en     km
en     km

សភាប្រេស៊ីលនឹងបោះឆ្នោតលើករណីពុករលួយរបស់ប្រធានាធិបតីខ្លួនឯង

Share

សភាប្រេស៊ីលនឹងរៀបចំការបោះឆ្នោតនៅថ្ងៃពុធនេះ ដើម្បីនាំខ្លួនប្រធានាធិបតីប្រេស៊ីល លោក Michel Temerយកទៅដាក់ទោស ទាក់ទិនករណីពុករលួយរបស់លោក ។

កញ្ញា ឈុំចន្ទរចនា រាយការណ៍៖

ការបែកធ្លាយករណីអំពើពុករលួយរបស់ប្រធានាធិបតីវ័យ៧៧ឆ្នាំនេះ បានធ្វើឲ្យសាធារណៈជនបាត់បង់ទំនុកចិត្តនៅក្នុងការបោះឆ្នោតនៅពេលខាងមុខដែលខុសពីការសន្យារបស់លោក ដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

លោក Michel Temerគឺជាប្រធានាធិបតីដំបូងនៃប្រទេសនេះដែលនឹងប្រឈមមុខនឹងការ កាត់ទោស ក្នុងអំឡុងពេលលោកកាន់អំណាច។ លោកត្រូវបានចោទពីបទរារាំងដល់ ដំណើរការយុត្តិធម៌ និងជំនួញខុសច្បាប់របស់លោក។

យ៉ាងណាក៏ដោយលោកMichel Temerបានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់។

តំណាងក្រុមប្រឆាំង លោក Jose Guimaraesមកពីគណបក្សពលករឆ្វេងនិយម និយាយថានេះ គឺជាឱកាសបណ្ដេញលោក Temerដែលកាលពីឆ្នាំ២០១៦ លោកTemerបានអំណាច ដោយការចោទប្រកាន់ប្រធានាធិបតីចាស់របសើលោកស្រីDilmaRousseff។

យ៉ាងណាមិញ ដើម្បីបញ្ជូនករណីពុករលួយរបស់លោក Temerទៅកាន់តុលាការជាន់ខ្ពស់ គឺទាមទារយ៉ាងហោចណាស់សម្លេងឆ្នោត ២ភាគ៣ នៅក្នុងសភា។ ប្រសិនបើមិនទទួល បានសម្លេងឆ្នោតទេ ករណីចោទប្រកាន់លោកនឹងត្រូវទម្លាក់ចោល ហើយលោកអាចបន្ត កាន់អំណាចតទៅទៀត។

គួរបញ្ជាក់ផងដែរថាកាលពីខែសីហា ក៏មានការបោះឆ្នោតរបស់សមាជិកសភាទាក់ទិននឹងការចោទប្រកាន់លោក Temer ដែរតែមិនបានសម្រេច។

សមាជិកសភាម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា ការបោះឆ្នោតលើក នេះអាចនឹងតិចជាង ឬច្រើនជាងការបោះឆ្នោតលើកមុន ប៉ុន្តែលោកថាប្រធានាធិបតីនឹង មិនងាយត្រូវបានគេបោះឆ្នោតទម្លាក់ឡើយ។

ការយល់ឃើញបែបនេះ ដោយសារតែ អ្នកតំណាងរាស្ត្រចំនួន ១៨៥ នាក់ក្នុងចំណោម ៥១៣នាក់ក្នុងសភា គឺសុទ្ធតែជាមុខសញ្ញាពុករលួយដែលកំពុងស្ថិតក្រោមការស៊ើប អង្កេត។

អ្នករិះគន់រដ្ឋាភិបាលមួយចំនួនក៏លើកឡើងថា ប្រធានាធិបតីនេះក៏បាន ព្យាយាមរកការគាំទ្រពីសភា ដោយការសូកប៉ាន់ថវិកាមួយចំនួនដល់សមាជិកសភា។

លោក Antonio Queirozអ្នកវិភាគនៅអង្គការឃ្លាំមើលសភា តំណាងឲ្យសហជីព DIAP និយាយថា បើទោះបីជារដ្ឋាភិបាលនេះបាននាំក្ដីអន្តរាយជាច្រើនក្ដីតែសមាជិកសភាមួយចំនួនកំពុងតែព្យាយាមទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ពីរឿងនេះ។

យ៉ាងណាមិញ តំណាងគណបក្សប្រឆាំងជាច្រើនរូបលើកឡើងថា ពួកគេមិនមាន សមាជិកក្នុងសភាគ្រប់គ្រាន់ដើម្បីបោះឆ្នោតទម្លាក់លោក Temerឡើយ បើទោះបីជា លោកទទួលការរិះគន់យ៉ាងច្រើនសន្ធឹកពីប្រជាជនប្រេស៊ីល។

អ្នកវិភាគរូបនេះ យល់ឃើញថា លទ្ធផលបោះឆ្នោតថ្ងៃពុធនេះ នឹងបង្ហាញយ៉ាងច្បាស់ពី ចំនួននៃសមាជិកសភាដែលគាំទ្រប្រធានាធិបតីនិងគម្រោងរបស់លោកលើការកាត់បន្ថយប្រាក់ចំណាយទៅលើប្រព័ន្ធសេវារដ្ឋ៕

Share

ព័ត៌មានទាក់ទង

Image