en     km
en     km

បទវិភាគ៖ តើប្រាក់យ័នចិននៅកម្ពុជាអាច​ប្រជែងនឹងដុល្លារអាមេរិកបានទេ?

Share

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មន្រ្តីផ្នែកធនាគារជាតិកម្ពុជានិងចិន បានបើកកិច្ចប្រជុំមួយស្តីពី«ខ្សែក្រវ៉ាត់មួយផ្លួវមួយ លើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន និងប្រាក់រៀលក្នុងពាណិជ្ជកម្ម និង ការវិនិ យោគទ្វេភាគីកម្ពុជាចិន»។ មន្ត្រីនៃប្រទេសទាំងពីរមានចក្ខុវិស័យថា ការទូទាត់ប្រាក់យ័ននិងរៀលក្នុងទំហំពាណិជ្ជកម្មនឹងអាចរីកធំធាត់ឡើង ដែលបង្កភាពងាយស្រួលក្នុងប្រតិបត្តិការទូទាត់ថ្លៃទំនិញ។

យ៉ាងណាអ្នកវិភាគយល់ថា ចិនកំពុងព្យាយាមពង្រីកយុទ្ធសាស្រ្តគោលនយោបាយ ប្រាក់យ័នតូបនីយកម្មនៅកម្ពុជាប្រជែងនឹងដុល្លារអាមេរិកនាថ្ងៃអនាគត។  តែឧបសគ្គធំពីរ គឺកត្តាពេលវេលា និងដុល្លារអាមេរិក នៅតែជារបាំងរារាំងការចរាចរប្រាក់យ័ ក្នុងប្រតិបត្តិទូទាត់ប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។

តទៅនេះសូមស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

 

                                                                       ប្រាក់ដុល្លារអាមេរិក និងយ័នចិន។

«ប្រាក់យ័ន»ជារូបិយបណ្ណរបស់ប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ «ប្រាប់យ័ន»ចិនត្រូវបានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ដាក់បញ្ចូលក្នុងកញ្ចប់រូបិយបណ្ណមានឈ្មោះថា «សិទ្ធិដកប្រាក់ពិសេស»ឬ(SDR) កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ហើយបានចូលជាធរមាននៅថ្ងៃទី១ ខែតុលាឆ្នាំ២០១៦។

សមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីដាក់បញ្ចូលប្រាក់យ័នក្នុងកញ្ចប់(SDR) ​​បានធ្វើឱ្យរូបិយបណ្ណចិនអាចប្រើប្រាស់បានដោយសេរីលើឆាកហិរញ្ញវត្ថុអន្តរជាតិលំដាប់ទី៥ បន្ទាប់ពីរូបិយបណ្ណ«ដុល្លារ»របស់អាមេរិក រូបិយបណ្ណ«អឺរ៉ូ»របស់អឺរ៉ុប ប្រាក់«ផោន»របស់អង់គ្លេស និងប្រាក់«យ៉េន»របស់ជប៉ុន។

បច្ចុប្បន្ន«ប្រាក់យ័ន»ចិនត្រូវបានចរាចរដោះដូរជាមួយរូបិយបណ្ណក្នុងប្រទេសច្រើនជាង ៣០ លើពិភពលោក ដែលធនាគារចិនបានចុះកិច្ចព្រមព្រៀង។ នេះគឺជាជោគជ័យមួយក្នុងការដាក់បញ្ចូលប្រាក់យ័នក្នុងកញ្ចប់(SDR)ឆ្ពោះទៅរកមាគ៌ាសាកលភាវូប នីយកម្មប្រាក់យ័ន។

និយាយដាច់ដោយឡែករវាងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន វិញ ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​កណ្តាល​រដ្ឋ​ចិន​ប្រចាំ​ខេត្ត​គ័ងស៊ី កាលពីខែកញ្ញា​​ថ្មីៗ​នេះ​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ទិន្នន័យ​អត្រា​ប្តូរ​ប្រាក់រៀល-​យ័ន ប្រចាំ​ខេត្ត​គ័ង​ស៊ី ​ប្រទេស​ចិន។

