en     km
en     km

មេឃុំ​ស្ដ្រី​ ថា​ ដើម្បី​បញ្ឈប់​ហិង្សា​លើ​ស្ដ្រី​ មេឃុំ​-​ចៅសង្កាត់​ ត្រូវ​ចុះ​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ឲ្យ​ញឹកញាប់​

Share

ភ្នំពេញ​ ៖​ ហិង្សា​លើ​ស្ដ្រី​បាន​កើតឡើង​ស្ទើរ​គ្រប់​រូបភាព​ ហើយ​មិន​ថមថយ​នោះ​ទេ​ ដែល​នាំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មានការ​ព្រួយបារម្ភ​ ចំពោះ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ស្ដ្រី​។​
​ជុំវិញ​រឿង​នេះ​ ក្រុម​ស្ដ្រី​ ជា​មេឃុំ​ ចៅសង្កាត់​ ជើង​ចាស់​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ដើម្បី​លុប​បំបាត់​សកម្ម​ស្មោ​គគ្រោក​រំលោភ​បំពាន​លើ​ស្ដ្រី​ ដូចនេះ​ គឺ​ក្រុម​មេឃុំ​ ចៅសង្កាត់​ ត្រូវ​ចុះ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ និង​បង្កើន​ការ​រឹត​បន្ដឹង​ ការ​អនុវត្ដន៍​ច្បាប់​លើ​ជន​សជន​ល្មើស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​។

 

​រយៈពេល​ត្រឹមតែ​ ប្រាំមួយ​ខែ​ដើមឆ្នាំ​២០១៧​ អំពើ​ហិង្សា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ជា​ករណី​ រំលោភ​សេពសន្ថវៈ​ ការ​ជួញដូរ​មនុស្ស​ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ ដោយ​បាន​កើតឡើង​ចំនួន​ ១៥៥​ ករណី​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​ ដែល​ចំនួន​នេះ​បាន​បង្ហាញ​ថា​ ហិង្សា​លើ​ស្ដ្រី​មិន​បាន​ថយ​ចុះ​នោះ​ទេ​។​

​តែ​យ៉ាងណា​ហិង្សា​លើ​ស្ដ្រី​ មិនមែន​មាន​តែ​ករណី​ទាំងនេះ​ទេ​ ដោយ​គិត​មក​ដល់​ខែតុលា​ ឆ្នាំ​២០១៧​ អំពើ​ហិង្សា​លើ​ស្ដ្រី​បាន​កើត​ឡើងជា​ហូរហែ​ មាន​ទាំង​ការ​ចាប់រំលោភ​លើ​កុមារ​ ស្ដ្រី​វ័យ​ជំទង់​ និង​ស្ដ្រី​វ័យ​ចំណាស់​ ហើយ​រឹតតែ​ធ្ងន់ធ្ងរ​ទៀត​នោះ​ គឺ​ហិង្សា​បាន​ឈាន​ដល់​ការ​រំលោភ​សម្លាប់​។​

​ព្រោះតែ​បញ្ហា​ទាំង​អស់នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ក្រុម​សង្គម​ ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ និង​អាណាព្យាបាល​ ក៏​ដូច​ជា​ស្ដ្រី​ខ្លួនឯង​ផ្ទាល់​សុទ្ធតែ​បង្ហាញ​ក្ដី​បារម្ភ​ពី​សុវត្ថិ​ ខណៈ​ពួក​គេ​ត្រូវ​ទៅ​រៀន​ ទៅ​ស្រែ​ ឬ​ក៏​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​។​ បញ្ហា​ញ​សង្គម​មួយ​នេះ​ គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ និង​រក​យន្ដការ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ដើម្បី​ទប់ស្កាត់​ និង​ព្រមាន​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​ធ្វើ​ជនល្មើស​ខ្លាចរអា​ និង​មិន​ហ៊ាន​ប្រព្រឹត្ដ​អំពើ​អមនុស្សធម៌​ដូចនេះ​បន្ដ​ទៀត​។​

