ភ្នំពេញ៖សមាជិកសភានៃសហភាពអន្តរសភា (IPU)ប្រជុំគ្នានៅទីក្រុង Saint Petersburgប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៨ ខែតុលានេះ ចេញសេចក្ដីសម្រេចរួមួ ដោយសន្យាការពារអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិកំពុងប្រឈមនឹងចាប់ខ្លួននិងនិរទេសខ្លួនដែលស្ថាប័នសភាអន្តរជាតិនេះ ចង់ឃើញពួកគេមានសេរីភាពពេញលេញជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតធ្វើសកម្មភាព ដើម្បីម្ចាស់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រឆ្នាំ២០១៨។
ករណីនេះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថាការវិលចូលស្រុកវិញជាសិទ្ធិសេរីភាពរបស់ក្រុមអ្នកតំណាងរាស្ត្រ បក្សប្រឆាំងទាំងនោះ។
សមាជិកភាសគណបក្សសង្គ្រោះជាតិមាន៥៥រូបនិងសមាជិកព្រឹទ្ធសភា១១រូប។ ក្នុងនោះ លោកសម រង្ស៊ី ត្រូវបានបង្ខំនិរទេសខ្លួន ហើយលាលែងពីប្រធានបក្សក្រោមច្បាប់គណបក្សនយោបាយថ្មីដ៏ចម្រូងចម្រាស់ដែលព្រះមហាក្សត្រ មិនបានចុះរាជក្រឹត្យនោះទេ ដោយ ប្រមុខរដ្ឋស្ដីទី ឋានៈប្រធានព្រឹទ្ធសភាជាអ្នកចុះហត្ថលេខាងជំនួសព្រះអង្គ។
ចំណែកលោកកឹមសុខាប្រធានថ្មីទើបឡើងកាន់តំណែងជំនួសលោកសមរង្ស៊ី មិនដល់មួយឆ្នាំក៏ត្រូវបានចាប់ឃុំខ្លួន ក្រោមបទចោទក្បត់ជាតិ លោក អុំ សំអាន សមាជិកសភានិង លោកហុងសុខហួរសមាជិកព្រឹទ្ធសភារងការផ្តន្ទាទោសករណីព្រំដែននិងផែនទីជាមួយប្រទេសវៀតណាម។
នាពេលនេះ សមាជិកសភាសបក្សប្រឆាំងដែលនៅក្រៅឃុំ ភាគច្រើនភៀសខ្លួនទៅក្រៅប្រទេស ហើយអ្នកនៅក្នុងប្រទេស ដែលមានចំនួនតិចតួចពិបាកធ្វើសកម្មភាព របស់ខ្លួន ដែរ។ ទាំងនេះ ហើយដែលសមាជិកសភានៃសហភាពអន្តរសភា (IPU) បានចេញសេចក្ដីសម្រេចមួយដែលលើកលែងតំណាងរាស្ត្រ បក្សកាន់អំណាចនៃប្រទេសកម្ពុជា ដោយសម្រេចការពារអភ័យឯកសិទ្ធិសមាជិកសភាបក្សប្រឆាំង ដោយ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា លែងធ្វើទុក្ខបុកម្នេញ ហើយឱ្យពួកគេ បំពេញតួនាទីដោយសេរីក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលានេះរបស់អង្គការសភាអន្តរជាតិនេះក៏ បានទាមទារឲ្យរដ្ឋាភិបាលដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា ជាបន្ទាន់និងអនុញ្ញាតឲ្យមេបក្សប្រឆាំងរូបនេះបន្តភារកិច្ចជាសមាជិកសភាឡើងវិញ។
ជាការកត់សំគាស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនបានចេញទៅក្រៅប្រទេសនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានពីការចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀតពីអំពើក្បត់ជាតិក្នុងសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងវីដេអូឃ្លិបមួយ ដែលលោកសមរង្ស៊ី បង្ហោះជាសាធារណៈនោះ ប្រធានសមាជិកសភានៃសហភាពអន្តរសភា (IPU)ដែលអង្គុយលើវេទិកាទល់ សមាជិកសភា បានចោទសួរចំៗលើ តំណាងរាស្ត្របក្សកាន់អំណាចអំពីដំណើរទៅរការលុបបំបាត់សំឡេងអ្នកតំណាងរាស្ត្រប្រឆាំងនៅរដ្ឋសភា ដោយឱ្យតំណាងកម្ពុជា ឆ្លើយតប ។ ក្នុងនោះហើយធ្វើសមាជិកសភាមកពីប្រទេសផ្សេងទៀត ខិតខំស្ដាប់ការចោទសួរនិងការបកស្រាយពីតំណាងកម្ពុជា។ ដោយ មិនបង្អង់យូរសមាជិកសភា ២០០នាក់ តំណាង១៧៣ប្រទេសក៏អនុម័តនៅចំពោះមុខតំណាងភាគីកម្ពុជា សម្រេចការពារតួនាទីរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងថារដ្ឋាភិបាលគ្មានចំណាត់ការណាមួយបណ្តេញក្រុមតំណាងគណបក្សប្រឆាំងចេញពីប្រទេស ហើយរដ្ឋាភិបាលក៏មិនបានហាមឃាត់ក្រុមតំណាងរាស្ត្រវិលចូលស្រុកវិញដែរ។
