នៅទីបំផុតការបោះឆ្នោតសមាជិកសភានៃសាធារណរដ្ឋឆេកបានបិទបញ្ជប់ដោយប្រជាជន ប្រទេសនេះជ្រើសរើសមហាសេដ្ឋីម្នាក់ជាមេដឹកនាំរបស់ខ្លួនគឺនាយករដ្ឋមន្ដ្រី។
តាមបណ្ដាញផ្សាយពត៌មាន BBC លោក អង់ត្រេ បេប៊ីស អាយុ ៦៣ឆ្នាំ គឺជា មហាសេដ្ឋីលំដាប់ទីពីរប្រចាំប្រទេសដែលមានប្រាក់ ៤ពាន់លានដុល្លារ។ លោកបានឃោសនារកសំលេងឆ្នោតដោយប្រើប្រាស់នយោបាយសេដ្ឋកិច្ចរបស់លោកខ្លាំងក្លាបំផុតធ្វើអោយប្រជាជនសាធារណរដ្ឋឆេកគាំទ្រលោកយ៉ាងខ្លាំង។
លោកបេប៊ីសនឹងក្លាយជានាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាលចម្រុះ ដោយសារតែគណបក្សរបស់លោកមិនមានសម្លេងគ្រប់គ្រាន់នៅក្នុងរដ្ឋសភា។ លោកបានប្រកាសថា លោកនឹងដឹកនាំសាធារណរដ្ឋឆេក ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំនៅក្នុងទ្វីបអឺរ៉ុប។
យ៉ាងនេះក្ដីលោកបានប្រាប់ជនជនរួមជាតិរបស់លោកថា លោកនឹងមិននាំប្រទេសចាកចេញពីសហភាពអឺរ៉ុបនោះទេ។ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍ មានគណបក្សចំនួន៦បានជាប់អាសនៈប៉ុន្ដែ គណបក្សរបស់លោកបានសម្លេងឆ្នោតច្រើនជាងគេគឺជិត៣០%។គណបក្សកុម្មុយនិស្តមួយដែលសល់ពីកំអែលសហភាពសូវៀតក៏ទទួលបានអាសនៈផងដែរប៉ុន្ដែទទួលបានតិចជាងគេបំផុត៕