en     km
en     km

អង្គការ​ខុមហ្វ្រែល​ បដិសេធ​ព័ត៌មាន​ដែល​ថា​ ខ្លួន​មាន​ចេតនា​ចូលរួម​បង្កើត​បដិវត្ដន៍​ពណ៌​ជាមួយ​បក្សនយោបាយ​

Share

​ភ្នំពេញ​ ៖​ អង្គការ​ខុមហ្វ្រែល​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​​រហ័ស​ នៃ​ទីស្ដីការ​ណ​គៈ​រដ្ឋមន្ដ្រី​ដោយ​បដិសេធ​ការ​យក​ខ្លួន​ ទៅ​ចង​ភ្ជាប់​ជាមួយ​គណបក្ស​នយោបាយ​ ដែល​មាន​បំណង​បង្កើត​បដិវត្ដន៍​ពណ៌​នៅ​កម្ពុជា​។​ ករណី​នេះ​ទីស្ដីការ​ណ​គៈ​រដ្ឋមន្ដ្រី​អះអាង​ថា​ ត្រឹមតែ​ជា​ការ​ប្រៀបធៀប​មិនមែន​ជា​ការ​ចោទប្រកាន់​ ឬ​ក៏​ចង​ភ្ជាប់​អ្វី​នោះ​ទេ​។​

​អង្គការ​ខុមហ្វ្រែល​ ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ ធ្វើការ​ងារ​លើក​កិច្ចការ​បោះ​ឆ្នោត​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៧​ ដោយ​សុំ​ឲ្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បញ្ឈប់​ការ​យក​ ស្ថាប័ន​របស់​ខ្លួន​ទៅ​ចង់​ភ្ជាប់​ជាមួយ​គណបក្ស​នយោបាយ​ និង​ចេតនា​ធ្វើ​បដិវត្ដន៍​ពណ៌​នៅ​កម្ពុជា​បន្ដ​ទៀត​។

សេចក្ដីថ្លែងការណ៍​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ខ្សែ​វី​ដេ​អូ​ មួយ​មាន​រយៈពេល​ប្រមាណ​ជាង​ ៤៦​នាទី​ ដាក់​ចំណងជើង​ថា​ «​តើ​កម្ពុជា​ពិតជា​មាន​បដិវត្ដន៍​ពណ៌​ តាម​គំរូ​បដិវត្ដន៍​ពណ៌​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​មែន​រី​ទេ​?»​ ដែល​បង្ហោះ​ដោយ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​​រហ័ស​ នៃ​ទីស្ដីការគ​​ណៈ​រដ្ឋមន្ដ្រី​ កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៧​ បាន​រៀបរាប់​ជា​ហូរហែ​ពី​ដំណើរ​នៃ​បដិវត្ដន៍​ពណ៌​នៅ​ជុំវិញ​ពិភពលោក​ អ្នក​ឧ​ត្ថ​ម​ និង​អ្នក​អនុវត្ដន៍​។​ វិ​ដេ​អូន​នេះ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​គឺជា​មេ​ក្លោ​ង​ដែល​រៀបចំ​បង្កើត​បដិវត្ដន៍​ពណ៌​នៅ​លើ​ពិភពលោក​ ហើយ​ក៏​កំពុង​នាំ​បដិវត្ដន៍​ពណ៌​នេះ​មក​កម្ពុជា​ផង​ដែរ​។​

យោង​តាម​ការ​អត្ថាធិប្បាយ​បាន​និយាយ​សំដៅ​ដល់​ អង្គការ​អន្ដរជាតិ​មាន​ដូច​ជា​ អង្គការ​ NDI,​ អង្គការ​ NED,​ អង្គការ​IRI,​ អង្គការ​ Canvas​ ,​អង្គការ​ Freedom​ House,​ និង​អង្គការ​ USAID​ គឺជា​អ្នក​ផ្ដល់​ជំនួយ​ដល់​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​បដិវត្ដន៍​ពណ៌​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ជ​កម្ពុជា​។​

