ពលការិនីកម្ពុជាចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ភាគច្រើនក្លាយជាទាសភាពសម័យទំនើប ដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម កេងប្រវ័ញ្ចផ្លូវភេទនិងការរៀបការដោយបង្ខំ។ ការលើកឡើងរបស់អ្នកជំនាញកិច្ចការស្ត្រីនៃអង្គការសង្គមស៊ីវិលដូចនេះ ស្របពេលដែលរបាយការណ៍ថ្មីមួយរកឃើញថា ស្ត្រីនិងកុមារ៧១ភាគរយក្លាយជាជនរងគ្រោះនៃអំពើទាសភាពសម័យទំនើបនៅលើសកលលោក។

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើកិច្ចការកុមារនិងស្រី្តបានអះអាងថាខ្លួនបានទទួលពាក្យបណ្តឹងយ៉ាងហោចណាស១៥ករណីឬប្រមាណ២០នាក់ក្នុងមួយខែដែលប្តឹងករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម កេងប្រវ័ញ្ចផ្លូវភេទនិងការរៀបការដោយបង្ខំជាមួយបុរសជនជាតិចិន។
អង្គការទាំងនេះបញ្ជាក់ថាខ្លួនទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ចិន និងថៃជាដើម។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៅសមាគមអាដហុក បានឲ្យដឹងថាពាក្យបណ្តឹង ដែលអ្នកស្រីទទួលបានភាគច្រើនទាក់ទងនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទៅលើពលការិនីបម្រើការងារនៅប្រទេសម៉ាឡេស៊ី និងថៃ។ចំណែកករណី កេងប្រវ័ញ្ចផ្លូវភេទនិងការរៀបការដោយបង្ខំកើតឡើងនៅប្រទេសចិននៅពេលពលការិនីរៀបការជាមួយនឹងបុរសជនជាតិចិន។
អ្នកស្រីសុគន្ធា ជឿថា ពលការិនីខ្មែរមួយចំនួនចំណាក់ស្រុកដោយខុសច្បាប់ធ្វើការងារនៅក្រៅប្រទេសងាយក្លាយជាជនរងគ្រោះជាទាសភាពសម័យទំនើបព្រោះពួកគេត្រូវបានថៅកែបង្ខំឲ្យធ្វើការហួសកម្លាំង និងបៀតបៀនផ្លូវភេទនៅពេលពលការិនីខ្មែរចាញ់បោកមេខ្យល់។
«ជាទូទៅយ៉ាងហោចណាស់ក៏យើងបាន១៥ករណីដែរទៅរឿងបញ្ហាកេងប្រវ័ញ្ចកម្លាំងពលកម្មនិងការរៀបការដោយបង្ខំ។នៅក្នុងមួយខែការរៀបការដោយបង្ខំអាចមានពីរទៅបីករណីដែរ»។
កាលពីពេលថ្មីៗនេះ ពលការិនីខ្មែរ-ឥស្លាម កញ្ញា សូស រ៉ូទ័រ ត្រូវបានក្រសួងការបទេសកម្ពុជាជួយសង្គ្រោះពីប្រទេសអារ៉ាប៊ី សាអូឌីត ក្រោយពេលធ្វើការងារអស់រយៈពេល១២ឆ្នាំដោយគ្មានប្រាក់ឈ្នូល។
កញ្ញា សូស រ៉ូទ័រ អាយុ ២៨ ឆ្នាំមកពីខេត្តកំពង់ធំដែលត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេស Saudi Arabia កាលពីឆ្នាំ ២០០៥។
យោងតាមរបាយការណ៍ថ្មីមួយស្តីពីទាសភាពសម័យទំនើបធ្វើឡើងដោយមូលនិធីWalk Free Foundation នៃអង្គការពលកម្មអន្តរជាតិនិងអង្គការអន្តោប្រវេសន៍អន្តរជាតិ បានធ្វើការបែកចែកទំរងទាសភាពសម័យទំនើបជាបួនប្រទេសគឺពលកម្មដោយបង្ខំ ការរៀបការដោយបង្ខំ ការកេងប្រវ័ញ្ចផ្លូវភេទ និងការបង្ខំឲ្យធ្វើការងារនៅតាមស្ថាប័នរដ្ឋមួយចំនួន។
លោក សែម ចៅសុខ មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូទទួលបន្ទុកផ្នែការជួញដូរឆ្លងដែនសង្កេតឃើញថាការវៀបការក្រៅឆន្ទៈឬបង្ខំឲ្យរៀបការជាមួយបុរសជនជាតិបរទេសគេកើតឡើងតិចតួចនៅក្នុងឆ្នាំ២០១៧នេះ។ ប៉ុន្តែករណីការកេងប្រវ័ញ្ចកម្លាំងពលកម្មពលការិនីគឺមានច្រើននៅប្រទេសម៉ាឡេស៊ីនិងប្រទេសថៃ។
«នៅក្នុងឆ្នំា២០១៧នេះ យើងមិនសូវទទួលបានទេទី១ការកេងប្រវ័ញ្ចផ្លូវទៅប្រទេសចិនដោយតាមរយៈការរៀបតាមឆន្ទៈក៏ស្ងាត់ ករណីធ្វើការដោយកម្លំាងពលកម្មជូនទៅតាមរយៈក្រុមហ៊ុនទៅប្រទេសម៉ាឡេស៊ីគឺយើងអត់មានករណីថ្មីៗទេ។»
បើតាមរបាយការណ៍ថ្មីមួយស្តីពីទាសភាពសម័យទំនើបគឺក្នុងចំណោមមនុស្ស៤លាន៨សែននាក់ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទក្នុងឆ្នាំ២០១៦។ ជនរងគ្រោះ ៩៩ ភាគរយជាស្ត្រី ហើយម្នាក់ក្នុងចំណោមប្រាំនាក់ជាកុមារ។ ស្ត្រីនិងកុមារ៨៤ភាគរយនៃចំនួនប្រជាជន១៥៤លាននាក់ត្រូវបានរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។៥៩ភាគរយត្រូវបានធ្វើការងារដោយបង្ខំពីវិស័យឯកជន។ស្ត្រីនិងកុមារីត្រូវបានចាត់ចូលគ្រប់ផ្នែកនៃទម្រង់ទាសភាពសម័យទំនើបលើកលែងតែពលកម្មបង្ខំឱ្យធ្វើការងារដោយស្ថាប័នរដ្ឋ។
បើយោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សចេញដោយក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីនៅខែកក្កដា ឆ្នាំ ២០១៧ បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរនៅតែបន្តជួញដូរកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេសដោយក្រសួងការងារមិនបានពិនិត្យមើលភ្នាក់ងារជ្រើសរើសពលករឲ្យមានប្រសិទ្ធភាព និងកង្វះធនធានមនុស្ស។
របាយការណ៍នេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្ស៥៣នាក់ បើធៀបទៅនឹងឆ្នាំ២០១៥មាន៦៩នាក។រដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរ មនុស្ស២៧២នាក់ពីប្រទេសម៉ាឡេស៊ី ១៣៩ពីប្រទេសថៃ និង៦៤នាក់ពីប្រទេសចិន៕