ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧នេះ មានទូកនារី ចូលរួមប្រកួតចំនួន ៦ទូក ក្នុងចំណោមទូកសរុបចំនួន ២៧០ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិនិងអន្ដរជាតិ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានចាប់ផ្ដើមតាំងពីថ្ងៃទី០២ វិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកា។ យោងតាមការឲ្យដឹងពីលោក ប៊ូ ជុំសិរី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិនិងអន្ដរជាតិបានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៣ វិច្ឆិកានេះថា ឆ្នាំនេះ មានទូកនារី ចំនួន ៦ទូក បានមកចូលរួមអុំប្រណាំ ក្នុងចំណោមទូកសរុប ២៧០ ។ ចំនួននេះ គឺដូចគ្នាទៅនឹងការប្រកួតកីឡាប្រណាំទូកាលពីឆ្នាំ២០១៦ដែរ។ លោក ប៊ូ ជុំសេរី ៖«ស្ដ្រីមានចំនួន ០៦ទូក»។
កាលពីថ្ងៃទី០២ វិច្ឆិកា ដែលត្រូវជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក មានឧបទ្ទវហេតុកើតឡើងបណ្ដាលឲ្យទូកលិចចំនួន ៧គ្រឿង ក៏ប៉ុន្ដែមិនបណ្ដាលឲ្យកីឡាករ រងរបួសនោះទេ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យទូកលិច គឺព្រោះតែកម្លាំខ្យល់បក់ខ្លាំងពេក។
តែយ៉ាងណាបើតាមការអះអាងពីអ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់វិទ្យុស្ដ្រីថា ក្នុងរយៈពេលនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺអាកាសធាតុល្អប្រសើរជាងឆ្នាំកន្លងទៅ បើទោះបីជាអាចមានភ្លៀងធ្លាក់ពេលយប់ខ្លះក្ដី ក៏ប៉ុន្ដែមិនបង្កផលប៉ះពាល់ដល់ដំណើរការនៃការប្រារព្ធពិធីនេះឡើយ។
ព្រះរាជពិធីបុណ្យអុំទូក នឹងបញ្ចប់ទៅនៅថ្ងៃទី០៤ ខែវិច្ឆិកា ក្នុងរយៈពេល០៣ថ្ងៃនេះ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងជាង ១២៣០០នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព ជួនប្រជាពលរដ្ឋដែលមកទស្សនាក្នុងពិធីបុណ្យនេះ។ ក្រៅពីការត្រៀមកងកម្លាំងរក្សាសន្ដិសុខ សាលារាជធានីភ្នំពេញក៏បានរៀបចំផងដែរ នូវការដាក់បន្ថែមធុង និងកញ្ឆេ ដើម្បីដាក់សំរាម ប្រមាណជាង ២ពាន់ ក្នុងខណ្ឌសំខាន់ៗចំនួន ៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ ៧មករា ខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វា។ បន្ថែមពីនេះ សាលារាជធានីក៏បានរៀបចំបង្គន់អនាម័យជាង ៤៦០ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ខណៈមកកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ លើសពីនេះក្រុមគ្រូពេទ្យចល័តប្រមាណជិត ១ពាន់នាក់ ក៏ត្រូវបានដាក់ពង្រាយតាមទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីសង្គ្រោះពលរដ្ឋដោយឥតគិតក្នុងករណីដែលមានឧបទ្ទវហេតុណាមួយកើតឡើង។
នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក សាលារាជធានីភ្នំពេញបានចេញបម្រាម ហាមមិនឲ្យប្រើប្រាស់យន្តហោះដ្រូន (Drone) និងហាមមិនឲ្យអ្នកលក់ដូរចំណីអាហារគ្រប់ប្រភេទ ប្រើកំប៉ុងហ្គាស ចំអិនចំណីអាហារនោះទេ ព្រោះសាលារាជធានី បារម្ភពីឧបទ្ទវហេតុផ្ទុះកំប៉ុង ឬធុងហ្គាសទាំងនោះ នាំឲ្យមានភាពចលាចលកើតឡើង។ ជាងនេះ សាលារាជធានីក៏បានចេញវិធានការមួយចំនួនផងដែរ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរនារយៈពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយសាលារាជធានីភ្នំពេញហាមមិនឲ្យរថយន្ដធុនធំ រថយន្ដក្រឡុកស៊ីម៉ង់ រថយន្ដដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញនោះទេ។ ជាងនេះទៀត សាលាក្រុងក៏ប្រកាសផ្អាករាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ មិនឲ្យមានសកម្មភាពសាងសង់នោះទេចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា។
មួយវិញទៀត សម្រាប់រថយន្ដឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉ក សាលារាជធានីមិនអនុញ្ញាតឲ្យចរាចរចូលក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។
កម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ កាលពីឆ្នាំ ២០១១ កម្ពុជាផ្អាកព្រះរាជពិធីបុណ្យអុំទូក ដោយសារតែទឹកធំ ជន់លិចស្ទើរគ្រប់បណ្តាខេត្ត ខណៈឆ្នាំ២០១២ ប្រទេសកម្ពុជា ត្រូវកាន់ទុក្ខថ្វាយអតីតព្រះមហាក្សត្រ សម្តេច នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ខ្មែរ ដែលទ្រង់សោយទិវង្គត ចំណែកឆ្នាំ២០១៣ ការផ្អាកព្រះរាជពិធីបុណ្យអុំទូក ព្រោះតែស្ថានភាពនយោបាយ នៅមានភាពវឹកវរ ក្រោយការបោះឆ្នោត៕