​វិ​ដេ​អូ​នេះ​ បាន​និយាយ​យ៉ាង​ច្បាស់​ដោយ​សង្កត់ធ្ងន់​ថា​ អង្គការ​ខុមហ្វ្រែល​គឺជា​សម្ព័ន្ធមិត្ដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​ជំនួយ​ពី​អង្គការ​អន្ដរជាតិ​ទាំងនោះ​។​ លើស​ពី​នេះ​វិ​ដេ​អូ​នេះ​ បាន​និយាយ​ថា​ អង្គការ​ខុមហ្វ្រែល​ បាន​បំផុស​ព័ត៌មាន​មិន​ពិត​ ស្ដី​ពី​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ជ្រលក់​ដៃ​ អាច​លុប​ជ្រះ​ បំណង​ធ្វើ​ឲ្យ​មានការ​ភ័ន្ដ​ច្រឡំ​ មតិ​ជាតិ​ និង​អន្ដរជាតិ​ ហើយ​បង្ក​ជា​ភាព​ចលាចល​យ៉ាង​ខ្លាំង​ ឈាន​ដល់​ផ្ទុះ​បាតុកម្ម​ក្រោយ​ពេល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ត្រូវ​បាន​ប្រកាស​។​

​ព្រោះតែ​ការ​អត្ថាធិប្បាយ​នេះ​ ទើប​អង្គការ​ ខុមហ្វ្រែល​ ដែល​បាន​ធ្វើការ​ងារ​លើ​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ តាំងពី​ឆ្នាំ​ ១៩៩៣​ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​១៩៩៨​ បង្ហាញ​ការ​សោកស្ដាយ​ និង​ស្នើ​សុំ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បញ្ឈប់​សកម្មភាព​យក​ យក​ខ្លួន​ទៅ​ចង​ភ្ជាប់​ ការ​មាន​ចេតនា​ធ្វើ​បដិវត្ដន៍​ពណ៌​នៅ​កម្ពុជា​ និង​គណបក្ស​នយោបាយ​បន្ដ​ទៀត​។​

​តាម​លោក​ កន​ សាវា​ង្ស​ មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ នេះ​ថា​ អង្គការ​ខុមហ្វ្រែល​ មានការ​សោកស្ដាយ​ និង​អាក់អន់ចិត្ដ​ ការ​ដែល​អង្គភាព​ព័​ត៌​ និង​ប្រតិកម្ម​រហ័ស​ បាន​យក​ខ្លួន​ទៅ​ចង​ភ្ជាប់​និង​គណបក្ស​នយោបាយ​ ហើយ​ថា​ មាន​ចំណង​បង្កើត​បដិវត្ដន៍​ពណ៌​នៅ​កម្ពុជា​។​ លោក​បន្ដ​ថា​ អង្គការ​ ខុមហ្វ្រែល​ បាន​ធ្វើ​ការងារ​ដោយ​ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​អង្គការ​សង្គម​ស៊ី​វិល​ ដោយ​មាន​ជំហរ​ រឹង​មាំ​ ឯករាជ្យ​ក្នុង​ការ​ចូលរួម​សង្កេតការណ៍​ ធ្វើ​របាយការណ៍​ និង​វាយតម្លៃ​ដើម្បី​រក​ចំណុច​វិជ្ជមាន​ ឬ​អវិជ្ជមាន​ ដើម្បី​ផ្ដល់​អនុសាសន៍​នានា​ បំណង​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្ដ​ទៅ​សេរី​ និង​យុត្ដិធម៌​ តែ​ប៉ុណ្ណោះ​ ហើយ​ក៏​គ្មាន​និន្នាការ​ជាប់​ពាក់ព័ន្ធ​ទៅ​កាន់​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ​។​ លោក​ កន​ សាវា​ង្ស​ បាន​បញ្ជាក់​ថា​ ៖«យើង​ចង់​បង្ហាញ​ បំភ្លឺ​ទៅ​កាន់​សាធារណ​ជនជាតិ​ អន្ដរជាតិ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ថា​ យើង​ជា​អង្គការ​សង្គម​ស៊ី​វិល​ មិន​មាន​និន្នាការ​នយោបាយ​ជាមួយ​និង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ យើង​ធ្វើការ​ស្រប​ទៅ​តាម​បែប​វិជ្ជាជីវៈ​នៃ​ការ​សង្កេតការណ៍​បោះ​ឆ្នោត​របស់​អង្គការ​ប៉ុណ្ណឹង​ទេ​»​។​

