ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧នេះ គឺជាព្រះរាជ្យពិធីឡើងគ្រងរាជ្យសម្បត្តិ របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានឡើងគ្រងរាជ្យនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតាព្រះអង្គ គឺព្រះបាទ សម្ដេច សីហនុ បានដាក់រាជ្យ។ នៅក្នុងឱកាសដ៏មហានក្ខន្តឫក្ស ឧត្តុង្គឧត្តមនេះ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា សូមចូលរួមអបសាទរផងដែរ។
ព្រះរាជាភិសេក
បន្ទាប់ពីព្រះបិតា សម្ដេចព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជ្យសម្បត្តិ ជ្រើសតាំងជាឯកឆ័ន ក្នុងសំឡេង ៩ លើ ៩ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជ្យពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅ ក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”។
ព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ បានប្រព្រឹត្តក្នុងព្រះបរមរាជវាំងដោយ មានញាតិវង្សព្រះអង្គ មន្ត្រីជាន់ខ្ពស់ គ្រប់ស្ថានប័នរដ្ឋ និងអ្នកការទូតក៏ចូលរួមផងដែរ។
ជីវប្រវត្តិសង្ខេប
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣ នៅរាជធានី ភ្នំពេញ។ ទ្រង់ជាបុត្រច្បងរបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមាតាព្រះនាម នរោត្តម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្តម នរិន្ទ្រពង្ស (សោយទិវង្គត)។
ការងារ
-១៩៩៣¬២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អង្គការយូណេស្កូ ២០០៤។
-ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារាំង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ។
-ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារ ជាស្ដេចក្រុមឃុន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ ។
-ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
-ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារជាសម្ដេចព្រះបរមនាថ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។
គ្រឿងឥស្សរិយយស
-ឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍
-ឥស្សរិយយស មុនីសារាភ័ណ្ឌ
-ថ្នាក់មហាសេរីវឌ្ឍន៍ មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង
- មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
រដ្ឋធម្មនុញ្ញ
យោងតាមមាត្រា៧និង៨នៃរដ្ឋធម្មនុញ្ញ បានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បតិ្តប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះ ប្រមុខរដ្ឋអស់មួយជីវិត។ អង្គព្រះមហាក្សត្រមិនអាចនរណា រំលោភបំពានបានឡើយ។
ចំណែកមាត្រា៨ ចែងថា ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសទិ្ធសញ្ញាអន្តរជាតិ៕