en     km
en     km

អាជ្ញាធរ​រាជធានី​ ធានា​សន្ដិសុខ​ថ្ងៃ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​

Share

ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ អះអាង​ពី​ការ​ធានា​សន្ដិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ដែល​នឹង​ចាប់ផ្ដើម​នៅ​ដើមខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។​ ក្រៅពី​ការ​រក្សា​សន្ដិសុខ​ សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា​ បង្គន់​សាធារណៈ​ជាង​ ៤៦០​ នឹង​ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ផង​ដែរ​។​


ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ សម្រាប់​ឆ្នាំ​២០១៧​នេះ​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​។​ រយៈពេល​បី​ថ្ងៃនេះ​សាលា​រាជធានី​ភ្នំពេញ​ អះអាង​ថា​ អាជ្ញាធរ​បាន​ត្រៀម​រួច​ជា​ស្រេច​ នូវ​កងកម្លាំង​ ដើម្បី​រក្សា​សន្ដិសុខ​ ជូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​។​

​លោក​ ម៉េ​ត​ មាស​ភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ នេះ​ថា​ សាលា​រាជធានី​ភ្នំពេញ​ រំពឹង​ថា​ រយៈពេល​បី​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នឹង​មាន​ពលរដ្ឋ​ចូលរួម​ច្រើន​ ព្រោះតែ​ពិធី​នេះ​គឺ​ខុស​ពី​ពិធីបុណ្យ​ជាតិ​ផ្សេងៗ​ ដែល​ពលរដ្ឋ​តែងតែ​ចាក​ចេញពី​រាជធានី​ ឬ​ខេត្ដ​ ទៅ​តាម​បណ្ដា​ខេត្ដ​នានា​។​ រហូត​មក​ដល់​ថ្ងៃនេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រួច​ហើយ​ នូវ​កងកម្លាំង​រក្សា​សន្ដិសុខ​ជួន​ពលរដ្ឋ​។​ លោក​ ម៉េ​ត​ មាស​ភក្ដី​ ៖«​សូម​ឲ្យ​សាធារណៈជន​ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទុកចិត្ដ​ (​ព្រោះ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​យើង​បាន​)​ គិតគូ​អំពី​បញ្ហា​នេះ​រួចរាល់​ហើយ​សម្រាប់​បងប្អូន​របស់​យើង​»​។​

​ក្រៅពី​ការ​ត្រៀម​កងកម្លាំង​រក្សា​សន្ដិសុខ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​រួច​ហើយ​ដែរ​ នូវ​ការ​ដាក់​បន្ថែម​ធុង​ និង​កញ្ឆេ​ ដើម្បី​ដាក់​សំរាម​ ប្រមាណ​ជាង​ ២​ពាន់​ ក្នុង​ខណ្ឌ​សំខាន់ៗ​ចំនួន​ ៥​ រួម​មាន​ ខណ្ឌដូនពេញ​ ខណ្ឌចំការមន​ ខណ្ឌ​ ៧​មក​រា​ ខណ្ឌទួលគោក​ និង​ខណ្ឌ​ជ្រោយចង្វារ​។​

​បន្ថែម​ពី​នេះ​លោក​ ឲ្យ​ដឹង​ទៀត​ថា​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​បង្គន់​អនាម័យ​ជាង​ ៤៦០​ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។​ លោក​ ម៉េ​ត​ មាស​ភក្ដី​ ៖«​ទាំង​បង្គន់​ ចល័ត​ ទាំង​បង្គន់​អ​ចល័ត​ យើង​បាន​រៀបចំ​នៅ​គោលដៅ​ធំៗ​ប្រមាណ​ជាង​ ២០​ ជិត​ ៣០​ ហើយ​ក្នុង​ហ្នឹង​មាន​បង្គន់​ប្រមាណ​ជាង​ ៤៦០​ បង្គន់​»​។​

​យ៉ាងណា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ សង្ឃឹមថា​ ពលរដ្ឋ​ដែល​ចូលរួម​ពិធីបុណ្យ​អុំទូក​នេះ​ នឹង​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​រក្សា​អនាម័យ​ ក្រោយ​ពេល​បរិភោគ​ចំណីអាហារ​ រួច​ នឹង​ដាក់​សំរាម​ចូល​ក្នុង​ធុង​ ឬ​កញ្ឆេ​ ដើម្បី​សម្រួល​ដល់​ក្រុម​សំអាត​ ដែល​មិន​បាន​ឈប់​នា​ឱកាស​ពិធីបុណ្យ​ជាតិ​នេះ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​ ២០១៧​នេះ​ ស្ថានភាព​ទឹក​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​។​

​លោក​ ចាន់​ យុ​ត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ មាន​ប្រសាសន៍​ថា​ យោ​តាម​ការ​ព្យាករណ៍​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​បុណ្យអុំទូក​ខាង​មុខ​ ស្ថានភាព​ទឹកទន្លេ​ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ ដែល​មិន​បង្ក​ជា​ការ​រាំងស្ទះ​ដល់​ដំណើរការ​ប្រារព្ធ​ពិធី​នេះ​ឡើយ​ បើ​ទោះបីជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​ក្ដី​។​ លោក​ ចាន់​ យុ​ត្ថា​ ៖«​ទាក់ទង​ជាមួយ​ពិធីបុណ្យ​ទឹក​នៅ​ស្ថានីយ៍​ចតុ​មុ​ក​ កន្លែង​ប្រារព្ធ​ពិធី​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ តាម​ការ​ព្យាករណ៍​គឺ​ទឹក​អាច​មាន​កម្ពស់​ក្នុង​រង្វង់​ពី​ ៧​ម៉ែត្រ​ ១៥​ ទៅ​ ៧​ម៉ែត្រ​ ២០​ បាន​ន័យ​ថា​ ខ្ពស់​ជាង​ ៧​ម៉ែត្រ​ បន្ដិចបន្ដួច​»​។

​កម្ពុជា​ ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ កាលពី​ឆ្នាំ​ ២០១១​ កម្ពុជា​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដោយសារ​តែ​ទឹកធំ​ ជន់​លិច​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ ខណៈ​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ ត្រូវ​កាន់ទុក្ខ​ថ្វាយ​អតីត​ព្រះមហាក្សត្រ​ សម្តេច​ នរោត្ដម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ខ្មែរ​ ដែល​ទ្រង់​សោយ​ទិវង្គត​ ចំណែក​ឆ្នាំ​២០១៣​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ព្រោះតែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​៕

Share

ព័ត៌មានទាក់ទង

Image