​អង្គការ​ខុមហ្វ្រែល​ បាន​ស្នើ​សុំ​ទៅ​កាន់​អង្គភាព​មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​ បញ្ឈប់​ការ​ផ្សារ​ភ្ជាប់​សកម្មភាព​ស្របច្បាប់​នៅ​ក្នុង​ការ​សង្កេតការណ៍​បោះ​ឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល​ថា​ ជា​សកម្មភាព​បដិវត្ដន៍​ពណ៌​តទៅ​ទៀត​។​

​ឆ្លើយ​តប​នឹង​សេចក្ដីថ្លែងការណ៍​របស់​ខុមហ្វ្រែល​នេះ​ដែរ​ អ្នកនាំពាក្យ​ទី​ស្ដី​ការគណៈរដ្ឋមន្ដ្រី​បញ្ជាក់​ថា​ ខ្សែ​វី​ដេ​អូ​នោះ​ គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​ចំណុច​នៃ​ភាព​ស្រ​ដៀង​គ្នា​ចលនា​បដិវត្ដន៍​ពណ៌​តែ​ប៉ុណ្ណោះ​ ដែល​មិនមែន​ចោទប្រកាន់​លើ​អង្គការ​ខុមហ្វ្រែល​នោះ​ទេ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ អង្គភាព​ព័ត៌មាន​បាន​រៀបចំ​ខ្សែ​វី​ដេ​អូ​នោះ​ ព្រោះតែ​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​តែង​ឈ្លៀត​បង្ក​ឲ្យ​មាន​ចលាចល​ ស្រប​ពេល​ដែល​អង្គការ​ខុមហ្វ្រែល​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ ដែល​ចំណុច​នេះ​គឺ​នាំ​ឲ្យ​មាន​មន្ទិល​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​។​ តែ​យ៉ាងណា​អ្នកនាំពាក្យ​ទីស្ដីការ​បាន​អះអាង​លោក​មិន​បាន​ចោទប្រកាន់​លើ​អង្គការ​ខុមហ្វ្រែល​នោះ​ទេ​ គ្រាន់តែ​លោក​មើលឃើញ​ថា​ សកម្មភាព​របស់​អង្គការ​ខុមហ្វ្រែល​ គឺ​ហាក់​ដើរ​ជាន់​ពីលើ​ដាន​នៃ​សកម្មភាព​បដិវត្ដន៍​ពណ៌​លើ​ពិភពលោក​។​ លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​ខ្ញុំ​ផ្ទាល់ខ្លួន​មិន​ចោទ​ថា​ ខុមហ្វ្រែល​ ដែល​ចូលរួម​នៅ​ក្នុង​បដិវត្ដន៍​ហ្នឹង​ គឺ​ខ្ញុំ​អត់​ចោទ​ទេ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មើល​វិញ​ គឺថា​ អ្វី​ដែល​ខុមហ្វ្រែល​ធ្វើ​ហ្នឹង​គឺ​ហាក់បី​ជា​ធ្លាក់​ក្នុង​ដាន​នៃ​ក្រុម​ដែល​រៀបចំ​ឲ្យ​មាន​សកម្មភាព​ញុះញង់​បង្កើត​ឲ្យ​កើត​ហិង្សា​ ឬ​អហិង្សា​ នៅ​ក្នុង​គន្លង​បដិវត្ដន៍​នេះឯង​»​។​

​តែ​យ៉ាងណា​លោក​ ផៃ​ ស៊ី​ផា​ន​ គិត​ថា​ ក្រៅពី​សេចក្ដីថ្លែងការណ៍​ អង្គការ​ខុមហ្វ្រែល​អាច​សរសេរ​លិខិត​បដិសេធ​ទៅ​កាន់​រាជរដ្ឋាភិបាល​ ឬ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដើម្បី​បង្ហាញ​ពី​អំណះអំណាង​របស់​ខ្លួន​ជុំវិញ​ការ​ប្រៀបធៀប​សកម្មភាព​របស់​ខុមហ្វ្រែល​ និង​សកម្មភាព​បដិវត្ដន៍​លើ​ពិភពលោក​៕

Share

ព័ត៌មានទាក់ទង

Image