​ដំណើរ​ការ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប្រាក់​រៀល​ខ្មែរ​អាច​ធ្វើ​ការ​ប្តូរ​ប្រាក់​យ័ន​ចិនបាន​ដោយ​ផ្ទាល់ ​នៅ​ខេត្ត​របស់​ចិន​មួយ​នេះ​។ បន្ថែមលើភាពជឿនលឿននេះ គឺកាលពីថ្ងៃទី២៤ តុលា ក្នុងសប្តាហ៍នេះ នាកិច្ចប្រជុំមួយស្តីពី«ខ្សែក្រវ៉ាត់មួយផ្លួវមួយ លើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន និងប្រាក់រៀលក្នុងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ចិន»មន្រ្តីធនាគារជាតិកម្ពុជា-ចិន បានបង្ហាញពីទស្សនវិស័យវែងឆ្ងាយប្រកបដោយអត្ថប្រយោជន៍ ដែលប្រទេសទាំងពីរបានប្រតិបត្តិទូទាត់ដោះដូរទំនិញជាប្រាក់«រៀល»និង«យ័ន»។ នេះគឺជាផ្នែកមួយនៃគោលយោបាយចិន ដែល​ចង់​ពង្រីក​ការចរាចរប្រាក់«យ័ន»​​លើទីផ្សារពិភព លោក ក៏ដូចជាកម្ពុជាផងដែរ តាមរយៈការកាត់​បន្ថយការ​ពឹង​ផ្អែក​ទាំងស្រុង​លើ​ដុល្លារ​អាមេរិក។

តើកម្ពុជាទាញបានផលប្រយោជន៍អ្វីខ្លះពីការ​ប្រើ​ប្រាស់​ប្រាក់​យ័ន​ចិន ក្នុង​ប្រតិបត្តិ​ទូទា​ត់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​?

តើមានឧបសគ្គអ្វីខ្លះ ធ្វើឱ្យប្រាក់យ័នចិនមិនអាចចរាចរបានទូលាយដូចដុល្លារអាមេរិក ក្នុងប្រតិបត្តិការទូទាត់ប្រចាំថ្ងៃរបស់ពលរដ្ឋ?

ផលប្រយោជន៍នៃការទូទាត់ប្រាក់យ័នចិននៅកម្ពុជា

                                                               ភ្នាក់ងារធនាគារកំពុងរៀបចំប្រាក់យ័នចិន។

មន្រ្តីនៃធនាគារជាតិកម្ពុជា ឱ្យដឹងថា ការប្រើប្រាស់ប្រាក់យ័នចិនក្នុងការទូទាត់ទំនិញនិងសេវានៅឆ្នាំ២០១៦ មានចំនួន២,៥ពាន់លាន់យ័ន ស្មើប្រមាណ ៣៧៧លានដុល្លារ ឬស្មើនឹង ៧ ភាគរយនៃការទូទាត់ក្នុងទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន។​

លោក តេង ដឺលុច​ សាស្ត្រាចារ្យវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកឡើងថា ការទូទាត់ជាប្រាក់យ័នក្នុងការដោះដូរទំនិញ និងសេវា នឹងជួយកាត់បន្ថយហានិភ័យពីការខាតបង់អត្រាប្តូរប្រាក់ ដោយពាណិជ្ជករខ្មែរមិនចាំបាច់ប្តូរប្រាក់រៀលទៅប្រាក់ដុល្លារ រួចបង្វែរប្រាក់ដុល្លារទៅប្រាក់យ័ននោះទេ។ ចំណែកពាណិជ្ជករចិនវិញ ក៏មិនចាំបាច់បង្វែរប្រាក់យ័នប្តូរជាដុល្លារដើម្បីទិញទំនិញពីកម្ពុជានោះដែរ ហើយប្រការនេះជាផលចំណេញមួយកាត់បន្ថយហានិភ័យពាណិជ្ជកម្មអន្តរជាតិ។

និន្នាការទូទាត់ប្រាក់«រៀលនិងយ័ន»នៅកម្ពុជាកាន់តែច្រើន ក៏ធ្វើឱ្យតម្រូវការប្រើប្រាស់ប្រាក់រៀលខ្មែរមានការកើនឡើង ហើយចរន្តនេះបានជំរុញឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការបោះពុម្ភប្រាក់រៀលច្រើន ដែលជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ការប្រតិបត្តិការទូទាត់ប្រាក់យ័នចិន ក៏អាចជួយសម្រួលដល់អ្នកវិនិយោគិនចិន និងភ្ញៀវទេសចរផងដែរ ឱ្យមកវិនិយោគនិងធ្វើទេសចរណ៍នៅកម្ពុជា។

