បើយោងតាមគេហទំព័រព័ត៌មានមួយនៅប្រទេសអង់គ្លេសឈ្មោះថា Telegraph រកឃើញថា ឪពុកម្តាយឬអាណាព្យាបាលកាន់តែច្រើន កាន់តែមានភាពអាត្មានិយម គេចយកតែរួចខ្លួន ដោយដាក់ឱ្យកូនៗរបស់ពួកគេលេងឧបករណ៍អេឡិចត្រូនិច មានដូចជាស្មាតហ្វូនជាដើម ដើម្បីមានពេលវេលាសម្រាប់ពួកគាត់ធ្វើកិច្ចការផ្សេងៗ។
តាមគេហទំព័រដដែល ក្មេងៗដែលលេងវក់វីស្មាតហ្វូនច្រើនជ្រុលគ្មានការគ្រប់គ្រងពេលវេលាពីឪពុកម្តាយ ឬអាណាព្យាបាល នឹងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងចំពោះកូនៗរបស់ពួកគេនៅពេលអនាគត។
តើអ្វីជាផលប៉ះពាល់ចំពោះក្មេងៗដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនជ្រុលនោះ?
សូមស្តាប់ការអត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ!
បច្ចុប្បន្ននេះមនុស្សស្ទើរគ្រប់រូបគ្រប់វ័យទៅហើយ ដែលបានប្រើប្រាស់គ្រឿងអេឡិចត្រូនិច ព្រោះពួកគេកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យា។ ទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកូនក្មេង ភាគច្រើនសុទ្ធតែមានទូរស័ព្ទទំនើប(smart phone)កាន់ក្នុងដៃ។
ឧបករណ៍ទាំងនេះ គេអាចនិយាយបានថា ជាអ្នកធ្វើឱ្យមានបដិវត្តន៍ក្នុងការរស់នៅរបស់មនុស្ស។ បណ្តាញបច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរពិភពលោកឱ្យក្លាយជាពិភពមួយដ៏អស្ចារ្យប្រកបដោយភាពរីកចម្រើន និងស្រស់បំព្រង ក៏ប៉ុន្តែគ្រឿងសម្ភារៈទំនើបទាំងនេះក៏បានហុចគុណវិបត្តិច្រើនដែរចំពោះអ្នកប្រើប្រាស់បើប្រើវាមិនត្រឹមត្រូវ។
ការសិក្សាស្រាវជ្រាវមួយរបស់គេហទំព័រ Telegraph នៃប្រទេសអង់គ្លេសរកឃើញថា ការគ្រប់គ្រងលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមិនច្បាស់លាស់របស់ឪពុកម្តាយទៅកាន់កូន បានធ្វើឱ្យភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារដែលធ្លាប់មាន ប្រែជាសោះអង្គើយជាមួយគ្នា។
ការជជែកពិភាក្សាប្រកបដោយភាពរស់រវើក និងអ៊ូអរ បានប្រែក្លាយជាស្ងាត់ជ្រងំ ព្រោះមនុស្សគ្រប់គ្នាលែងនៅក្នុងភពជាមួយគ្នា មានន័យថាលែងសូវមានភាពស្និតស្នាលនឹងគ្នា។ ថ្វីត្បិតតែខ្លួនមនុស្សនៅជិតគ្នា ឬជុំគ្នាក្តី តែអាម្មរណ៍ ខួរក្បាល និង បេះ ដូង បានស្ថិរនៅពិភពទីទៃពីគ្នាទៅហើយ ពោលគឺម្នាក់ស្ថិរក្នុងពិភពបច្ចេកវិទ្យាទៅហើយ។
