en     km
en     km

មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរជួយពលរដ្ឋខ្មែរដែលអាមេរិកនឹងនិរទេសឱ្យបានសមរម្យ

Share

ភ្នំពេញ៖ នៅក្នុងទំព័រជួរមុខរបស់គេហទំព័រនៃសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ពលរដ្ឋកម្ពុជាជាង ១០០ នាក់អាចនឹងធ្វើនិរទេសពីសហរដ្ឋអាមេរិក ករណីពួកគេប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម។ ទាក់ទិនរឿងនេះ រដ្ឋាភិបាលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការទទួលប្រជាពលរដ្ឋទាំងនោះមកកាន់កម្ពុជាវិញ។⁣ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលទទូចថា រដ្ឋាភិបាលគួរជួយពលរដ្ឋខ្មែរដែលអាមេរិកនិរទេសឱ្យបានសមរម្យ។

លោក សេរី វឌ្ឍនៈ រាយការណ៍៖

គេហទំព័រដ៏ល្បីរបស់សហរដ្ឋអាមេរិក The Huffington Post បានចុះផ្សាយថា ពលរដ្ឋកម្ពុជាដែលជាជនល្មើសប្រមាណជាង១០០នាក់ ត្រួវប្រឈមមុខនឹងការនិរទេសពីសហរដ្ឋអាមេរិកមកកម្ពុជាវិញឆាប់ៗនេះ ករណីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។ ប្រភពដែលបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ រស់នៅរដ្ឋផ្សេងៗគ្នា។

ទាក់ទិនករណីនេះ អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានឆ្លើយតបមកអ្នកសារព័ត៌មានរបស់វិទ្យុស្រ្តីថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំក្នុងការទទួលពលរដ្ឋទាំងនោះមកកម្ពុជាវិញ តែចំពោះនិតិវិធីយ៉ាងណារដ្ឋាភិបាលកម្ពុជាពុំទាន់ដឹងច្បាស់នៅឡើយទេ។

គេមិនអាចដឹងថាពលរដ្ឋខ្មែរទាំងនេះ នឹងមានស្រុកកំណើតនៅខេត្តណាទេ ដោយអ្នកខ្លះ បានទៅរស់នៅអាមេរិកតាំងពីតូច ហើយអ្នកខ្លះទៀតកើតនៅទឹកដីអាមេរិកតែម្ដង។⁣ ករណីនេះនាំឱ្យមានការចោទសួរអំពីអនាគតពួកគេ ពេលមករស់នៅកម្ពុជា ថាតើត្រូវធ្វើសមាហរណកម្មក្នុងសង្គមដូចម្ដេច។

លោក ស៊ឹង សែន​ករុណា មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្សសមាគមអាដហុក មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែបង្កើតសមាហរណកម្មមួយដល់ពលរដ្ឋកម្ពុជាដែលត្រូវគេបញ្ជូននោះ ឲ្យមានសហគមន៍ណាមួយឲ្យពួកគាត់រស់នៅក្នុងបរិយាកាសសមរម្យ ព្រមទាំងពន្យល់ និងបង្រៀនពួកគេពីច្បាប់ទម្លាប់ផងដែរ។

លោកពន្យល់ថា ប្រជាពលរដ្ឋកម្ពុជាដែលនឹងនិរទេសពីសហរដ្ឋអាមេរិក សុទ្ធសឹងជាពលរដ្ឋដែលធំដឹងក្តីនៅសហរដ្ឋ⁣⁣អា⁣មេរិកដែល បែបនេះហើយអាចជាផលលំបាករបស់ពលរដ្ឋទាំងនោះមករស់នៅលើទឹកដីកំណើតរបស់ខ្លួន។

លោក ស៊ឹង សែនករុណា៖ “រដ្ឋាភិបាលគួរតែមានការសម្រួល ឬការសម្របយ៉ាងណាឲ្យមានសមាហរណកម្មមួយដែលថ្មីៗនេះ​រដ្ឋាភិបាលកម្ពុជាបានទទួលយកជនភៀសខ្លួនពីអូស្រ្តាលី ដូច្នេះហើយរដ្ឋាភិបាលកម្ពុជាគប្បីតែបង្កើតសមាហរណកម្មដល់ពលរដ្ឋកម្ពុជាខ្លួនឯង បន្ស៊ាំពួកគាត់ឲ្យរស់នៅស្គាល់ពីស្ថានភាព និង ច្បាប់របស់កម្ពុជាដើម្បីកុំឲ្យពួកគាត់ប្រព្រឹត្តបទល្មើសពេលដែលពួកគាត់មកនៅកម្ពុជាបាទ! “។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកជនភៀសខ្លួនពីប្រទេសអូស្រ្តាលី ក្នុងគម្រោងជំនួយ ៤០ លានដុល្លារអូស្ត្រាលី ដែលក្នុងនោះមានជនជាតិ រ៉ូហីងយ៉ា ៥ នាក់។ដោយប្រៀបធៀបករណីនេះ មន្ដ្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានទទូចថា​កម្ពុជា គួរជួយពលរដ្ឋខ្មែរទាំងនោះ មករស់នៅក្នុងសហគមន៍មួយដូចរដ្ឋាភិបាល រៀបចំឲ្យពលរដ្ឋ រ៉ូហីងយ៉ា រស់នៅ​ក្នុងសហគមន៍មួយ ដែលមានរបៀបរៀបរយនឹងមានមន្ទីពេទ្យ នៅតំបន់នោះ៕

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image