en     km
en     km

សំបុក​ត្រដក់​តូច​ជាង​ ១២០​ត្រូវ​បាន​រក​ឃើញ​នៅ​ដែនជម្រកសត្វព្រៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​

Share

​ភ្នំពេញ​ ៖​ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន​ អង្គការ​សមា​គ​អភិរក្ស​សត្វព្រៃ​ WCS​ និង​ប្រជា​សហគមន៍​ នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៧​នេះ​ បាន​រក​ឃើញ​សំបុក​ពង​កូន​ របស់​ត្រដក់​តូច​ ប្រមាណ​ ១២១​សំបុក​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ និង​ដែនជម្រកសត្វព្រៃ​ឆែប​ នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ខេត្ដព្រះវិហារ​។


​តាម​ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ នៃ​ក្រសួងបរិស្ថាន​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ លោក​ រស់​ វ៉ា​ន់​ បាន​ឲ្យ​ដឹង​ថា​ គិត​ចាប់តាំងពី​ដើមខែ​តុលា​ មក​ ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​សំបុក​ត្រដក់​តូច​ចំនួន​ ១២១​សំបុក​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​ សំបុក​ត្រដក់​តូច​ ចំនួន​ ៦៥​ មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ និង​ ៥៦​សំបុក​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​។​

​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ខេត្ដព្រះវិហារ​ គឺជា​ជម្រក​ពង​កូន​ យ៉ាង​សំខាន់​ជាងគេ​បង្អស់​ទី​០២​ របស់​ត្រដក់​តូច​ បន្ទាប់​ពី​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ ខេត្ដបាត់ដំបង​ នេះ​បើ​យោង​តាម​ឲ្យ​ដឹង​ពី​លោក​ សុង​ ច័ន្ទ​សុ​ជាតិ​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដព្រះវិហារ​។​ លោក​ សុ​ជាតិ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ទីជម្រក​ពង​កូន​របស់​សត្វ​ត្រដក់​តូច​ ដើម្បី​ធានា​ដល់​ការ​រស់រាន​ នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ​ ហើយ​ជា​ពិសេស​សុំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់​ ការ​បំពុល​ ឬ​បរិភោគ​សាច់សត្វ​ព្រៃ​ ដើម្បី​ការពារ​សត្វព្រៃ​នៅ​កម្ពុជា​។​

​ក្រោយ​ការ​រក​ឃើញ​សំបុក​របស់​ត្វ​ត្រដក់​តូច​នេះ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ តាម​រយៈ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​ បាន​ជួល​ប្រជា​សហគមន៍​ចំនួន​ ១០​ក្រុម​ ដើម្បី​ឲ្យ​យាម​សំបុក​ត្រដក់​តូច​ ទាំង​អស់នោះ​ បំណង​ការពារ​ពី​ការ​លួច​ប្រមាញ់​ ការ​ប្រមូល​យក​ពង​កូន​ ឬ​ការ​រំខាន​ រហូត​ដល់​ពេល​កូន​របស់​វា​ញាស់​ និង​ហើរ​ចេញពី​សំបុក​បាន​។​

​សត្វ​ត្រដក់​តូច​ ជា​ប្រភេទ​សត្វ​ចូល​ចិត្ដ​ធ្វើ​សំបុក​ពង​កូន​ នៅ​លើ​ដើមឈើ​ខ្ពស់ៗ​ ដែល​ជា​ប្រភេទ​ព្រៃ​ល្បោះ​ ព្រៃ​ពាក់កណ្ដាល​ស្រោង​ និង​ព្រៃស្រោង​។​ ត្រដក់​តូច​ គឺជា​សត្វ​ស្លាបមាន​មាឌធំ​ មាន​កម្ពស់​រហូត​ដល់​ ១៣០​សង់ទីម៉ែត្រ​ ហើយ​ស្លាប​របស់​វា​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ប្រវែង​ជាង​ ២​ម៉ែត្រ​។​ សត្វ​ត្រដក់​តូច​ គឺជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះជា​សាកល​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​ ចំនួន​របស់​សត្វ​ត្រដក់​តូច​ នៅ​លើ​ពិភពលោក​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​ត្រឹមតែ​ជាង​ ១​ម៉ឺន​ក្បាល​តែ​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​ត្រូវ​បាន​កត់​សំគាល់ថា​ កំពុង​ថយ​ចុះ​យ៉ាង​ខ្លាំង​៕

Share

ព័ត៌មានទាក់ទង

Image