ចិនជាដៃគូពាណិជ្ជកម្មឈានមុខរបស់កម្ពុជាចាប់ពីឆ្នាំ១៩៩៨មក។ កាលពីឆ្នាំ២០១៦ តម្លៃនាំចេញចូលទំនិញពីចិនមកកម្ពុជាមានចំនួន៤,៥៥ពាន់លានដុល្លារ កើនឡើង១៥%បើធៀបនឹងឆ្នាំ២០១៥។ ចំណែកការនាំចេញពីកម្ពុជាទៅចិនវិញមានចំនួន៦០៩លានដុល្លារ។ ដោយឡែកឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកលេងកម្ពុជាមាន៨៣ម៉ឺននាក់កើនឡើង១៩,៥ភាគរយឈានមុខគេក្នុងចំណោមភ្ញៀវទេសជុំវិញពិភពលោក។  

បើទោះបីកម្ពុជា-ចិនមានទំនាក់ទងល្អជាលក្ខណប្រពៃណី ជាប្រវត្តិសាស្រ្ត ហើយអ្នកវិនិយោគ និងអ្នកទេសចរចិនឈានមុខគ្នានៅកម្ពុជាយ៉ាងណាក្តី តែការចរាចរប្រាក់យ័នក្នុងប្រតិបត្តិការដោះដូរទំ​និញ ឬទិញលក់ប្រចាំថ្ងៃរបស់ពលរដ្ឋគឺមានភាពចង្អៀតខ្លាំងណាស់ ពោលគឺមិនទូលាយដូចដុល្លារអាមេរិកនោះទេ។

គេសង្កេតឃើញថា ការទូទាត់ប្រាក់យ័នក្នុងប្រទេសកម្ពុជាក្នុងស្រទាប់ពលរដ្ឋគឺច្រើនតែមាននៅតាមតំបន់ទេសចរ ឬតាមអាកាសយានដ្ឋានតែប៉ុណ្ណោះ។ ចំណែកប្រតិបត្តិការប្តូរក្នុងវិស័យធនាគារវិញ ពលរដ្ឋខ្មែរច្រើនតែប្តូរប្រាក់យ័នមកចាយវាយ ពេលមានតម្រូវការទៅប្រទេសចិនតែប៉ុណ្ណោះ។

វាមិនពិបាកយល់ពេកទេ ដែលប្រាក់យ័នចិនមានភាពចង្អៀតក្នុងការចរាចរក្នុងទីផ្សារប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។ នោះគឺដោយសារឧបសគ្គធំ២ គឺពេលវេលា និងដុល្លារអាមេរិក។

កត្តាដុល្លារអាមេរិក

ដូចបានដឹងច្បាស់លាស់ណាស់ថា ពលរដ្ឋខ្មែរបានចាយវាយប្រាក់ដុល្លារអាមេរិកក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពដោះដូរទំនិញយ៉ាងជិតស្និត។ ពលរដ្ឋខ្មែរចាត់ទុកដុល្លារសឹងតែជាប្រាក់ជាតិខ្លួនទៅហើយ។ ពលរដ្ឋខ្មែរភាគច្រើនបានរក្សា និងសន្សំទុកប្រាក់ដុល្លារអាមេរិក បើទោះបីសន្សំនៅផ្ទះ ឬនៅធនាគារក៏ដោយ។

តាមហាងលក់ទំនិញ ស្តារម៉ាត ភោជនីយដ្ឋាន រមនីយដ្ឋាន សណ្ឋាគារ និងផ្សារជាច្រើនតាមតំបន់ទេស ចរ បានកំណត់តំលៃទំនិញជាប្រាក់ដុល្លារអាមេរិកដើម្បីភាពងាយស្រួល។

ពលរដ្ឋខ្មែរបានផ្តល់ទំនប់ចិត្តលើប្រាក់ដុល្លារអាមេរិក ជាងពីរទសវត្សរ៍មកហើយ គឺចាប់តាំងពីសម័យអ៊ុនតាក់ចូលស្រុកមកម្ល៉េះ។ ពលរដ្ឋមានទស្សនថា ការរក្សាទុកដុល្លារគឺអាចបញ្ចៀសហានីភ័យបាន បើទោះបីកម្ពុជាមានវិបត្តិសង្គ្រាមកើតឡើង។ ពលរដ្ឋកម្ពុជាអាចស្ពាយដុល្លារទៅចាយវាយនៅបរទេសបានប្រសិនបើកម្ពុជាមានសង្គ្រាមមែននោះ។

