en     km
en     km

សង្គម​ស៊ី​វិល​៖​ពល​ការិនី​ខ្មែរ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ងាយ​ក្លាយជា​ជន​រង​គ្រោះ​ទាសភាព​សម័យ​ទំនើប​

Share

ពល​ការិនី​កម្ពុជា​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​ភាគច្រើន​ក្លាយជា​ទាសភាព​សម័យ​ទំនើប​ ដោយ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ កេងប្រវ័ញ្ច​ផ្លូវភេទ​និង​ការ​រៀប​ការ​ដោយ​បង្ខំ​។​ ​ការ​លើក​ឡើង​របស់​អ្នកជំនាញ​កិច្ចការ​ស្ត្រី​នៃ​អង្គការ​សង្គម​ស៊ី​វិល​ដូចនេះ​ ស្រប​ពេល​ដែល​របាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា​ ស្ត្រី​និង​កុមារ​៧១​ភាគរយ​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ទាសភាព​សម័យ​ទំនើប​នៅ​លើ​សកលលោក​។​

   ពលការិនីត្រូវបានគេជួយសង្រ្គោះបញ្ជូនមកស្រុកកំណើតវិញ។ប្រភពរូប៖ Internet

អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​កុមារ​និង​ស្រី្ត​បាន​អះអាង​ថា​ខ្លួន​បាន​ទទួល​ពាក្យបណ្តឹង​យ៉ាង​ហោច​ណាស​១៥​ករណី​ឬ​ប្រមាណ​២០​នាក់​ក្នុង​មួយ​ខែ​ដែល​ប្តឹង​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ កេងប្រវ័ញ្ច​ផ្លូវភេទ​និង​ការ​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​បុរស​ជនជាតិ​ចិន​។​

​អង្គការ​ទាំងនេះ​បញ្ជាក់​ថា​ខ្លួន​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចិន​ និង​ថៃ​ជាដើម​។​

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៅ​សមាគម​អា​ដ​ហុ​ក​ បាន​ឲ្យ​ដឹង​ថា​ពាក្យបណ្តឹង​ ដែល​អ្នកស្រី​ទទួល​បាន​ភាគច្រើន​ទាក់ទង​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ទៅ​លើ​ពល​ការិនី​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ថៃ​។​ចំណែក​ករណី​ កេងប្រវ័ញ្ច​ផ្លូវភេទ​និង​ការ​រៀប​ការ​ដោយ​បង្ខំ​កើតឡើង​នៅ​ប្រទេស​ចិន​នៅ​ពេល​ពល​ការិនី​រៀប​ការ​ជាមួយនឹង​បុរស​ជនជាតិ​ចិន​។​

​អ្នកស្រី​សុ​គ​ន្ធា​ ជឿ​ថា​ ពល​ការិនី​ខ្មែរ​មួយ​ចំនួន​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ងាយ​ក្លាយជា​ជន​រង​គ្រោះជា​ទាសភាព​សម័យ​ទំនើប​ព្រោះ​ពួក​គេ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ និង​បៀតបៀន​ផ្លូវភេទ​នៅ​ពេល​ពល​ការិនី​ខ្មែរ​ចាញ់បោក​មេខ្យល់​។​

 «ជាទូទៅយ៉ាងហោចណាស់ក៏យើងបាន១៥ករណីដែរទៅរឿងបញ្ហាកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​និង​ការ​រៀប​ការ​ដោយ​បង្ខំ​។នៅក្នុងមួយខែការរៀបការដោយបង្ខំអាចមានពីរទៅបីករណីដែរ»។

​កាលពី​ពេល​ថ្មីៗ​នេះ​ ពល​ការិនី​ខ្មែរ​-​ឥ​ស្លា​ម​ កញ្ញា​ សូ​ស​ រ៉ូ​ទ័​រ​ ត្រូវ​បាន​ក្រសួង​ការ​បទេស​កម្ពុជា​ជួយ​សង្គ្រោះ​ពី​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត​ ក្រោយ​ពេលធ្វើការ​ងារ​អស់​រយៈពេល​១២​ឆ្នាំ​ដោយ​គ្មាន​ប្រាក់​ឈ្នូ​ល​។​

