en     km
en     km

​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ដរតនគិរី​ព្រួយបារម្ភ​ករណី​រំលោភ​ស្ដ្រី​បន្ត​កើនឡើង​

Share

​ភ្នំពេញ​ ៖​ ករណី​ចាប់រំលោភ​ស្ដ្រី​ នៅ​តែ​កើត​មាន​ បើ​ទោះជា​អាជ្ញាធរ​បាន​អនុវត្ដន៍​ច្បាប់​លើ​ជន​ប្រព្រឹត្ដ​យ៉ាងណា​ក៏​ដោយ​ ដែល​ករណី​នេះ​ សង្គម​ស៊ី​វិល​ធ្វើការ​ងារ​លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ បង្កើន​ការ​ ការពារ​ស្ដ្រី​ឲ្យ​បាន​ខ្លាំង​ និង​រឹត​បន្ដឹង​ការ​អនុវត្ដន៍​ច្បាប់​លើ​ជនល្មើស​ឲ្យ​តឹង​រឹង​។​

​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៧​ អាជ្ញាធរ​ខេត្ដរតនគិរី​ បាន​រក​ឃើញ​សាកសព​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់​ ស្លាប់​ក្នុង​ចំការ​ដំឡូង​ ស្ថិត​ក្នុងភូមិ​ចាង​រ៉ា​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្ដរតនគិរី​។​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ កេល​ លាភ​អាយុ​ ១៨​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ​ សម្ដេចម៉ែ​ ខេត្ដរតនគិរី​។​ ក្រោយ​រក​ឃើញ​សាកសព​សមត្ថកិច្ច​បាន​អះអាង​ថា​ នារី​រង​គ្រោះ​ត្រូវ​បាន​ចាប់រំលោភ​ហើយ​សម្លាប់​។​ តែ​យ៉ាងណា​ នេះ​មិនមែន​ជា​ករណី​ដំបូង​ទេ​ ដែល​មាន​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ស្ដ្រី​ ហើយ​សម្លាប់​បំបិទមាត់​ដូចនេះ​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដរតនគិរី​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៧​។​

​លោក​ ឌិន​ ខ​ន្នី​ មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ គឺ​នៅ​ខែ​ខ្លះ​មាន​ពីរ​ករណី​បាន​កើតឡើង​ ទៅ​លើ​ស្ដ្រី​វ័យ​ជំទង់​ក្នុង​ខេត្ដរតនគិរី​ ដោយ​ត្រូវ​បាន​ចាប់រំលោភ​ ហើយ​ករណី​ខ្លះ​បាន​ឈាន​ដល់​ការ​សម្លាប់​បំបិទមាត់​ថែម​ទៀត​។​ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ករណី​លោភ​លើ​ស្ដ្រី​ ជា​ញឹកញាប់​បែប​នេះ​លោក​ ឌិន​ ខ​ន្នី​ មើលឃើញ​ថា​ អាច​បណ្ដាល​មក​ពី​ការ​អនុវត្ដន៍​ច្បាប់​លើ​ជន​ប្រព្រឹត្ដ​ហាក់​នៅ​មាន​ភាព​ធូររលុង​ ដែល​មិន​បាន​ផ្ដល់​ជា​មេរៀន​គំរាម​ដល់​ជន​មានគំនិត​ មិនល្អ​ដទៃ​ទៀត​ ឲ្យ​ខ្លាចរអា​។​ លោក​ ឌិន​ ខ​ន្នី​ ៖«​ដូច​ខ្ញុំ​និយាយ​ខាង​ដើម​អ​ញ្ចឹ​ង​ គឺ​ទាក់​ទាង​និង​ការ​អនុវត្ដ​ច្បាប់​ហ្នឹង​ គឺជា​ផ្នែក​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា​ ជួនកាល​វា​អាច​ធូររលុង​ដែល​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ដ​អត់​ទទួល​នូវ​ទោស​ដែល​ធ្វើ​ជា​គំរូ​ដល់​សង្គម​»​។​

​ជាមួយ​គ្នា​នេះ​មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិ​ទិ្ធ​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដរតនគិរី​ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ស្ដ្រី​ក្នុង​ខេត្ដ​នេះ​ ដោយ​បញ្ជាក់​ថា​ បើសិនជា​អំពើ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​នៅ​តែ​កើត​មាន​ វា​នឹង​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ស្ដ្រី​ ដែល​មាន​ជា​អាទិ៍​ ពួក​គេ​នឹង​រស់នៅ​ទាំង​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ចេញពីផ្ទះ​ដើម្បី​ប្រកបការងារ​ប្រចាំ​ថ្ងៃ​ ហើយ​ពួក​គេ​នឹង​ក្លាយជា​បន្ទុក​របស់​រដ្ឋាភិបាល​។​ លើស​ពី​នេះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វប្បធម៌​ និង​ទំនៀមទម្លាប់​ល្អ​ របស់​ខ្មែរ​ដែល​ធ្លាប់​មាន​ពី​មុន​មក​។​