ពលរដ្ឋខ្មែរហាក់នៅមានភាពបាក់ស្បាតនៅឡើយចំពោះរូបយវត្ថុខ្លួនឯង ព្រោះមេដឹកនាំក្នុងរបបនិមួយៗ មិនបានទទួលស្គាល់រូបិយវត្ថុរបស់ចាស់នោះទេពេលឡើងកាន់អំណាច​។ រឹតតែធ្ងន់ធ្ងរជាងនេះទៀត របប ប៉ុល ពត បានកាត់ផ្តាច់ការចាយវាយរូបិយបណ្ណតែម្តង នេះជាហេតុធ្វើឱ្យអ្នកមានប្រាក់ពីរបបចាស់ក្លាយជាអ្នកក្រមួយរំពេច។

នេះជាមូលហេតុមួយចំនួនដែលធ្វើឱ្យដុល្លារមានប្រជាប្រិយភាពក្នុងចិត្តពលរដ្ឋជាប្រចាំ។

កត្តាពេលវេលា

បើនិយាយពីកត្តាពេលវេលាវិញ ប្រាក់យ័នចិនគឺពិបាកវាយលុកយកការចរាចរដោយសេរីដូចដុល្លារអាមេរិកនៅលើទីផ្សារកម្ពុជាខ្លាំងណាស់។ ចំពោះពេលវេលាណាមួយ ដែលអាចធ្វើឱ្យអំណាចប្រាក់យ័នមានសិទ្ធិចរាចរទំលំទូលាយដូចប្រាក់រៀល និងដុល្លារអាមេរិកនោះ គឺពិបាកធ្វើការព្យាករណ៍ខ្លាំងណាស់។

តែប្រសិនបើចិនចង់ពង្រីកការចរាចរប្រាក់យ័ននៅប្រទេសកម្ពុជា គឺមិនមែនជារឿងលំបាកពេកទេ ព្រោះបើតាមកត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ និងសេដ្ឋកិច្ច ចិនគឺមានភាពអំណាយទានមែនតែនចំពោះការធ្វើសមាហរកម្មប្រាក់«យ័នតូបនីយកម្ម»នេះ។ ចិនត្រូវពង្រីកទំហំពាណិជ្ជកម្មដោះដូរទ្វេភាគីឱ្យបានខ្លាំងជាមួយកម្ពុជា។ ជាស្វ័យប្រវត្តិនៅពេលទំហំសេដ្ឋកិច្ចទ្វេភាគីមានទំហំធំ នោះនឹងជះឥទ្ធិពលខ្លាំងដល់ចរន្តនៃការចរាចរប្រាក់យ័ននៅកម្ពុជាជាក់ជាពុំខាន។

ជាក់ស្តែងយើងអាចពិនិត្យឃើញថា ប្រាក់បាតថៃ និងប្រាក់ដុងវៀតណាម មានចរន្តសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែរនៅតាមព្រំដែន។ ពលរដ្ឋខ្មែរតាមព្រំដែនត្រូវចាយវាយ និងដោះដូរទំនិញឆ្លងដែនជារូបយបណ្ណបរទេសជាមួយប្រទេសទាំងនោះក្នុងសង្វាក់ពាណិជ្ជកម្ម។ នេះជាកត្តាសត្យានុម័តមួយ ដែលមិនអាចប្រកែកបាន ចំពោះឥទ្ធិពលនៃចរន្តសេដ្ឋកិច្ចប្រទេសជិតខាង មកលើជីវភាពពលរដ្ឋកម្ពុជាតាមព្រំដែន។

ការបោះជំហានម្តងមួយជំហានៗនៃប្រាក់យ័នចិនចូលទីផ្សារកម្ពុជា តាមរយៈការបង្កើតឱ្យមានការទូទាត់ទំនិញទ្វេភាគីជាប្រាក់«រៀលនិងយ័ន»នេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តវែងឆ្ងាយមួយរបស់ចិនដើម្បីបំភាយការចរាចរប្រាក់យ័ននៅកម្ពុជា។​ ចិនក្នុងនាមជាមហាយក្សសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ការបញ្ជ្រាបប្រាក់យ័នលើប្រទេសតូចៗ ដូចជាកម្ពុជាជាដើមនេះ គឺជាយុទ្ធសាស្រ្តពង្រឹងគោលនយោបាយរូបិយវត្ថុចិន។ ចិននឹងបោះជំហានទៅមុខ ក្លាយជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេលើលោកនាប៉ុន្មានទសវត្សរ៍ខាងមុខ ហើយទំហំនៃការនាំចេញនាំចូលទំនិញក្នុងពិភពលោកក៏ធំផងដែរ ដូច្នេះចិនមិនចង់ពឹងផ្អែកលើដុល្លារអាមេរិកដើម្បីដោះដូរទំនិញនៅក្រៅប្រទេសនោះទេ៕

 

Share

Image
Image
Image