ភ្នំពេញ៖គោលការណ៍ណែនាំរបស់ឧស្សាហកម្មចិនថ្មីអាចនឹងដើរតួនាទីយ៉ាងសំខាន់ការដោះស្រាយវិវាទដីធ្លីនិងការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ទន្លេមេគង្គក្នុងនោះមានប្រទេសកម្ពុជាដែរ។មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសាទរចំពោះប្រទេសចិនចេញគោលការណែនាំថ្មីនេះថាអាចនឹងជួយការពារបរិស្ថាននិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជានិងប្រទេសទន្លេមេគង្គ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គការ Global Witness ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលានេះ ក្រោមចំណងជើងថា«ឧស្សាហកម្មចិនចាត់វិធានការដោយរឹងមាំឥតកោតក្រែង ដើម្បីលៃលកចំពោះការដណ្តើមដីធ្លីដែលដាក់ដំណើរការគោលការណែនាំថ្មីលើដំណាំកៅស៊ូ»។
គោលការណ៍ណែនាំថ្មីនេះ បានសម្រេចដាក់ដំណើរការនៅក្នុងសន្និសីទអន្តររដ្ឋាភិបាលនៅទីក្រុងហូជីមីញ ប្រទេសវៀតណាមកាលពីថ្ងៃទី២៣ តុលានេះ គឺជាការបោះជំហានទៅមុខក្នុងការទប់ស្កាត់ហានិភ័យសង្គមនិងបរិស្ថានចំពោះក្រុមហ៊ុនចំការកៅស៊ូទ្រង់ទ្រាយធំទូទាំងពិភពលោក។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញនិងនេសាទក្នុងឆ្នាំ២០១៦បង្ហាញថារដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង១,៥លានហិកតាទៅឲ្យក្រុមហ៊ុនចំនួន២២៣កំពុងប្រតិបត្តិការគម្រោងក្នុងខេត្តចំនួន១៨។
ក្នុងនោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងស្រុកចំនួន១២៦។ក្រុមហ៊ុនវៀតណាមចំនួន៤៣ និងក្រុមហ៊ុនចិន២៧។ក្រុមហ៊ុនទាំងនោះវិនិយោគលើដំណាំកៅស៊ូ ស្វាយចន្ទីរ ដំឡូងមី ម្រេច អំពៅ ជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព សាទរចំពោះប្រទេសចិនចេញគោលការណែនាំថ្មីថា នឹងជួយការពារគោរពសិទ្ធិមនុស្សនិងការពារបរិស្ថាននៅកម្ពុជា រួមទាំងទូទាំងពិភពលោក។
«អប់អរងសាទរការចេញគោលការណ៍ណែនាំ ជាគោលនយោបាយចិនដែលឲ្យក្រុមហ៊ុនវិនិយោគរបស់ចិនគិតគូរឲ្យបានត្រឹមត្រូវនិងច្បាស់លាស់អំពីសិទ្ធិមនុស្ស ពាក់ព័ន្ធការវិនិយោគរបស់គាត់។»
បើយោងតាមរបាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅថាNGO Forum ចេញផ្សាយនៅពីឆ្នាំ២០១៦បង្ហាញថាប្រជាពលរដ្ឋជាងប្រាំម៉ឺនគ្រួសាររងគ្រោះនឹងរងផលប៉ះពាល់ក្នុងវិវាទដីធ្លីលើផ្ទៃដីជាង១លាន៥ម៉ឺនហិកតា។
លោក តឹក សុវណ្ណរ៉ា នាយកប្រតិបត្តិនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅថាNGO Forumក៏បានសាទរចំពោះរដ្ឋាភិបាលចិនដាក់គោលការណ៍ណែនាំស្តីពី«ការអភិវឌ្ឍន៍កៅស៊ូធម្មជាតិ»ដែលនឹងចេញផ្សាយជាសាធារណៈនៅប្រទេសវៀតណាមនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ក្នុងនាមអង្គការក្រៅរដ្ឋាភិបាលចង់ឲ្យបកប្រែគោលការណ៍ណែនាំនេះពី ភាសាចិនមកភាសាខ្មែរនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមហ៊ុនវិនិយោគចិនទៅលើដំណាំកៅស៊ូ នៅប្រទេសកម្ពុជាដើម្បីឲ្យក្រុមហ៊ុនអាជីវកម្មចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំនេះតាមការស្ម័ក្រចិត្ត។
«គោលការណែនាំនេះមានការសរសេរល្អពិសេសភាពនៃការទទួលខុសសង្គមចំពោះសាជីវកម្ម។អ្វីដែលអង្គការសង្គមស៊ីវិលចង់ឃើញឲ្យមានការបកប្រែគោលការណ៍នេះពីភាសាចិនមកភាសាខ្មែរនិងផ្សព្វផ្សាយទៅដល់ក្រុមហ៊ុនចិនទាំងឡាយដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីឲ្យគាត់មានការយល់ដឹងហើយចូលរួមចំណែកអនុវត្តន៍តាមគោលការណ៍ស្ម័ក្រ»។
សេចក្តីជូនដំណឹងរបស់ Global Withness បង្ហាញអំពីធាតុសំខាន់នៃគោលការណ៍ណែនាំថ្មី រួមមាន ការគោរពនិងការពារសិទ្ធិសហគមន៍ក្នុងតំបន់ទាក់ទងនិងដីធ្លីនិងធនធានធម្មជាតិក្នុងនោះរួមមានសិទ្ធិរបស់ជនជាតិដើមភាគតិចចំពោះការយល់ព្រមប្រកបដោយចេរីភាពជាមុននិងទទួលបានការពន្យល់ជាមុន។
គោលការណ៍ណែនាំថ្មីនេះក៏ អនុវត្តនូវការវាយតម្លៃប៉ាន់ប្រមាណពីផលប៉ះទង្គិចបរិស្ថាននិងសង្គមយ៉ាងទូលំទូលាយគ្រប់ជ្រុងជ្រោយដើម្បី ធានាឲ្យបានថាផលប៉ះពាល់ដែលបង្កទុក្ខទោសត្រូវបានកាត់បន្ថយ។
គោលការណ៍ណែនាំថ្មីនេះបន្ថែមទៀតថាការអនុម័តយកនូវគោលនយោបាយ«ការកាប់បំផ្លាញព្រៃឈើកម្រិតសូន្យ» ដើម្បីការពារជីវចម្រុះនិងព្រៃឈើដែលនៅល្អមិនរងការប៉ះពាល់។តែផ្ទុយទៅវិញជាការផ្តួចផ្តើម បង្កើតនូវយន្តការមួយគឺធានាថាសហគមន៍ត្រូវបានសងជំងឺចិត្តដោយខាតបង់នូវការបាត់បង់ធនធាននានា៕