ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន គឺលោកអ៊ីអូ ហូរីអ៊ី (Iwoa Horii )ធ្វើឡើង ចំពេលស្ថានការណ៍នយោបាយកើនកំដៅ ខណៈប្រធានបក្សប្រឆាំងស្ថិតពន្ធនាគារធ្វើអោយ អ្នកតាមដាននយោបាយចាត់ទុកទស្សនកិច្ចនេះ មានសារសំខាន់ជាខ្លាំង។
លោក សេរីវឌ្ឍនៈ រាយការណ៍៖
នៅក្នុងជំនួប កាលពីថ្ងៃទី២៦ តុលា នៅទីស្ដីការក្រសួងការបរទេសកម្ពុជា លោករដ្ឋមន្ត្រី
បា្រក់សុខុន បានពន្យល់ អ្នកការទូតជប៉ុនរូបនេះ អំពីស្ថានការណ៍នយោបាយនៅកម្ពុជាដែល លោកបានពន្យល់អំពី ការបិទវិទ្យាស្ថានអាមេរិក NDI ករណីកាសែត Cambodia Daily និងករណីលោកកឹមសុខា។
ករណីលោកកឹមសុខា លោករដ្ឋមន្ត្រីបានពន្យល់ថា ឃុបឃិតក្បត់ជាតិ របស់ប្រធានគណបក្សប្រឆាំងនេះ ជាមួយមហាអំណាចបរទេសសំដៅធ្វើបដិវត្តព័ណផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ នេះ បើយោងតាម សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជាដែលបានចុះផ្សាយ នៅថ្ងៃទី២៦ តុលា ឆ្នាំ២០១៧ ដែលត្រូវបានមើលឃើញលើគេហទំព័រមួយស្និទ្ធនឹងរដ្ឋាភិបាល។
ឆ្លើយតាមEmail មកកាន់ វិទ្យុស្រ្តី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបាន បញ្ជាក់ទស្សនកិច្ចរបស់ លោកអ៊ីអូ ហូរីអ៊ី សំដៅពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទាំង២។ តែឆ្លៀតឱកាសនេះ គឺជាស្វែងយល់អំពី ស្ថានការណ៍នយោបាយនៅកម្ពុជាផងដែរ។
ស្ថានទូតបរទេសនេះ បន្តថា លោកអនុរដ្ឋមន្ត្រីការបរទេស រំពឹងថាការបោះឆ្នោតខាងមុខ ប្រកដោយភាពសេរីនិងត្រឹមត្រូវ ដែលសហគមន៍អន្តរជាតិអាចទទួលយកបាន។
ការពន្យល់របស់ ប្រមុខការទូតកម្ពុជា បាននាំឱ្យមានការចោទសួរថាតើទស្សនកិច្ចរបស់ អនុរដ្ឋមន្ត្រីការបទេសជប៉ុនមកកម្ពុជា មិនអាចជារឿងចៃដន្យឡើយ។
អ្នកសង្កេតការណ៍នយោបាយចាត់ទុកទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់នេះអាចធ្វើឱ្យស្ថានការណ៍ដើរថយក្រោយវិញ ។
លោកបណ្ឌិតមាសនី អ្នកស្រាវជ្រាវបញ្ហាសង្គមនិងនយោបាយ យល់ឃើញថាតាមរយៈទស្សនកិច្ចរបស់អ្នកកាទូតជាន់ខ្ពស់ ជប៉ុននេះ នាំឱ្យគិតថា ជប៉ុនជាសហគមន៍អន្តរជាតិចុងក្រោយហើយ ព្រួយបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជាពាក់នឹងយន្តការណាមួយ ករណីគណបក្ស សង្រ្គោះជាតិ។
លោកមាសនី៖
ការមកធ្វើទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់ជប៉ុនធ្វើឡើង បន្ទាប់ពី សហភាពអន្តរសភា IPUបាន ប្រាប់កម្ពុជាថាខ្លួននឹងបញ្ចូនគណៈកម្មាការស្វែងរងការពិតមួយមកកម្ពុជា ដើម្បី សិក្សាពី យន្តការដែលនាំទៅរកការរំលាយគណបក្សសង្រ្គោះជាតិ តាមរយៈបទចោទប្រធានបក្សប្រឆាំង លោកកឹមសុខា ករណីក្បត់ជាតិ។ សភា អន្តរជាតិដែលមានសមាជិក១៧៣ប្រទេសប្រកាសថាខ្លួនមិនអាចទទួលយកបានទេ បើបក្សប្រឆាំងត្រូវបានរំលាយនោះ៕