ភ្លាមៗបន្ទាប់ពីក្រុមប្រតិភូនៃក្រសួងការបរទេសជប៉ុនបានត្រឡប់ទៅវិញ មិនដល់មួយសប្ដាហ៍ផង ស្រាប់តែ គណៈប្រតិភូរបស់សភាសហភាពអឺរ៉ុបមួយក្រុមទៀតក៏បាន កាន់កម្ពុជាដែរ។ បេសកកម្មរបស់សហគមន៍អន្តរជាតិទាំង២នេះធ្វើឡើងក្នុងដំណើរមកផ្ដាំផ្ញើឱ្យបក្សកាន់អំណាចឱ្យរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយនេះ ប្រកបដោយភាពសេរីនឹងត្រឹមត្រូវដោយមានវត្តមានគណបក្សសង្រ្គោះជាតិ។ ទាក់ទិននឹងរឿងនេះ អ្នកវិភាគនិងអ្នកតាមដាននយោបាយប្រទេសកម្ពុជា បានហៅបេសកកម្មរបស់មន្ត្រីការទូតជប៉ុននិងគណៈប្រតិភូសហភាពអឺរ៉ុបមានតម្លៃដើម្បីកម្ពុជាពិចារណាឡើងវិញ បើពុំនោះនឹងខាតបង់ផលប្រយោជន៍ជាតិ។
ទំនងមិនទុកឱ្យពេលវេលាកាន់តែទៅមុខទៀតទេ នូវអ្វីដែលអ្នកសង្កេតការណ៍ហៅថា កម្ដៅនយោបាយ នៅកម្ពុជា កាន់តែអាក្រក់គឺ គ្រាន់តែចប់បេសកម្មមួយ ចូលបេសកកម្មមួយទៀត។ គណៈប្រតិភូមួយដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោកអ៊ីអូ ហូរីអ៊ីបានមកកម្ពុជាកាលពីថ្ងៃទី២៧តុលា ហើយ៣ថ្ងៃក្រោយមកគណៈប្រតិភូសភាសហភាពអឺរ៉ុបក៏បានមកដល់។ ក្រុមប្រតិភូទាំង២នេះ ហាក់មានគោលបំណងដូចគ្នាគឺផ្ដាំផ្ញើឱ្យកម្ពុជានៅតែជារដ្ឋមួយប្រកាន់ភ្ជាប់ គោលការណ៍ប្រជាធិបតេយ្យនិងពហុបក្ស ដោយ សំឡេងបក្សប្រឆាំងមានសារសំខាន់ក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកបា្រក់សុខុន លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោកអ៊ីអូ ហូរីបានចោទសួរអំពីករណីលោកកឹមសុខានិងគណបក្សសង្រ្គោះជាតិ។ ក្នុងជំនួបនោះអ្នកការទូតជប៉ុនជាន់ខ្ពស់នេះ រំពឹងថាការបោះឆ្នោតខាងមុខ ប្រកដោយភាពសេរីនិងត្រឹមត្រូវ ដែលសហគមន៍អន្តរជាតិអាចទទួលយកបាន។ នៅពេលក្រុមប្រតិភូជប៉ុនត្រឡប់ទៅវិញ ក្រុម ប្រតិភូសភាសហភាពក៏ចូលជួបមន្ត្រីជាន់ខ្ពស់កម្ពុជា។
ក្រោយពីជំនួប ជាមួយ លោកប្រាក់សុខុន លោកហោណាំហុង និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចមក ប្រតិភូបរទេសនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយ ព្រមានធ្ងន់ៗ អំពីហានិភ័យ នៃទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដែលអាចប៉ះពាល់ ទំហំពាណិជ្ជកម្ម និងហិរញ្ញវត្ថុផ្ដល់ជំនួយ ដល់កម្ពុជាប្រសិនបើកម្ពុជាមិនបញ្ឈប់ផែនការរំលាយគណបក្សសង្រ្គោះជាតិ និងករណីមិនដោះលែងលោកកឹមសុខា។
តើអ្នកសង្កេតការណ៍យល់ដូចម្ដេចដែរចំពោះបេសកកម្មរបស់ប្រតិភូអ្នកការទូតជប៉ុននិងសភាសហភាពអឺរ៉ុប?
លោក បណ្ឌិតចាន់វិបុល អ្នកសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចប្រជាធិបតេយ្យ យល់ថា បេសកកម្មទាំង២ប្រតិភូនេះ គឺសារមួយដោយផ្ទាល់របស់ពួកគេប្រាប់ឱ្យបក្សកាន់អំណាច កុំប្រថុយនឹងហានិភ័យដែលអាចកើតមាន។ លោកថាទាំងជប៉ុននិងសហភាពអឺរ៉ុបសុទ្ធតែមានឥទ្ធិពលនៅលើឆាកអន្តរជាតិគឺគេអាចដាក់ទណ្ឌកម្មកម្ពុជាបានគ្រប់កាលៈទេសៈបើកម្ពុជាដើរដល់ចំណុចមួយកែលែងឡើងហើយនោះ។
សំឡេង–ចាន់វិបុល—————-
ចំណែក លោកកនសាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ហាក់មានទស្សនៈដូចលោក បណ្ឌិតចាន់វិបុលដែរ។ លោកថា កម្ពុជាជារដ្ឋអធិបតេយ្យពិតមែន តែកម្ពុជា ត្រូវយល់ថា ប្រទេសនៃគណៈប្រតិភូទាំង២នេះ សិទ្ធតែមានឥទ្ធិពលទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទូតលើកម្ពុជា។
សំឡេងកន សាវាង្ស———–។
ប៉ុន្តែសម្រាប់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ហាក់មិនផ្តល់តម្លៃច្រើនចំពោះ គណៈប្រតិភូសភាសហភាពអឺរ៉ុបនោះទេ។ លោកអះអាងប្រាប់វិទ្យុស្ត្រីកាលពីថ្ងៃម្សិលមិញថា កម្ពុជាជារដ្ឋអធិបតេយ្យពេញលេញ ដែលមានគោលបយោបាយ ច្បាស់លាស់ ហើយកម្ពុជាអាចរស់ដោយខ្លួនឯងបាន និងមានដៃគូពាណិជ្ជកម្ម ជាច្រើនទៀត។ តែយ៉ាងណាដោយ អ្នកសង្កេតការណ៍ឯករាជ្យទាំង២រូបនេះសង្ឃឹមថា អ្នកនយោបាយខ្មែរអាចដោះស្រាយ បញ្ហាខ្លួនឯងបានទាន់ពេលវេលាដោយមិនទុកឱ្យបរទេសចូលពាក់ព័ន្ធឡើយ៕