ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋមកលេងកំសាន្ដនៅថ្ងៃបុណ្យអុំទូក ចូលរួមរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អប្រសើរ តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
តាមរយៈសេចក្ដីជូនដំណឹងដែលចុះនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ ដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ស្ដង់លក់ទំនិញ និងម្ចាស់ទីតាំងប្រគុំតន្រ្ដី រួមនិងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឬថង់សម្រាប់ទុកដាក់សំរាម និងការរក្សាអនាម័យឱ្យបានល្អប្រសើរចំពោះបរិស្ថានជុំវិញខ្លួន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញផងដែរ។
ទន្ទឹមនឹងនេះ កីឡាករប្រណាំងទូកង និងប្រជាពលរដ្ឋដែលមកលេងកំសាន្ដទាំងអស់ត្រូវជួយចូលរួមថែរក្សាអនាម័យ និងវេចខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួននៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវផងដែរ៕