ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស “A” និងអាណាព្យាបាល នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានសំណូមពរដល់ ឪពុក-ម្ដាយ គ្រប់រូបផ្ដល់ឱកាសឲ្យកូនស្រី បានរៀនដល់ថ្នាក់ឧត្ដមសិក្សាដូចកូនប្រុស។ ឪពុក-ម្ដាយ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីសុទ្ធតែបង្ហាញជំហរ នឹងអនុញ្ញាតឲ្យកូនស្រីបានសិក្សាតទៅមុខ លុះត្រាសាមីខ្លួនសម្រេចចិត្ដឈប់ដោយខ្លួនឯង។
ជំនួបនេះបានធ្វើឡើងនៅឯក្រសួងកិច្ចការនារីកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដែលមានសិស្សនិទ្ទេស “A” ភាគច្រើនជាស្ត្រីប្រមាណ ៩០នាក់ មកពីរាជធានីភ្នំពេញ និងខេត្ដកណា្ដល។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែងក្នុងពិធីនេះថា ស្ដ្រីគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដែលមិនអាចខ្វះបាន។ លោកស្រីរដ្ឋមន្ដ្រីបានសម្ដែងមនោទនភាពជាខ្លាំងចំពោះសិស្សស្រី ដែលបានប្រឡងជាប់ក្នុងឆ្នាំនេះ។
ក្នុងឱកាសនោះលោកស្រី អ៊ឹង កន្ថាផាវី បានរំលឹកថា បច្ចុប្បន្ននេះការសិក្សារបស់ក្មេងស្រីចាប់ពីកម្រិតបឋមដល់ថ្នាក់វិទ្យាល័យ គឺមានភាពប្រហាក់ប្រហែលនិងក្មេងប្រុស ក៏ប៉ុន្ដែលោកស្រីមើលឃើញថា ការសិក្សារបស់ក្មេងស្រីនៅកម្រិត ឧត្ដមសិក្សា គឺមិនទាន់មានភាពស្មើគ្នាជាមួយក្មេងប្រុសនៅឡើយទេ។ ត្រង់ចំណុចនេះ លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី សំណូមពរដល់ ឪពុក-ម្ដាយ ក៏ដូចជាអាណាព្យាបាលទាំងអស់ ប្រសិនបើមានលទ្ធភាពឲ្យកូនចូលរៀន សូមផ្ដល់ឱកាសឲ្យក្មេងស្រី បានបន្ដការសិក្សាដល់ថ្នាក់ឧត្ដមដូចក្មេងប្រុសដែរ។ លោកស្រី អ៊ឹង កន្ថាផាវី៖«យើងតែងតែសំណូមពរដល់មាតាបិតា លោកផ្ដល់លទ្ធភាពឲ្យកូនស្រី បើមានសមត្ថភាពបន្ដការសិក្សា សុំសំណូមពរដល់អាណាព្យាបាលលោកផ្ដល់ គេហៅថា កាលនុវត្ដភាព ឲ្យក្មេងស្រីហ្នឹង កូនស្រីហ្នឹង ចៅស្រីហ្នឹង ទៅបន្ដការរៀនសូត្របន្ដ»។
បន្ថែមលើនេះលោកស្រីរដ្ឋមន្ដ្រីបន្ដថា ក្រសួងកិច្ចការនារីក៏បានសហការជាមួយក្រសួងអប់រំ ដើម្បីជំរុញឲ្យមាន កន្លែងស្នាក់នៅ និងអាហារូបករណ៍ សម្រាប់ស្ដ្រីខណៈមកបន្ដការសិក្សានៅថ្នាក់ឧត្ដម។ ជាងនេះក្រសួងកិច្ចការនារីក៏បានសហការផងដែរជាមួយ ក្រសួងសុខាភិបាល ក្រសួងយុត្ដិធម៌ និងនគរបាលជាតិ បំណងជួយគាំពារ ដល់ស្ដ្រី ធ្វើយ៉ាងណាឲ្យស្ដ្រីអាចបានបន្ដការសិក្សាឲ្យបានខ្ពស់ ដើម្បីជាដៃគូសហការជាមួយបុរសដោយស្មើភាព។ លោកស្រី អ៊ឹង កន្ថាផាវី៖«អញ្ចឹងនេះគឺ កិច្ចការដែលក្រសួងកិច្ចការនារីបានធ្វើរយៈពេលជាង ២០ឆ្នាំហើយ ជាមួយនិងក្រសួងពាក់ព័ន្ធដើម្បីលើកកម្ពស់ធនធានស្ដ្រីហ្នឹង ឲ្យទៅជាធនធានដែលជាដៃគូ ជាមួយនិងធនធានដែលជាបុរស ដើម្បីយើងអាចធ្វើការងារស្នើជាមួយនឹងគេ កុំឲ្យយើងនៅក្រោមគេពេក»។
