ទំនងប្រតិកម្មតបនឹងសម្ដេចនាយករដ្ឋ ហ៊ុន សែន កាលពីថ្ងៃទី ២២ តុលា ក្នុង ពិធីជួបសំណេះសំណាល ជាមួយកម្មករនៅ មជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃនេះលោក គង់ គាំ ឧត្តមទីប្រឹក្សានៃគណបក្សសង្រ្គោះជាតិបានថ្លែងដោយចំអកថា បើតំណាងរាស្រ្តឬ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាចង់ភ្លក់រសជាតិ ជាមួយគណបក្សប្រជាជន គឺទៅចុះ។ តែលោកថាប្រយ័ត្នស្ដាយក្រោយ។
ការថ្លែងរបស់លោក គង់ គាំ ធ្វើឡើងនៅក្នុងពិធីរម្លឹកខួប ២៦ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលនាំឱ្យភាគីខ្មែរបញ្ចប់ជម្លោះផ្ទៃក្នុងនិងការឈ្លានពានពីបរទេស។
តែយ៉ាងណា អតីតសមាជិកព្រឹទ្ធសភា សង្ឃឹមថា សមាជិកសភា និងក្រុមប្រឹក្សាឃុំភាគច្រើន នឹងមិនចង់ទៅភ្លក់រសជាតិ ជាមួយបក្សកាន់អំណាចនោះទេ។ លោកក៏បានអំពាវនាវអោយបក្សកាន់អំណាចពិចារណាឡើងវិញ នូវផែនការរំលាយបក្សសង្រ្គោះជាតិ ។
កាលពីថ្ងៃទី ២២ តុលា ក្នុងពិធីជួបជាមួយកម្មករ សម្ដេច ហ៊ុន សែន បានថ្លែងថាគណបក្សសង្រ្គោះជាតិ ពិតជានឹងរលាយគឺ ៩៩ ភាគរយ ហើយបើក្រុមប្រឹក្សាឃុំបក្សប្រឆាំងនេះចង់ចូលរួមបក្សប្រជាជនគឺអាចរក្សាតំណែងនិង តួនាទីខ្លួនបានវិញ។
ភ្លាមៗបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានព្រមានថាគណបក្សនឹងរលាយនោះ តំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះជាតិនៃមណ្ឌលព្រៃវែង គឺលោក ឡុង ប៊ុន្នី បានចុះចូលគណបក្សប្រជាជនកម្ពុជា៕