លោក ជិន ម៉ាលីន អះអាងថា អាជ្ញាធរនឹងមិនចាប់ខ្លួនអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងនោះទេ នៅមុនដំណើរការរឿងក្តីរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង។អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រដ្ឋាភិបាលគ្មានសិទ្ធិអំណាចអ្វីទៅបញ្ជាឲ្យតុលាការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នោះទេ។
«យើងមិនបានបណ្តេញគាត់ចេញ ហើយគាត់ចូលវិញក៏យើងមិនចាប់គាត់ដែរ លើកឡែងតំណើរការនីតិវិធីគេរកទៅក្រោយទៀតយ៉ាងម្ត៉េចយើងអត់ដឹង។គេចាប់បានជនដៃដល់ ជាធម្មតាគេស៊ើបអង្កេតបន្តទៀតវាអាចមានអ្នកសមគំនិតរួមពាក់ព័ន្ធនេះជាតំណើររបស់តុលាការតទៅទៀតទេ។ប៉ុន្តែពេលនេះអត់មានចំណាត់ការរដ្ឋាភិបាលណាមួយបណ្តេញគាត់ចេញ ហើយក៏មានអត់ចំណាត់ការណាមួយដែលហាមមិនឲ្យគាត់ចូល ហើយក៏អត់មានចំណាត់ការចាប់គាត់ពេលគាត់ចូល។»
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់និងឃុំខ្លួនពីអំពើក្បត់ជាតិហើយកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុងក្នុង ខេត្តត្បូងឃ្មុំ។
យ៉ាងណាក័ដោយលោកឯមសុវណ្ណារ៉ាអ្នកវិភាគនយោបាយ និងសង្គមមានជំនឿថាសេចក្ដីសម្រេចរបស់សភាIPU មានទំងន់ដោយម្រិតណាមួយ តែលោកថា បើរដ្ឋាភិបាលប្រទេសនិមួយៗនៃIPUសម្រេចវិញគឺធ្ងន់ធ្ងរហើយ សម្រាប់កម្ពុជា។
«សេចក្តីសម្រេចនិងវាមិនទាន់ទំងន់សម្រាប់ឲ្យរដ្ឋាភិបាលត្រូវតែស្តាប់តាមទេ ដោយសភាជានីតិបញ្ញត្តិវាគ្មានឥទ្ធិពលមកលើនីតិប្រតិបត្តិ។ប្រសិនបើរដ្ឋាភបាលនៃប្រទេសជាសមាជិកសភាIPUគាត់ធ្វើញត្តិទៅកាន់រដ្ឋាភិបាលរបស់គាត់រៀងខ្លួន ហើយរដ្ឋាភិបាលគាត់ទំាងអស់ ធ្វើសេចក្តីថ្លែងការណ៍ឲ្យរដ្ឋាភិបាលគោរពតាម ស្នើតាម ខ្ញុំគិតថាមានតម្លៃសម្រាប់ជជែកជាមួយរដ្ឋាភិបាល»។
តែសូមរម្លឹកថាក្រោយពីបានស្ដាប់ប្រសាស់ន៍របស់លោកស្រី មូរ សុខហួរក្នុងវីដេអូឃ្លិប ឃើញថា សមាជិកសហភាពអន្តរសភាIPUបានលើកដៃហើយប្រធានអង្គប្រជុំក៏បានសម្រេចអនុម័តលើសេចក្តីថ្លែងការណ៍នោះ។ចំណែកមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជាដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះមិនលើកដៃទេ។ តែជាមួយគ្នានេះ សភាIPU ក៏បានសម្រច បញ្ជូនគណៈប្រតិភូរបស់ខ្លួនមួយក្រុមមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះគឺក្នុងគោលបំណងស្វែងរកការពិតអំពីវិបត្តិនយោបាយនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់IPUក្រោមចំណងជើងថា«វិបត្តិនយោបាយកើតឡើងនៅទូទាំងពិភពលោក ដោយសារការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងសមាជិកសភាមកពីគណបក្សប្រឆាំងកើនឡើង» ក្នុងនោះ គេបានរាប់ប្រទេសកម្ពុជា វេណេហ្សូអេឡា កោះមាល់ឌៀវ និងប្រទេសតួកគី៕