​លោក​ ឌិន​ ខ​ន្នី​ យល់​ថា​ ដើម្បី​ដោះស្រាយ​ កុំ​ឲ្យ​មាន​បញ្ហា​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​បន្ដ​ទៀត​ អាជ្ញាធរ​មូលដ្ឋាន​គួរតែ​រឹត​បន្ដឹង​ការ​អនុវត្ដន៍​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​ ចុះ​អប់រំ​ដល់​ស្ដ្រី​ក្នុង​សហគមន៍​ឲ្យ​បាន​ញឹកញាប់​ស្ដី​ពី​ការ​ ការពារ​ខ្លួន​ ពី​ការ​ប៉ុនប៉ង​ចាប់រំលោភ​ពី​ជនល្មើស​។​ លោក​ ឌិន​ ខ​ន្នី​៖«​អាជ្ញាធរ​ខេត្ដ​គាត់​ គួរតែ​មានកម្ម​វិធី​អប់រំ​ដល់​ស្ដ្រី​ដែល​ងាយ​រង​គ្រោះ​ ស្ដ្រី​ទន់ខ្សោយ​ហ្នឹង​ឲ្យ​គាត់​មានការ​យល់​ដឹង​អំពី​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​ទាក់ទិន​នឹង​ការ​ចាប់រំលោភ​ គាត់​អាច​ចុះ​អប់រំ​តាម​សហគមន៍​ទៅ​ អាហ្នឹង​ខ្ញុំ​គិត​ថា​ នឹង​ធ្វើ​ឲ្យ​អាច​កាត់​បន្ថយ​បទល្មើស​រំលោភ​ផ្សេងៗ​»​។​

​ទាក់ទិន​បញ្ហា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​ លោក​ ងួ​ន​ តឿន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ពិតជា​មាន​ករណី​រំលោភ​សម្លាប់​ស្ដ្រី​កើតឡើង​មែន​ ក៏​ប៉ុន្ដែ​លោក​ថា​ គឺ​មិន​ច្រើន​នោះ​ទេ​។​ លោក​បន្ដ​ថា​ អាជ្ញាធរ​បាន​ចាត់វិធានការ​ជា​ច្រើន​ជុំវិញ​ការ​ចុះ​មូលដ្ឋាន​ដើម្បី​អប់រំ​ ផ្សព្វផ្សាយ​ ឲ្យ​ស្ដ្រី​យល់​ដឹង​ពី​ការ​ ការពារ​ខ្លួន​។​ លោក​ ងួ​ន​ តឿន​ ៖«​យើង​កន្លង​មក​ធ្លាប់​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ខ្ញុំ​គិត​ថា​ វា​គ្រប់គ្រាន់​ហើយ​»​។​

​ជុំវិញ​ករណី​ចាប់រំលោភ​សម្លាប់​ ស្ដ្រី​ជនជាតិ​ដើម​ភាគតិច​ ទំពួន​ ខាងលើ​ លោកស្នងការ​ ងួ​ន​ តឿន​ បាន​បញ្ជាក់​ថា​
​គិត​មក​ដល់​ថ្ងៃ​ទី​៣១​ ខែតុលា​ នេះ​ សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ជនល្មើស​បាន​ទេ​ ក៏​ប៉ុន្ដែ​លោក​បាន​អះអាង​ថា​ សមត្ថកិច្ច​មាន​ តម្រុយ​ និង​មុខសញ្ញា​ហើយ​ នៅ​រង់​ចាំតែ​ការ​ប្រមូល​ភស្ដុ​តាង​បន្ថែម​ប៉ុណ្ណោះ​ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ ផ្នែក​សិទ្ធិ​មនុស្ស​មើលឃើញ​ថា​ ហិង្សា​លើ​ស្ដ្រី​មិន​បាន​ថមថយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​បាន​កើត​ឡើងជា​ញឹកញាប់​ ហើយ​មាន​រូបភាព​កាន់តែ​សាហាវ​ថែម​ទៀត​។​ មិនតែប៉ុណ្ណោះ​ប្រ័​ពន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ជា​អាទិ៍​ ទូរទស្សន៍​ជាដើម​ តែងតែ​បង្ហាញ​នូវ​សកម្មភាព​ហិង្សា​លើ​ស្ដ្រី​តាម​រយៈ​កម្មវិធី​របស់​ពួក​គេ​។​

​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​អាស៊ី​ដែល​ដាក់​បង្ហាញ​ កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ដែល​អាច​មិន​ថយ​ចុះ​បាន​ ពីព្រោះ​តែ​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយ៍ទូរទស្សន៍​ល្បីៗ​ នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​ គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ បន្ថែម​ពី​នេះ​អង្គការ​នេះ​បាន​រក​ឃើញ​ទៀត​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារ​ ភាគច្រើន​ទាំង​អ្នក​រង​គ្រោះ​និង​អ្នក​ប្រព្រឹត្ដ​ គឺ​ពួក​គេ​មានការ​ចេះ​ដឹង​តិចតួច​ ហើយ​ជាង​នេះ​ពួក​គេ​ជា​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី​ ២៦​ដល់​ ៤៩​ឆ្នាំ​ ហើយ​ជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​៕

Share

ព័ត៌មានទាក់ទង

Image