ពិភពស្មាតហ្វូន បានដឹកនាំគូរស្មេហ៍ ប្តីប្រពន្ធ ព្រមទាំងឪពុកម្តាយនិងកូនៗ ដែលធ្លាប់តែមានការសាសង ឆ្លងឆ្លើយ ពិគ្រោះយោបល់ និងអប់រំទូន្មានគ្នាប្រកបដោយភាពផ្អែមល្ហែម ស្និតស្នាល ប្រែក្លាយជាមនុស្សដែលមិនសូវជជែកគ្នាច្រើនដូចមុន។ បុគ្គលម្នាក់ៗបានចំណាយពេលច្រើនក្នុងការបង្ហាញអាម្មរណ៍រីក រាយ សោកសៅ បាក់ទឹកចិត្ត តាមរយៈការបង្ហោះរូបភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។ ចំណែកពាក្យថា អរគុណ ក្តីស្រលាញ់ និងការលើកទឹកចិត្តរវាងឪពុកម្តាយនិងកូន គូរស្វាមីភរិយា ក៏ដូចជាគូរស្មេហ៍ជាដើម ដែលធ្លាប់តែធ្វើឡើងដោយផ្ទាល់ បានប្រែក្លាយជាការចុចប៊ូតុង Like ឬ love លើកបណ្តាញសង្គមទៅវិញ។
ងាកមកសង្គមកម្ពុជាវិញ យើងឃើញថាចរន្តនេះ បានជ្រៀតចូលទៅក្នុងរបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែច្រើននោះឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារកម្ពុជាស្ទើរតែគ្រប់ផ្ទះ គឺសុទ្ធតែមានឧបករណ៍អេឡិចត្រូនិច ហើយកុមារតូចៗកាន់តែច្រើនកំពុងរស់ជាមួយឧបករណ៍អេឡិចត្រូនិចទាំងនោះច្រើនជាងឪពុកម្តាយរបស់ពួកគេទៅទៀត។ ថ្វីត្បិតតែក្នុងគ្រួសារមួយគេឃើញមានឪពុកម្តាយនៅជុំគ្នាជាមួយកូនៗក៏ដោយ តែយើងសង្កេតឃើញថាកូនៗមិនសូវមានទំនាក់ទំនងច្រើនជាមួយឪពុកម្តាយឬក្រុមគ្រួសារនោះទេ ប៉ុន្តែអ្វីដែលគេរវល់ច្រើនបំផុតគឺទូរស័ព្ទដៃស្មាតហ្វូនក្នុងដៃនោះទៅវិញ។
ដោយភាពមមាញឹកក្នុងការងារធ្វើការងារ ការរកស៊ីទទួលទាន ក្រុមគ្រួសារខ្លះស្ទើរពេញមួយថ្ងៃសឹងតែមិនបានជួបមុខគ្នាដោយផ្ទាល់ផង ពោលគឺពួកគេជួបគ្នាត្រឹមតែទូរស័ព្ទប៉ុណ្ណោះ។
សកម្មភាពទាំងអស់នេះ បានបង្កបញ្ហាយ៉ាងច្រើននាពេលបច្ចុប្បន្ន ហើយបញ្ហានេះក៏ក្លាយជាក្តីព្រួយបារម្ភចំពោះឪពុកម្តាយជាច្រើនផងដែរ ខណៈកូនៗរបស់គាត់បានក្លាយជាអ្នកញៀនឧបករណ៍អេឡិចត្រូនិចទាំងអស់នោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អាណាព្យាបាលមួយចំនួនបានលើកឡើងស្រដៀងៗគ្នាថា ពួកគេសុទ្ធតែបារម្ភពីកូនៗដែលរស់នៅជិតឧបករណ៍អេឡិចត្រូនិច តែភាពរវល់ពួកគាត់គ្មានជម្រើសអ្វីដោយបណ្តាលឱ្យកូនៗនៅជាមួយគ្រឿងបច្ចេកវិទ្យាទាំងនោះទេ ដើម្បីបញ្ចប់ភាពរពឹសរបស់ក្មេងៗ។
ឪពុកម្តាយខ្លះលើកឡើងថា ឧបករណ៍ទាំងនេះមានប្រយោជន៍ល្អណាស់ ព្រោះវាអាចធ្វើឱ្យកូនៗសប្បាយចិត្ត ហើយពួកគេក៏សល់ពេលច្រើនសម្រាប់ខ្លួនឯង និងការងាររកស៊ីទទួលទានផងដែរ។ អ្នកខ្លះទៀតលើកឡើងដែរថា ការដាក់ឱ្យកូនលេងជាមួយគ្រឿងអេឡិចត្រូនិច គឺដើម្បីកុំឱ្យពិបាកលួង ហើយមិនបារម្ភថាក្មេងៗដើរលេងឆ្ងាយពីផ្ទះ ជៀសវាងជួបគ្រោះថ្នាក់ ឬបាត់ខ្លួនជាដើម។
អាណាព្យាបាលជាច្រើនហាក់មើលរំលងចំណុចអវិជ្ជមាន ដែលកើតចេញពីគ្រឿងអេឡិចត្រូនិច ព្រោះពួកគេទាំងអស់គ្នាមិននឹកស្មានដល់ទេថា ការសុំយករួចខ្លួនមួយពេលអាចទម្លាក់កូនជាជនរងគ្រោះក្នុងពិភពបច្ចេកវិទ្យានោះ។