ឆ្លើយតបនិងការអំពាវនាវរបស់រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីដូចនេះ អ្នកស្រី សុទ្ធ សារុន វ័យ ៤៥ឆ្នាំជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អះអាងថា អ្នកស្រីនឹងឲ្យកូនស្រីរបស់អ្នកស្រីបានបន្ដការសិក្សាឲ្យខ្ពស់ ដោយមិនឃាត់ឃាំងជាដាច់ខាត។ អ្នកស្រីបានប្រាប់ថា អ្នកស្រីចង់ឲ្យកូនស្រីចេះដឹង និងមានជំហរ រឹងមាំដោយខ្លួនឯងដោយមិនចាំបាច់ពឹងកម្លាំងប្ដី ទៅថ្ងៃក្រោយ។ ម្យ៉ាងអ្នកស្រីគិតថា កាលណាកូនស្រីមានចំណេះខ្ពស់គឺមិនងាយនឹងប្រឈមបញ្ហា ត្រូវបានប្ដីមើលងាយទៅថ្ងៃក្រោយ។ អ្នកស្រី សុទ្ធ សារុន៖«បើទោះជាទៅនៅជាមួយគ្រួសារគេក៏យើងអត់បារម្ភដែរព្រោះកូនយើងមានចំណេះវិជ្ជា ដូចថាទៅថ្ងៃមុខទៅបើទោះជាអត់គេចិញ្ចឹមក៏យើងមានចំណេះវិជ្ជា ក្នុងបញ្ហាគ្រួសារយើងតែងជួបប្រទះបញ្ហាច្រើន ដូចសម័យមុនយើងពឹងតែប្ដីពេក ដល់ពេលប្ដីមានកំហុសយ៉ាងណាក៏យើងមិនហ៊ានតវ៉ា ចេះតែទ្រាំ ដល់ពេលកូនយើងមានចំណេះដឹងខ្ពស់ប្ដីគេក៏មិនហ៊ានមើលងាយកូនយើងដែរ»។
ចំណែកលោក ហែម បូរី អាយុ ៥០ឆ្នាំ ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ សព្វមានកូនស្រីចំនួន ០២នាក់។ លោកបានអះអាថា លោកចង់ឲ្យកូនស្រីរបស់លោកទាំងពីរបានបន្ដការសិក្សាឲ្យខ្ពស់ ដើម្បីអាចជួយខ្លួននាងបានទៅថ្ងៃក្រោយ។ លោកយល់ថា ហួសសម័យទៅហើយចំពោះការគិតថា កូនស្រីមិនចាំបាច់រៀនច្រើន ហើយគួរតែរង់ចាំយកប្ដីដើម្បីពឹងដូចសម័យមុន។ លោក ហែម បូរី ចង់ឲ្យ ឪពុក-ម្ដាយ ទាំងអស់លើកទឹកចិត្ដ និងបើកឱកាសឲ្យកូនស្រីបានសិក្សាឲ្យបានវែងឆ្ងាយ ដើម្បីអនាគតរបស់ពួកគេបានល្អប្រសើរ។ លោក ហែម បូរី៖«បាទ ខ្ញុំសុំផ្ដាំផ្ញើទៅមាតាបិតាសិស្ស បាទ កុំ ដូចថា កុំរារាំងដល់ដំណើរការរបស់កូន បើសិនជាកូនចង់សូម ឪពុក-ម្ដាយ ជំរុញ»។
ដោយសារតែមានការជួយជ្រុំជ្រែងពីអាណាព្យាបាល និង ការទទូចរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដូចនេះ សិស្សស្រីដែលមានវត្ដមានក្នុងពិធីនេះ សុទ្ធសឹងតែបានបង្ហាញពីប្ដេជ្ញាចិត្ដ និងគោលបំណងនាថ្ងៃអនាគត់របស់ពួកគេ ដែលរំពឹងថា នឹងបានសិក្សាដល់ថ្នាក់ឧត្ដម បំពេញក្ដីស្រម៉ៃរបស់ពួកគេ ហើយអាចជួយខ្លួនឯង ជួយគ្រួសារនិងសង្គមជាតិ។
នេះគឺជាលើកទីពីរហើយដែលលោកស្រី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានរៀបចំពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស “A” ក្រោយពេលពួកគេបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
គួរឲ្យកត់សម្គាល់ផងដែរថា ចំនួនស្ត្រីកម្ពុជាដែលទទួលបានការអប់រំមានការកើនឡើង ជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៧នេះ ឃើញថាសិស្ស ស្រីមានចំនួនច្រើនជាងសិស្សប្រុស ដែលបង្ហាញពីការកើនឡើងនូវភាពសកម្មរបស់ស្ត្រីក្នុង កិច្ចការសង្គម។ សិស្សស្រីដែលបានប្រឡងជាប់ក្នុងឆ្នាំ២០១៧នេះ មានចំនួន ៥១,២ភាគរយ ខណៈសិស្សប្រុសមានចំនួន ៤៨,៨ ភាគរយ។ កាលពីឆ្នាំ២០០០ មានតែស្ត្រី២.៤ភាគរយប៉ុណ្ណោះ ដែលបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ខណៈឆ្នាំ២០១៧នេះ បានកើនដល់៣៧ភាគរយ៕