​អ្នកស្រី​ ហួ​ន​ មើ​ មេឃុំ​ កោះ​កែវ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​កាន់​តំណែង​ជាប់​គ្នា​ ៣​អាណត្ដិ​មក​ហើយ​នោះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ថា​ អ្នកស្រី​ពិតជា​មានការ​អាណិត​ដល់​ស្ដ្រី​រង​គ្រោះ​ ហើយ​ចាត់​ទុក​ថា​ ទ​ង្វើ​បង្ខំ​ចាប់រំលោភ​លើ​ស្ដ្រី​ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ស្ដ្រី​។​

​មក​ដល់​ពេល​នេះ​អ្នកស្រី​ ហួ​ន​ មើ​ បាន​គ្រប់គ្រង​តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ ឃុំ​ កោះ​កែវ​ ជាង​ ១០​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្ដែ​គឺ​គ្មាន​ទេ​ អំពើ​ចាប់រំលោភ​ ឬ​ក៏​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ គ្មាន​ហិង្សា​ដោយសារ​តែ​អ្នកស្រី​ បាន​ចំណាយពេល​ស្ទើរ​ទាំងស្រុង​ដើម្បី​ចុះ​មូលដ្ឋាន​ដោយ​ផ្ទាល់​ ជួប​ប្រជាពលរដ្ឋ​ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ស្ដ្រី​ និង​ បុរស​ ឲ្យ​ចេះ​យោគយល់​គ្នា​ និង​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ លើស​ពី​នេះ​អ្នកស្រី​ បាន​អនុវត្ដន៍​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ ចំពោះ​អ្នក​ប្រព្រឹត្ដ​ហិង្សា​ ដើម្បី​ជា​ព្រមាន​ដល់​ជន​ដទៃ​ទៀត​។​ អ្នកស្រី​ ហួ​ន​ មើ​ ៖«​អាហ្នឹង​ដោយសារ​មូលហេតុ​យើង​ធ្វើការ​អប់រំ​គាត់​ ហើយ​យើង​អនុវត្ដន៍​ច្បាប់​ម៉ឺងម៉ាត់​ យើង​អត់ថា​ ចោល​ អ្វី​ដែល​យើង​និយាយ​ចេញ​ទៅ​គឺ​យើង​ធ្វើ​ដើម្បី​ព្រមាន​ អាហ្នឹង​ប្រៀប​ដូច​ពាក្យចាស់​លោក​ថា​ វ៉ៃ​មួយ​ព្រមាន​ ១០​ តែ​យើង​អត់​មាន​ធ្វើ​អី​គាត់​ទេ​ (​បុរស​)​ គ្រាន់តែ​ព្រមាន​លើ​ផ្លូវច្បាប់​»​។​

