ភ្នំពេញ៖ លោក មេត មាសភក្ដី អ្នកនាំពាក្យសារាជធានីភ្នំពេញឱ្យដឹងថា នៅថ្ងៃបុណ្យអុំទូក ថ្ងៃទី ២ ដល់ថ្ងៃទី ០៤ វិច្ឆកា ខាងមុខនេះ នឹងមានការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ ការបណ្ដែតប្រទីប ការបង្ហោះគោម រួមទាំងការដាក់បង្ហាញជាសាធារណៈ នូររបៀបរបប និងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរក្នុងថ្ងៃបុណ្យអុំទូក នៅតាមទីតាំងកម្សាន្ដសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុស្រ្ដី Fm102 នៅថ្ងៃទី២២ ខែតុលា នេះ លោក មេត មាសភក្ដី ឱ្យដឹងបន្ថែមថា ទីតាំងសំខាន់មួយចំនួននៅរាជធានីភ្នំពេញ មានដូចជា នៅម្ដុំកោះពេជ្រ មុខវត្តបទុមវត្តី សួនកាណាឌីយ៉ា រមណីយដ្ឋានវត្តភ្នំ ទីលានប្រជាធិប តេយ្យ និងនៅតាមដងទន្លេចតុមុខនឹងក្លាយជាកន្លែងកម្សាន្ដ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុកសំពះព្រះខែ ឆ្នាំ២០១៧នេះ។
លោក មេត មាសភក្ដី ៖«យើងមានការប្រគុំតន្រ្ដី ហើយដោយឡែកនៅតាមការប្រគុំតន្រ្ដីនិមួយៗគឺមានស្ដង់លក់ទំនិញ ផលិតផលផ្សេងៗចម្រុះគ្នា ធ្វើយ៉ាងណាអាចអោយបងប្អូនប្រជាពលរដ្ឋយើង បានដើរទស្សនាកម្សាន្ដសប្បាយជាមួយនឹងការប្រគុំតន្រ្ដីផង និងការដើរទិញទំនិញតាមចំណង់ចំណូលចិត្ដរបស់ពួកគាតផងដែរ »។
តាម លោក មេត មាសភក្ដី ក្រៅពីការប្រគុំតន្រ្ដី និងការដាក់បង្ហាញជាសាធារណៈនូវ របៀបរបប និងប្រពៃណីទំនៀមទម្លាប់ នៅថ្ងៃបុណ្យអុំទូកនេះ ក៏នៅមានការតាំងពិព័រណ៍ និងលក់ផលិតផលមួយចំនួននៅតាមស្ដង់ក្រុមហ៊ុនឯកជន នៅតាមទីតាំងកម្សាន្ដខាងលើផងដែរ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានផ្អាកការរៀបចំពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកបុណ្យអុំទូក កាលពីឆ្នាំ ២០១១ ដោយសារតែទឹកធំជន់លិចគ្រប់បណ្តាខេត្ត ខណៈដែលឆ្នាំ២០១២ ប្រទេសកម្ពុជា ទាំងមូលត្រូវកាន់ទុក្ខអតីតព្រះមហាក្សត្រ សម្តេចតា សោយទិវង្គត ហើយឆ្នាំ២០១៣ បុណ្យ អុំទូក នៅភ្នំពេញ ក៏ត្រូវផ្អាកដែរ ដោយសារតែស្ថានភាពនយោបាយ នៅមានភាពវឹកវរ ក្រោយការបោះឆ្នោត។
ជាមួយគ្នានេះ កាលពីឆ្នាំ២០១៤ កន្លងទៅ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យមានពិធីប្រណាំងទូកងឡើងវិញ ប៉ុន្ដែនៅឆ្នាំ២០ ១៥ រាជរដ្ឋាភិបាលក៏បានផ្អាកការ ប្រណាំងទូកនេះម្ដងទៀត ដោយផ្អែកលើគ្រោះរាំងស្ងួត។យ៉ាងណាក៏ដោយពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅឆ្នាំ២០១៦ ២០១៧ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានពិធីប្រណាំងទូកងនេះឡើងវិញ៕