ុន្តែ​ធ្វើ​មិន​ជោគជ័យ​ ហើយ​គេ​កំពុង​បន្ត​ធ្វើ​តទៅ​ទៀត​ ដូច្នេះ​យើង​មិន​ផ្តល់​ឱកាស​ឲ្យ​ឧ​ន្ទា​ម​ទីក្រុង​បាន​រួចខ្លួន​នោះ​ទេ​។​»

​ស្រប​ពេល​តុលាការ​កំពូល​គ្រោង​បើក​សវនាការ​ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដោយ​រង​ការ​ចោទប្រកាន់​ពី​អំពើ​ក្បត់ជាតិ​ឃុំ​ឃិ​ត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​សហគមន៍​អន្តរជាតិ​ក៏​បាន​ដាក់​គាបសង្កត់​លើ​រដ្ឋាភិបាល​កុំអោយ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​ធំ​នេះ​ដោយ​គំរាម​ព្យួរ​សហប្រតិបត្តិការ​បើ​កម្ពុជា​ដើរ​ដល់​ចំណុច​នេះ​។​

​សភា​អឺរ៉ុប​បាន​ព្រមាន​អំពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​និង​អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ និង​កុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ជាមួយ​គ្នា​នេះ​ សម​ជិ​ក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ក៏​បាន​ព្រមាន​អំពី​ការ​បិទ​ទិ​ដ្ឋ​ការ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹកដី​អា​មេ​រិ​កដោយ​ទុក​ឱ​សា​វាទ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​ កឹ​ម​ សុខា​ មុន​ថ្ងៃ​ទី​ ៩​ ខែវិច្ឆិកា​។​ចំណែក​ប្រទេស​ជប៉ុន​ដែល​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិ​ច្វ​ក​ម្ពូ​ជា​យ៉ាង​ខ្លាំង​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​រឿង​នេះ​ដែរ​។​

​ត្រង់នេះ​សារ​របស់​សម្ដេច​ហ៊ុន​សែន​ហាក់​មិន​បាន​និយាយ​យោង​ទៅ​លើ​សម្ពាធ​អន្ដរជាតិ​ដែល​កំពុង​គាបសង្កត់​ហើយ​គំរាម​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កម្ពុជា​បើ​សង្គ្រោះ​ជាតិ​ត្រុ​វ​បាន​រំលាយ​នោះ​ទេ​។​
​លោក​ ម៉ៅ​ មុនី​វណ្ណ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ហ៊ាន​សន្និដ្ឋាន​ចំពោះ​ប្រសាសន៍​របស់​សម្តេច​ ហ៊ុន​ ហ៊ាន​ ភ្នាល់​ដាក់​ជីវិត​ បើ​គណបក្សប្រឆាំង​មិន​ត្រូវ​បាន​រំលាយ​នោះ​ទេ​។​ប៉ុន្តែ​លោក​យល់​ថា​ គណបក្ស​នយោបាយ​គួរ​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​វិ​នយោបាយ​ ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ​។​

«​ខ្ញុំ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​ព្រោះ​សម្តេច​ មាន​ប្រសាសន៍​បែប​នេះ​ហើយ​ ខ្ញុំ​យល់​ឃើញ​ថាបើ​អ្នកនយោបាយ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​យើង​គួរ​ជួប​ពិភាក្សា​គ្នា​ ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​កុំ​ឲ្យ​រុញ​ស្រុក​យើង​ថយក្រោយ​វិញ​ វិល​ទៅ​រក​ទស្ស​វត្ត​ន៍​ឆ្នាំ​១៩៨០​។​»

​លោក​ ម៉ៅ​ មុនី​វណ្ណ​ បញ្ជាក់​ថា​ ចំពោះ​មេធាវី​គ្រោង​នឹង​ប្តឹង​ដកសិទ្ធិ​ធ្វើ​នយោបាយ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈ​ក​ម្មា​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយពេល​៥​ឆ្នាំ​គឺជា​សិ​ទិ្ធ​របស់​ក្រុម​មេធាវី​ទាំងនោះ​។​

​តែ​យ៉ាងនេះ​ក្ដី​សម្តេច​ ហ៊ុន​ សែន​ សន្យា​រក្សា​តំណែង​ជា​ក្រុមប្រឹក្សា​ឃុំ​ស​ង្គា​ត់​ដដែល​ ប្រសិនបើ​លាលែង​ពី​ គណបក្ស​សង្គ្រោះ​ជាតិ​មក​ចុះចូល​ជា​គណបក្សកាន់អំណាច​។​

​បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ៣​ វិច្ឆិកា​ រ​ហូ​ង​មក​ដល់​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​នេះ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​៥៦​នាក់​បាន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ប្រកប​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ នេះ​បើ​តាម​ fresh​ news​។​

​អ្នក​សង្កេតការណ៍​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មក​បាន​ព្រមាន​ដែល​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មែន​នោះ​ដំណើរការ​បោះ​ឆ្នោត​ព្រឹទ្ធិ​សភា​ក្ដី​ឬ​រដ្ឋសភា​ក្ដី​មិន​មាន​តំលៃ​ឆ្លុះ​បញ្ចាំង​តាម​ឆន្ទៈ​របស់​អ្នក​ បោះ​ឆ្នោត​នោះ​ទេ​ ហើយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​គុណភាព​នៃ​លទ្ធផល​បោះ​ឆ្នោត​នាំ​អោយ​សហគមន៍​អន្ដរជាតិ​ ដក​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយនឹង​ប្រទេស​កម្ពុជា​។​

​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ពីរ​នៅ​ពេល​ខាង​មុខ​នេះ​គឺ​ការ​បោះ​ឆ្នោត​ព្រឹទ្ធិ​សភា​នៅ​ថ្ងៃ​២៤​កុម្ភៈ​ ដោយ​អង្គ​បោះ​ឆ្នោត​ចេញពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧​។​

ការ​បោះ​ឆ្នោត​សភា​និ​តិ​ការ​ទី​៦​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​​២៩​កក្កដា​ឆ្នាំ​២០១៨​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​ថា​គ​.​ជ​.​ប​ បច្ចុប្បន្ន​ក្រោម​ការ​កែទម្រង់​ថ្មី​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ផ្ដល់​ជំនួយ​ទាំង​ហិរញ្ញវត្ថុ​ និង​ បច្ចេកទេស​យ៉ាងច្រើន​ពី​សហភាព​អឺរ៉ុប​ ជប៉ុន​ និង​សហរដ្ឋអាមេរិក​។​

សហគមន៍​អន្ដរជាតិ​ទាំង​៣​នេះ​បាន​សរសើរ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ខែមិថុនា​ដោយ​ចាត់​ទុក​ថា​ធ្វើ​ឡើង​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​ ខណៈ​ការ​បោះ​ឆ្នោត​ពេល​នោះ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​៕

Share

Image
Image
Image