​អ្នកស្រី​ ហួ​ន​ មើ​ ទទូច​ថា​ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​បាន​លុះត្រា​ មេឃុំ​ ចៅសង្កាត់​ គ្រប់​រូប​ ពង្រឹង​ឆន្ទៈ​របស់​ខ្លួន​ ចំណាយ​ពេលវេលា​ចុះ​ជួប​ពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់​ ហើយ​ជា​ពិសេស​ពង្រឹង​ការ​អនុ​វន៍​ច្បាប់​ដោយ​បាន​ម៉ឺងម៉ាត់​។​
​ដូច​គ្នា​ដែរ​ ស្ដ្រី​ម្ចាស់​តំណែង​ចៅសង្កាត់​បឹង​កេងកង​ទី​០១​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់គ្រង​តំណែង​អស់​រយៈពេល​ជាង​ ១៥​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​នោះ​ អ្នកស្រី​ ប្រាក់​ ម៉ា​លី​ ទទួលស្គាល់​ការ​លើក​ឡើង​របស់​ មេឃុំ​ កោះ​កែវ​។​ អ្នកស្រី​ ប្រាក់​ ម៉ា​លី​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​ជួប​ពលរដ្ឋ​ ឬ​ក៏​បើក​ជា​វេទិកាសាធារណៈ​ញឹកញាប់​ គឺ​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ សម្រាប់​ការ​បង្កើន​ភាព​ជិត​ស្និ​ទរ​វាង​មេឃុំ​ ចៅសង្កាត់​ ឬ​ក៏​ក្រុមប្រឹក្សា​ឃុំ​ ជាមួយ​និង​ពលរដ្ឋ​។​ ភាព​ស្និ​ទ​ស្នាល​និង​ការ​ស្គាល់គ្នា​បាន​ច្រើន​រវាង​មេឃុំ​ ឬ​ចៅសង្កាត់​នេះ​ នឹង​ធ្វើ​ជន​រង​គ្រោះ​ដែល​ជា​ស្ដ្រី​ហ៊ានរ​ត់ម​ករក​អន្ដរាគមន៍​ពី​មេឃុំ​ ឬ​ចៅសង្កាត់​របស់​ពួ​គេ​ បើ​មាន​ករណី​រំលោភ​កើតឡើង​។​ អ្នកស្រី​ ប្រាក់​ ម៉ា​លី​ ៖«​ចា​ កាលណា​យើង​ចុះ​ជួប​ទៅ​យើង​ស្គាល់​ យើង​បង្កើន​ភាព​ស្និ​ទ​ស្នាល​ យើង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​គាត់​ មានការ​អី​គាត់​ផ្ដល់​ព័ត៌មាន​ឲ្យ​យើង​ដឹង​ហើយ​ ហើយ​ការ​ចុះ​ជួប​ញឹកញាប់​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​ឲ្យ​ល្អជា​មួយ​ប្រជាពលរដ្ឋ​ល្អ​ យើង​បានដឹង​ព័ត៌មាន​ផ្សេងៗ​ជាមួយ​ប្រជាពលរដ្ឋ​»​។​

​ជាង​នេះ​អ្នកស្រី​ចៅសង្កាត់​បឹង​កេងកង​ទី​០១​ ក៏​សំណូមពរ​ដល់​ស្ដ្រី​គ្រប់​រូប​ត្រូវ​បង្កើន​ភាព​ក្លា​ហ៊ាន​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​ការខ្លួន​ពី​ការ​មើលងាយ​ ឬ​ក៏​ប៉ង​អាក្រក់​ពី​បុរស​មួយ​ចំនួន​។​

​ដើមឆ្នាំ​២០១៧​នេះ​ ករណី​ចាប់រំលោភ​ស្ដ្រី​ ត្រូវ​បាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​បង្ហាញ​ថា​ គឺ​មិន​បាន​ថយ​ចុះ​នោះ​ទេ​។​ បើ​តាម​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ដ្រី​ និង​កុមារ​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​មាន​ស្ថានភាព​ ធ្ងន់ធ្ងរ​ រំលោភ​សេពសន្ថវៈ​ ការ​ជួញដូរ​មនុស្ស​ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ មាន​ចំនួន​១៥៥​ ករណី​ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើមឆ្នាំ​២០១៧​ ដែល​ចំនួន​នេះ​ គឺ​មិន​បាន​ថយ​នោះ​ទេ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​។​ ក្នុង​ចំណោម​អំពើ​ហិង្សា​ទាំង​ ១៥៥​ករណី​នេះ​ មាន​ហិង្សា​ក្នុង​គ្រួសារ​ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ចំនួន​ ២៣​ករណី​ និង​ឈាន​ដល់​ស្លាប់​ចំនួន​ ៥​ករណី​។​ ចំណែក​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ទារក​រហូត​ដល់​អាយុ​ ១៨​ឆ្នាំ​ និង​ស្ត្រី​វ័យ​ចំណាស់​អាយុ​ ៥៥​ឆ្នាំ​ឡើង​ទៅ​ មាន​ចំនួន​ ៧១​ ករណី​ គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​២០១៦​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image