​កញ្ញា​ សូ​ស​ រ៉ូ​ទ័​រ​ អាយុ​ ២៨​ ឆ្នាំ​មក​ពី​ខេត្តកំពង់ធំ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ Saudi​ Arabia​ កាលពី​ឆ្នាំ​ ២០០៥​។​

​យោង​តាម​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ទាសភាព​សម័យ​ទំនើប​ធ្វើ​ឡើង​ដោយ​មូល​និ​ធី​Walk​ Free​ Foundation​ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ បាន​ធ្វើការ​បែក​ចែក​ទំ​រង​ទាសភាព​សម័យ​ទំនើប​ជា​បួន​ប្រទេស​គឺ​ពលកម្ម​ដោយ​បង្ខំ​ ការ​រៀប​ការ​ដោយ​បង្ខំ​ ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​។​

​លោក​ សែ​ម​ ចៅ​សុខ​ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ទទួល​បន្ទុក​ផ្នែ​ការ​ជួញដូរ​ឆ្លង​ដែន​សង្កេត​ឃើញ​ថា​ការ​វៀប​ការ​ក្រៅ​ឆន្ទៈ​ឬ​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​បរទេស​គេ​កើតឡើង​តិចតួច​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​។​ ប៉ុន្តែ​ករណី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពល​ការិនី​គឺ​មាន​ច្រើន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ប្រទេស​ថៃ​។​

«នៅក្នុងឆ្នំា២០១៧នេះ យើងមិនសូវទទួលបានទេទី១ការកេងប្រវ័ញ្ចផ្លូវទៅប្រទេសចិនដោយតាមរយៈការរៀបតាមឆន្ទៈក៏ស្ងាត់ ករណីធ្វើការដោយកម្លំាងពលកម្មជូនទៅតាមរយៈក្រុមហ៊ុនទៅប្រទេសម៉ាឡេស៊ីគឺយើងអត់មានករណីថ្មីៗទេ។»

​បើ​តាម​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ទាសភាព​សម័យ​ទំនើប​គឺ​ក្នុង​ចំណោម​មនុស្ស​៤​លាន​៨​សែន​នាក់​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ផ្លូវភេទ​ក្នុង​ឆ្នាំ​២០១៦​។​ ជន​រង​គ្រោះ​ ៩៩​ ភាគរយ​ជា​ស្ត្រី​ ហើយ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ជា​កុមារ​។​ ស្ត្រី​និង​កុមារ​៨៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​១៥៤​លាន​នាក់​ត្រូវ​បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​​បង្ខំ​។​៥៩​ភាគរយ​ត្រូវ​បាន​ធ្វើ​ការងារ​ដោយ​បង្ខំ​ពី​វិស័យ​ឯកជន​។​ស្ត្រី​និង​កុមារី​ត្រូវ​បាន​ចាត់​ចូល​គ្រប់​ផ្នែក​នៃ​ទម្រង់​ទាសភាព​សម័យ​ទំនើប​លើកលែងតែ​ពលកម្ម​បង្ខំ​ឱ្យធ្វើ​ការងារ​ដោយ​ស្ថាប័នរដ្ឋ​។

បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ចេញ​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក​ចេញផ្សាយ​កាលពី​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៧​ បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ក្រសួង​ការងារ​មិន​បាន​ពិនិត្យ​មើល​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​កង្វះ​ធនធានមនុស្ស​។​
​របាយការណ៍​នេះ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់ទោស​ជនល្មើស​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​៥៣​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​មាន​៦៩​នាក​។​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​ មនុស្ស​២៧២​នាក់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ១៣៩​ពី​ប្រទេស​ថៃ​ និង​៦៤​នាក់​ពី​ប្រទេស​ចិន​៕​

Share

Image
Image
Image