ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS នៅថ្ងៃទី១៨ ខែតុលានេះ បានចាប់ផ្ដើមដំឡើងផ្ទាំងរូបភាពសត្វក្រពើត្រី នៅក្នុងស្រុកស្រែអំបិល ខេត្ដកោះកុង ជាជំហានដំបូងដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចូលរួមថែមរក្សា និងអភិរក្សប្រភេទសត្វក្រពើនេះ ដែលកំពុងបាត់វត្ដមានក្នុងព្រៃធម្មជាតិកម្ពុជា។ លោក លៀ ស៊ីណា រាយការណ៍៖
តាមលោក អេង ម៉េងអ៊ី មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ បានប្រាប់វិទ្យុស្ដ្រីថា ការរៀបចំដំឡើងផ្ទាំងរូបភាពនេះ គឺក្នុងបំណងចង់ឲ្យប្រជាពលរដ្ឋ បានដឹងអំពីសត្វក្រពើត្រី ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក និងលើកទឹកចិត្ដឲ្យពួកគាត់ចូលរួមថែរក្សា និងការពារប្រភេទសត្វដ៏កម្រមួយនេះ ដោយកុំបំផ្លាញទីជម្រកពងកូន កុំប្រមូលយកពង ឬកូន ទៅលក់ និងបញ្ឈប់សកម្មភាពប្រមាញ់លើប្រភេទសត្វ នេះ។ លោក អេង ម៉េងអ៊ី ៖«ជាជំហ៊ានដំបូងយើងចង់យកទៅដាក់តាមទីតាំង ដើម្បីយើងផ្សព្វផ្សាយទៅដល់សហគមន៍ថា ក្រពើហ្នឹងជាប្រភេទជិតផុតពូជ សុំឲ្យគាត់ប្រសិនបើឃើញ ឲ្យរាយការណ៍មកខាងយើង ឬក៏គាត់បញ្ឈប់សកម្មភាពប្រមូលពងកូន អីអញ្ចឹង»។
មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការ WCS ឲ្យដឹងបន្ថែមថា សត្វក្រពើត្រី មានប្រមាណមិនដល់ ១០ក្បាលនោះទេ ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនាខេត្ដកោះកុង។ អង្គការអភិរក្សសត្វព្រៃមួយនេះ បង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះចំនួនសត្វក្រពើត្រី ដែលនៅតែមានតិចក្នុងធម្មជាតិដូចនេះ។
លោក អេង ម៉េងអ៊ី បន្ដទៀតថា បើទោះបីជាកន្លងមកអង្គការសមាគមអភិរក្សសត្វព្រៃ បានសហការជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយ និងអប់រំពលរដ្ឋ ឲ្យចូលរួមអភិរក្សសត្វព្រៃដ៏កម្រក្នុងប្រទេសកម្ពុជានេះក្ដី ក៏ប៉ុន្ដែសកម្មភាពលួចបរបាញ់ ឬការយកពងរបស់វា មកលក់ គឺនៅតែកើតមាន។ មូលហេតុចម្បងដែលនាំឲ្យពលរដ្ឋ ក្នុងសហគមន៍បន្ដសកម្មភាពលួចបរបាញ់ប្រភេទសត្វល្មួន និងសត្វស្លាប់នេះ គឺដោយសារតែតម្រូវការ ផ្លូវងងឹតនៅតែមាន។
លោក អ៉េង ម៉េងអ៊ី យល់ថា បើសកម្មភាពលួចបរបាញ់សត្វព្រៃនៅកម្ពុជាចេះតែបន្ដ មិនយូប៉ុន្មានទេវត្ដមានសត្វព្រៃដ៏កម្រលើសាកលលោក ហើយមានវត្ដមានខ្លះៗនៅកម្ពុជានាពេលបច្ចុប្បន្ននេះនឹងអស់តែម្ដង។ លោក អេង ម៉េងអ៊ី ៖«សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ យល់ពីសារៈសំខាន់សត្វព្រៃ ព្រោះថាបើយើងនិយាយទៅកាន់តែកម្រទៅ ចំនួនវាកាន់តែតិចទៅៗប្រសិនបើយើងអត់ថែរក្សា ឬក៏ការពារឲ្យបានល្អទេវានឹងត្រូវផុតពូជថ្ងៃណាមួយ។ អញ្ចឹងសំណូមពរឲ្យពួកគាត់បញ្ឈប់ការទិញ ក៏បរិភោគសាច់សត្វព្រៃ ហើយបើសិនជាអាចឲ្យគាត់ជួយអប់រំដល់មិត្ដភក្ដិ ក៏ដូចជាកូន ឬគ្រួសារ អំពីសារសំខាន់របស់សត្វព្រៃ ហើយចូលរួមសកម្មភាពផ្សេងៗការពារសត្វព្រៃ»។
សត្វក្រពើត្រី គឺជាប្រភេទសត្វល្មួន ស្ថិតក្នុងបញ្ជីក្រហមរបស់អង្កការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់វានៅតែបន្ដធ្លាក់ចុះគួរឲ្យកត់សម្គាល់។ សត្វក្រពើត្រី តាមកំណត់ត្រា គឺមានរស់នៅតែក្នុងប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ថៃ និងប្រទេវៀតណាម តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះចំនួនរបស់សត្វក្រពើត្រី មានប្រមាណត្រឹមតែ ៤១០ក្បាលប៉ុណ្ណោះ នៅលើសាកលលោក៕