en     km
en     km

គ.ជ.ប​​ ខកចិត្ត​ដែលពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីឆ្នំា២០១៧នៅមានចំនួនតិច

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​​​(គ.ជ.ប) បានបង្ហាញការខកចិត្តចំពោះចំនួនប្រជាពលរដ្ឋដែលទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នំា២០១៧ថា នៅមានចំនួនតិចតួចនៅទ្បើយ។ ការថ្លែងនេះធ្វើទ្បើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ដំណើរការប្រព្រឹត្តិទៅនៃការធ្វើបច្ចុប្ប​ន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ និងការអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតជាដើម។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ចំនួនអ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នំា២០១៧ ដើម្បីជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី០៦ឆ្នំា២០១៨នាពេលខាងមុខនេះ មានប្រមាណជាង ១ លាន ៦ សែននាក់។

តែគិតចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី១៩ តុលា ឆ្នំា២០១៧នេះ ប្រជាពលរដ្ឋប្រមាណជាង៤១ម៉ឺននាក់ប៉ុណ្ណោះបានទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី។ ការណ៍នេះ គ.ជ.ប           សម្តែងការខកចិត្តដោយហេតុថា ថ្ងៃបិទបញ្ចប់នៃការដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតកាន់ខិតជិតមកដល់ តែចំនួនពលរដ្ឋដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចតួចនៅទ្បើយ។

តាមការបង្ហាញរបស់គ.ជ.ប ដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី១៩ តុលា ឆ្នំា២០១៧ ពលរដ្ឋដែលបានមកចុះឈ្មោះមានចំនួនជាង៤១ម៉ឺន (៤១៦,៧៩៥)នាក់ ស្មើនឹង ២៥, ៦៣%។

ចំណែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីមានចំនួន ៥ពាន់ ៩៥៧ នាក់។រីឯប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវមានចំនួន ៤ពាន់ ១២៩ នាក់។

តាមតួលេខពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នំា២០១៧នេះ លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនំាអង្គប្រជុំ បានលើកទ្បើងថា លទ្ធផលនេះមិនដូចការរំពឹងទុករបស់គ.ជ.ប នោះទេ។

លោក ឌុច សុន៖ «លទ្ធផលដែលទទួលបាននេះយើងខ្ញុំយល់ថាមិនទាន់សក្តិសមទៅនឹងការខិតខំប្រឹងប្រែងបំពេញការងាររបស់គ.ជ.ប នៅទ្បើយ លទ្ធផលខុសពីការំពឹងទុករបស់ គ.ជ.ប»។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា      គ.ជ.ប នឹងពិចារណាពន្យាពេលចុះឈ្មោះបោះឆ្នោតប្រសិនបើមានរបាយការណ៍ជាក់លាក់ណាមួយពីឃុំ សង្កាត់ ពីការយឺតយ៉ាវនៃការចុះឈ្មោះរបស់ពលរដ្ឋ។

លោក ទេព នីថា ៖«យើងពន្យាឬបន្ថែមពេលបានអាស្រ័យលើរបាយការណ៍ពីមូលដ្ឋានឃុំ សង្កាត់ ប្រសិនបើយើងអត់មានរបាយការណ៍ច្បាស់លាស់យើងមានមន្រ្តីនៅទីនោះហើយតើប្រជាពលរដ្ឋប្រមាណហើយនៅទីនោះដែលមិនទាន់ចុះឈ្មោះបោះឆ្នោត វាមានមូលហេតុអីសមស្របទេបើសិនករណីយើងឃើញមានមូលហេតុត្រឹមត្រូវ គ.ជ.ប នឹងពន្យាពេល តែមិនអាចពន្យាពេលបន្ថែមបានយូរទេ១ថ្ងៃទៅ៣ថ្ងៃយ៉ាងច្រើនហើយមិនមែនគ្រប់ឃុំ សង្កាត់នោះទេ គឺយកតែ ឃុំ សង្កាត់ ដែលមានព័ត៌មានជាក់លាក់»។

មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតការណ៍របស់អង្គការខុមហ្វ្រែល លោក កង សាវង្ស ទទួលស្គាល់ថា គ.ជ.ប ពិតជាខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតពិតប្រាកដមែន។

តែលោកថាកត្តាសំខាន់ដែលធ្វើឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចនោះ គឺ កត្តាចំណាកស្រុករបស់ប្រជាពលរដ្ឋ កត្តានយោបាយនៅក្នុងប្រទេស និងកត្តាប្រើប្រាស់ឯកសារបម្រើឱ្យការបោះឆ្នោតនៅមានភាពស្មុគ្រស្មាញ។

ក្នុងបទសម្ភាសមួយជាមួយវិទ្យុស្ត្រីកាលពីថ្មីៗនេះ ឯកអគ្គរាជទូតជប៉ុនប្រចំាព្រះរាជាណាចក្រកម្ពុជា លោក ហូរី ណូអ៊ុជិ បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោតឆាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះថាជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខប្រព្រឹត្តិទៅដោយសន្តិភាព និងយុត្តិធម៌។ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាល ទី០៦ និងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែកក្កដា​ឆ្នំា២០១៨៕

Share

Image
Image
Image