en     km
en     km

ស៊ុ​យ​អែ​ត​ ព្រមាន​កម្ពុជា​ ប្រសិនបើ​ CNRP​ ត្រូវ​រំលាយ​គឺ​ខ្លួន​នឹង​ពិនិត្យ​មើល​សហប្រតិបត្តិការ​ទ្វេភាគី​ឡើង​វិញ​

Share

​ភ្នំពេញ​ ៖​ តំណាង​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​បាន​អះអាង​ថា​ ខ្លួន​នឹង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ ប្រ​សិ​បើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​។​ តែម​ន្ដ្រី​បក្ស​កាន់​អំណាច​ចាត់​ទុក​ថា​ ការ​លើក​ឡើង​របស់​ស៊ុ​យ​អ៊ែ​ត​ដូចនេះ​ គឺ​កំពុង​តែ​ឈ្លានពាន​លើ​អធិបតេយ្យភាព​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

លោកស្រី Annika Ben David ឯកអគ្គរាជទូតស៊ុយអ៊ែតទទួលបន្ទុកសិទ្ធិមនុស្សដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧

​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​ និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ រយៈពេល​ចុង​ក្រោយ​នេះ​ ដែល​គេ​ថា​កំពុង​ឡើង​កំ​ដៅ​យ៉ាង​ខ្លាំង​នោះ​ នៅ​ថ្ងៃនេះ​តំណាង​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​តម​ក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ ដោយ​ធ្វើការ​ព្រមាន​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ គឺ​ស៊ុ​យ​អ៊ែ​ត​នឹង​ពិនិត្យ​មើល​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឡើង​វិញ​។​

​លោកស្រី​ Annika​ Ben​ David​ ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៧​។​

​លោកស្រី​មាន​ប្រសាសន៍​ថា​ ការ​មក​ដល់​កម្ពុជា​របស់​លោកស្រី​នា​ពេល​នេះ​ គឺ​ដើម្បី​ជួប​ជាមួយ​រដ្ឋាភិបាល​បំណង​និយាយ​អំពី​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​បើកចំហ​សិទ្ធិ​សេរីភាព​សម្រាប់​គណបក្សប្រឆាំង​។​ ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ​ មាន​ប្រសាសន៍​ថា​ ស្ថានការណ៍​កម្ពុជា​រយៈពេល​ចុង​ក្រោយ​នេះ​គឺជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​។​ លោកស្រី​អះអាង​ថា​ រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​នឹង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់​ជាមួយ​កម្ពុជា​ ប្រសិនបើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​។​ លោក​ Annika​ Ben​ David​ ៖«​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺថា​ ប្រសិនបើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​ យើង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​អ​ញ្ចឹ​ង​ អ​ញ្ចឹ​ង​យើង​អាច​ថា​ ដំណើរ​ហ្នឹង​វា​មិន​ត្រូវ​ទេ​ ឆ្ពោះទៅ​កាន់​ទិស​ដៅ​មួយ​ដែល​ខុស​ហើយ​ សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ អ​ញ្ចឹ​ង​ហើយ​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវ​គិតគូ​ពិចារណា​ដើម្បី​យើង​យក​មក​វិភាគ​ ថា​តើ​យើង​នឹង​រៀបចំ​ការ​ទំនាក់​ជាង​មួយ​និង​ប្រទេស​កម្ពុជា​យ៉ាងម៉េច​»​។​

​យ៉ាងនេះ​ក្ដី​លោកស្រី​ Annika​ Ben​ David​ បង្ហាញ​ក្ដី​សង្ឃឹមថា​ រដ្ឋាភិបាល​កម្ពុជា​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ និង​លទ្ធិប្រជាធិបតេយ្យ​ ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​វិល​ត្រឡប់​មក​រក​សភាព​ដើម​វិញ​។​

​តែ​យ៉ាងណា​ក៏​ដោយ​ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ មិន​ទទួលយក​ការ​រិះគន់​នេះ​ទេ​ ដោយ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោកស្រី​ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ ថា​កំពុង​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ រដ្ឋាភិបាល​មិន​ទទួលយក​ការ​លើក​ឡើង​នេះ​ទេ​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ អ្វី​ដែល​ស៊ុ​យ​អ៊ែ​ត​មើលឃើញ​គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​។​ លោក​បន្ដ​ថា​ ក្នុង​នាម​រដ្ឋាភិបាល​ គឺ​មិន​ទទួលយក​ការ​លើក​ឡើង​របស់​ស៊ុ​យ​អ៊ែ​ត​ជា​ដាច់ខាត​។​ លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​ការ​លើក​ឡើង​ហ្នឹង​យើង​មិន​អាច​ទទួលស្គាល់​ទេ​ក្នុង​នាម​រដ្ឋាភិបាល​ គឺ​កំពុង​តែ​ឈ្លានពាន​អធិបតេយ្យ​របស់​កម្ពុជា​ហើយ​»​។​

​ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ នៅ​តែ​អះអាង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្ដ​ច្បាប់​របស់​កម្ពុជា​ ក្នុង​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ក្បត់ជាតិ​ និង​ការ​ប្ដឹង​រំលាយ​បក្ស​នេះ​ដោយសារ​តែ​បាន​ប្រព្រឹត្ដិ​បទល្មើស​ជា​ប្រព័ន្ធ​។​

​គួរ​កត់​សំគាល់ថា​ មិនមែន​មាន​តែ​ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ មួយ​ទេ​ ដែល​សម្ដែង​ក្ដី​ព្រួយបារម្ភ​ពី​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គឺ​កាលពី​ពេល​ថ្មីៗ​នេះ​ សហរដ្ឋអាមេរិក​ អូស្ដ្រាលី​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​សភា​អាស៊ាន​ សុទ្ធតែ​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ​វិល​ត្រឡប់​មក​រក​សភាព​ដើម​វិញ​៕​

Share

Image
Image
Image