Philippine ៖ លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្កូឌូទ័រតេ បានប្រាប់អ្នកសារពត៌មានមុនពេលលោកចាកចេញទៅទីក្រុងតូក្យូ នៅថ្ងៃទី៣០ តុលានេះថា លោកស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកប្រធានាធិបតី ដូណាល់ត្រាំ ដែលនឹងមកធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន នាសប្ដាហ៍ក្រោយនេះ។
លោក ឌូទ័រតេ បានបង្ហាញក្ដីសង្ឃឹមថា លោកនឹងបានទទួលការផ្ដល់គំនិត និងស្ដាប់យោបល់មួយចំនួនរបស់លោកត្រាំ ជុំវិញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកទី៤៥ នឹងធ្វើទស្សនកិច្ចនៅតំបន់អាស៊ីចាប់ពីថ្ងៃទី៣ ដល់១៤ ខែ វិច្ឆិកា ដែលក្នុងនោះ លោកត្រូវទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ក្រៅពីនេះលោក ត្រាំ ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ចិន ជប៉ុន និងកូរ៉េខាងត្បូង។
លោក ឌូទ័រតេ បានប្រកាសថា លោកចង់ឃើញកិច្ចប្រជុំរួមគ្នាមួយនៅហ្វីលីពីន រវាងមេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងរូបលោកផងដែរ អំពីបញ្ហាកូរ៉េខាងជើង។ តែនៅពេលជាមួយគ្នានេះប្រធានាធិបតីហ្វីលីពីនរូបនេះ បានបញ្ជាក់ទៀតថាបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក៏គួរតែត្រូវបានលើកមកពិភាក្សាផងដែរ៕