ភ្នំពេញ៖ តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សារាថ្មីៗនេះ ឱ្យដឹងថា អ្នកបុរាណ្យវិទ្យាខ្មែរម្នាក់បានរកឃើញលលាដ៍ក្បាលមនុស្សមានអាយុជាង ៣ពាន់ឆ្នាំ អំឡុងពេលដែលអ្នកបុរាណវិទ្យា រូបនោះ ធ្វើកំណាយស្រាវជ្រាវ ។
តាមការចុះផ្សាយនៅលើហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ទៀតថា ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។
តាមឯកសារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបង្ហាញដែរថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥ ។
សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយទាំងអស់មាន ៥៩សាកសព ហើយសាកសពទាំងនោះរក្សាបាននូវទ្រង់ទ្រាយសពភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ១) ដោយសារបាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ២)បុព្វបុរសសម័យនោះ បានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទីតាំងនេះ មានតុល្យភាពត្រជាក់ជាប់រហូតមក។
គួរបញ្ជាក់ដែរថា លលាដ៍ក្បាលមនុស្សដែលបានរកឃើញដោយអ្នកបុរាណវិទ្យាខ្មែរនេះ ត្រូវបានមន្រ្ដីជំនាញយកដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រួចហើយ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គឺជាសារមន្ទីរមួយដែលមានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណជាដើម។
លលាដ៍ក្បាលមនុស្សដែលមានអាយុកាលជាង ៣ពាន់ឆ្នាំ ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។
តាមមគ្គុទ្ទេសក៍នៅទីនោះបញ្ជាក់ថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ពិសេសទាក់ទងទៅនឹងការស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម៕