en     km
en     km

ជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខមានភាពយុត្តិធម៌

Share

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចំាព្រះរាជាណាចក្រកម្ពុជា លោក ហូរី ណូអ៊ុជិ បានលើកទ្បើងថាជប៉ុនចង់ឃើញការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តឆ្នំា២០១៨ខាងមុខនេះប្រកបទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ការថ្លែងនេះធ្វើទ្បើងក្នុងបទសម្ភាស ផ្តាច់មុខមួយឱ្យវិទ្យុស្រ្តីកាលពីរសៀលថ្ងៃទី ១៨ តុលា ឆ្នំា២០១៧។

ខណៈស្ថានភាពនយោបាយនៅកម្ពុជាកំពុងតែមានភាពតានតឹងដែលឈានទៅរំលាយគណបក្សសង្រ្គោះជាតិ  ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា លោក ហូរី ណូអ៊ុជិ បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោតឆាប់រួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដោយហេតុថាជប៉ុនចង់ឃើញការបោះឆ្នោតប្រព្រឹត្តិទៅដោយភាពយុត្តិធម៌។

លោក ហូរី ណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា បានផ្តល់បទសម្ភាសផ្តាច់មុខឱ្យវិទ្យុស្រ្តី ថា ជប៉ុនបានផ្តល់សម្ភារៈបច្ចេកទេសមួយចំនួនដល់ គ.ជ.ប និងការផ្តល់អ្នកជំនាញការរបស់ខ្លួនជួយ គ.ជ.ប ផងដែរ។ ការផ្តល់សម្ភារៈ និងអ្នកជំនាញទំាងនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រពឹត្តិទៅដោយរលូន និងអាចជឿទុកចិត្តបាន។ក្នុងហេតុផលនេះដែល លោក ហូរី ណូអ៊ុជិ សង្កត់ធ្ងន់ថាជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជាមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។ «នៅក្នុងស្ថានភាពយ៉ាងណាក៏ដោយការបោះឆ្នោតគឺគួរតែមាននៅក្នុងបរិយាកាសន្តិភាព និងយុត្តិធម៌ ហើយឱ្យដើម្បីសម្រេចការបោះឆ្នោតនៅឆ្នំា២០១៨នេះសំខាន់ឱ្យមានប្រជានជនឱ្យបានច្រើនទៅលើការចុះឈ្មោះហើយប្រជាជនជាច្រើនគាត់ធ្វើការបោះឆ្នោត»។

 ឆ្លើយតបនឹងការលើកទ្បើងនេះអ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានសាទរដែលឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជាអំពាវនាវឱ្យពលរដ្ឋកម្ពុជាទៅចុះឈ្មោះបោះឆ្នោត។

រីឯជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជាមានសន្តិភាព និងយុត្តិធម៌នោះ លោក ហង្ស ពុទ្ធា គូសបញ្ជាក់ថាជាការពិត គ.ជ.ប បានខិតខំធ្វើយ៉ាងណាដើម្បីឱ្យការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា យល់ឃើញថាការលើកទ្បើងរបស់ជប៉ុនេះសមស្របតាមស្ថានភាពនាយោបាយនៅកម្ពុជាដែលកំពុងមាន។

ជុំវិញការលើកទ្បើងនេះអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ថា មានតែកម្ពុជាប៉ុណ្ណោះដែលអាចក្តាប់សភាពការណ៍ប្រទេសរបស់ខ្លួនបានចំណែកជនបរទេសមិនអាចក្តាប់សភាពការណ៍ប្រទេសកម្ពុជាបាននោះទេ។

«ជនបរទេសគឺក្តាប់សភាពការណ៍កម្ពុជាមិនបានជាក់ស្តែងដូចកម្ពុជានោះទេអញ្ចឹងគាត់វាយតម្លៃទៅតាមនិន្នាការនយោបាយជាពិសេសប្រទេសមួយចំនួនដូចនៅអឺរ៉ុប ដូចជានៅភាគខាងលិចអញ្ចឹងគាត់ដើរទៅតាមមេធំរបស់គាត់ដែលជាខ្នងបង្អែករបស់គណ​បក្សប្រឆំាងដែលឱ្យធ្វើបដិវត្តព័ណ៍អញ្ចឹងតែមេគាត់ធ្វើម៉េចគឺគាត់ធ្វើអញ្ចឹងដែរ»។

កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ដោយគេរំពឹងថា ប្រទេសជប៉ុននិងសហភាពអឺរ៉ុប អាមេរិក នឹងបញ្ជូនអ្នកសង្កេតការណ៍របស់ពួកគេមកចូលរួមវាយតម្លៃដំណើរការបោះឆ្នោតនៅពេលនោះ៕  

 

Share

ព័ត៌មានទាក់ទង

Image