គេហទំព័រមួយដ៏ល្បីរបស់អង់គ្លេសTelegraph បានចេញអត្ថបទមួយដែលមានចំណងជើងថា «ស្មាតហ្វូនកំពុងធ្វើឱ្យកូនឈឺចាប់ តែអ្នកដែលត្រូវបន្ទោសគឺជាឪពុកម្តាយមិនល្អ»។ក្នុងអត្ថបទនោះអ្នកនិពន្ធបានបញ្ជាក់ពីកំហុសជាច្រើនរបស់អាណាព្យាបាលលើពិភពលោកដែលបណ្តោយឱ្យកូនៗលេងស្មាតហ្វូន ដែលមិនបានគិតពីផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយធ្វើឱ្យអាណាព្យាបាលស្តាយក្រោយ។
យើងអាចសាកគិតមើលថា ប្រសិនបណ្តោយឱ្យកូនលេងស្មាតហ្វូន ដើម្បីសល់ពេលរកស៊ី សល់ពេលធ្វើការងារ និងសល់ពេលសម្រាប់ខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់នោះ តើវានឹងហុចផលចំណេញ ឬខាតកម្រិតណាសម្រាប់អាណាព្យាបាល។
អាណាព្យាបាលអាចសប្បាយចិត្តបើកូនមិនសូវរករឿង តែការសប្បាយចិត្តនោះនឹងត្រូវបំផ្លាញវិញដោយកូនៗរបស់ពួកគេក្លាយជាមនុស្សហិង្សា ឯកោ ឆេវឆាវ សោះអង្គើយជាមួយឪពុកម្តាយខុសពីការគិតទុក។
ការលេងស្មាតហ្វូនអាចធ្វើឱ្យក្មេងឆ្លាតជាងមុនក៏ពិតមែន តែការបណ្តោយឱ្យក្មេងៗលេងច្រើនជ្រុល នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សមានអាម្មរណ៍មិនល្អ ខួរក្បាលមានបញ្ហា ឆាប់ខឹង ក្លាយជាមនុស្សអសកម្ម និងមិនសូវស្និតស្នាលជាមួយអាណាព្យាបាល។
លោក ផាន់ ចាន់ពៅ សាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់ឱវាទថា ឪពុកម្តាយ ឬអាណាព្យាបាលត្រូវគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់ ក្នុងការផ្តល់ស្មាតហ្វូនឱ្យកូនៗលេង។ វាពិតជារឿងមួយលំបាកធ្វើខ្លាំងណាស់ ដែលឪពុកម្តាយត្រូវហាមឃាតកូនមិនឱ្យលេងស្មាតហ្វូន។ មានតែការចំណាយពេលធ្វើដំណើរកំសាន្តជាមួយកូនៗ ដឹកនាំឱ្យកូនលេងកីឡាផ្សេងៗ ឬសកម្មភាពតន្ត្រីជាដើមនឹងអាចឆក់ទាញកូនៗពីខ្នោះស្មាតហ្វូនបាន។
ការសិក្សាមួយរកឃើញថា ភាពធុញទ្រាន់របស់ក្មេងៗពេលនៅក្បែរឪពុកម្តាយមានរយៈពេល ១៥នាទី។ តែភាពធុញទ្រាន់របស់ក្មេងអាចមានរយៈពេលរហូតដល់ទៅ ៤៥ នាទី ពេលពួកគេបាននៅជាមួយក្មេងក្នុងវ័យស្របាលគ្នា។
ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង្កបរិយាកាលសម្រាប់កូនៗឱ្យមានចំណងភាពស្និទ្ធស្នាលជាមួយមិត្តភក្តីរបស់គេ តាមរយៈការរៀបចំឱ្យមានក្លឹបសិក្សានៅផ្ទះ ឬលេងល្បែងកំសាន្តផ្សេងៗ អាចជាសកម្មភាពតន្ត្រីក៏បាននៅឯផ្ទះតែម្តង។ ធ្វើយ៉ាងដូចនេះបាន ឪពុកម្តាយ នឹងអាចទួទលបានភាពស្និទ្ធ ស្នាលជាមួយកូនៗឡើងវិញ ពោលគឺក្រុមគ្រួសាររស់នៅក្នុងភពជាមួយគ្នា។
ហេតុនេះឪពុកម្តាយគួរគ្រប់គ្រងកូនឱ្យបានល្អ ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច។ អាណាព្យាបាលត្រូវបង្កើនភាពស្និទ្ធស្នាល ក្តីស្រលាញ់ និងចំណាយពេលឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយកូនៗដើម្បីជៀសវាងការស្តាយក្រោយនៅថ្ងៃក្រោយ៕