en     km
en     km

សម្ដេចហ៊ុនសែនឱ្យពលរដ្ឋឃុំគគីរព្យាបាលជំងឺមិនបង់ថ្លៃបន្ទាប់ពីកើតជំងឺសើស្បែកពីគ្រាប់បែកគីមី

Share

ភ្នំពេញ៖ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលសង្ស័យថាមនុស្ស១៩នាក់រស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កើតជំងឺសើស្បែកដោយសារឥទ្ធិពលគ្រាប់បែកគីមី ដែលបន្សល់ទុកពីសង្គា្រមអាមេរិក-វៀតណាម។ ការប្រកាសរបស់ក្រសួងសុខាភិបាលធ្វើឡើងស្របពេលប្រមុខរដ្ឋា​ភិបាល​ប្រកាសឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំគគីរទំាងអស់ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ។

លោក ម៉ម ប៉ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះទៅពិនិត្យសុខភាពប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។រូបភាព៖ facebook

ចាប់តំាងពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែតុលានេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានចុះពិនិត្យ​​សុខភាពប្រជាពល​​រដ្ឋរស់នៅតំបន់មានគ្រាប់គីមីបានរកឃើញមនុស្ស១៩នាក់ទៀតមានជំងឺសើស្បែកដោយសង្ស័យរងឥទ្ធិពលពីគ្រាប់បែកគីមីដែលអាមេរិកទម្លាក់ក្នុងសង្រ្គាមជាមួយវៀតណាមក្នុងទសវត្សឆ្នំា១៩៧០។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានរកឃើញប្រជាពលរដ្ឋ១៩នាក់មានជំងឺសើស្បែកដែលសង្ស័យថារងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិកដែលក្រសួងសុខាភិបាលកំពុងឲ្យក្រុមជំនាញពិនិត្យរោគវិនិច្ឆ័យរកមូលហេតុជាក់លាក់។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ក្នុងចំណោមនោះកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង និងពីរនាក់ទៀតមកព្យាបាលនៅរាជធានីភ្នំពេញ។ចំណែកពីរនាក់ទៀតទាន់ទៅរកសេវាព្យាបាលនៅឡើយ។

លោកបន្តថា ប្រជាពលរដ្ឋមានរោគសើស្បែកទំាងនោះមានអាយុចន្លោះពីអាយុ១៤ ឆ្នំា រហូតដល់អាយុ​៦០ឆ្នំា។

«មានថ្មីៗទៀត ព្រោះយើងឃើញខាងឃុំ ធ្វើបញ្ជីមកមានចំនួន១៩នាក់ ភាគច្រើន ក្រៅពីក្មេងបីនាក់បញ្ជូនទៅភ្នំពេញ ភាគច្រើនសើរស្បែករមាសខ្មៅៗដំៗ»

កាលពីសប្តាហ៍មុនក្រសួងសុខាបាលរកឃើញក្មេងបីនាក់កើតមកមានក្បាលធំ វៀចមាត់ និងរមាសស្បែកដោយសារឥទ្ធិពល​​គ្រាប់ បែកគីមី ស្ថិតនៅក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។ក្មេងទំាងបីនាក់នេះត្រូវបានក្រុមគ្រួសារនំាមកព្យាបាលមន្ទីរពេទ្យគន្ធាបុប្ផារាជធនីភ្នំពេញ។

ដំណាលគ្នានេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រជាពលរដ្ឋទំាងអស់ដែលរស់នៅក្នុងឃុំគគីរជាតំបន់ដែលមានគ្រាប់​​បែកគីមីនឹងទទួលបានការព្យាបាលឥតបង់ថ្លៃក្នុងមន្ទីរពេទ្យរដ្ឋ។

«យើងត្រូវបង្កើតនូវតំបន់ពន្យាបាលហើយរកវិធីបង្សាប់ចោលនូវគ្រឿងអាវុធគីមីនេះ។ហើយយើងដាក់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះចូលទៅក្នុងសេវាគេហៅកម្មវិធីសមធម៌សម្រាប់ការពន្យាបាលដោយឥតគិតថ្លៃ។ប៉ុន្តែពូសូមបញ្ជាក់ថានៅតាមមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ បើក្មួយៗទៅតាមមន្ទីរពេទ្យឯកជនត្រូវបង់ថ្លៃ»

ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងលោក កែរ រដ្ឋា បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់ឃុំគគរីជិត៤ពាន់នាក់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃដោយជំងឺគ្រប់ប្រភេទ។

«និយាយរួមទៅឥឡូវឲ្យប្រជាជលរដ្ឋនៅឃុំគគីរគឺត្រូវបានលើកលែងបង់ថ្លៃទំាងអស់ដោយប្រើប្រាស់សមធម៌»

ករណីនេះអ្នកនំាពាក្យរងស្ថានទូតអាមេរិកប្រចំានៅកម្ពុជា លោក  Davide Jorsa ធ្លាប់បានច្រានចោលការទទួលខុសត្រូវដោយបានអះអាងថាប៉ូលីសនៅជុំវិញពិភពលោកបានប្រើប្រាស់ឧស្ម័នប្រភេទស៊ីអេស​(CS)​ដែលអាមេរិកអះអាងថាគ្មានការសិក្សាបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាការប្រើឧស្ម័នស៊ីអេស​(CS)​នាំឲ្យកាយសប្បទាក្មេងកើតមកមិនប្រក្រតីនោះទេ។

កាលពីថ្ងៃទី៦ ខែតុលា យ៉ាងហោចណាស់ប្រជាពលរដ្ឋ៨នាក់ មានអាការៈ ក្អួតចង្កោរ ឈឺក្បាលក្រៅក្នុងភ្នែក និងរមាសស្បែក បន្ទាប់ពីប៉ះពាល់ផ្ទាល់គ្រាប់បែកគីមីក្នុងចំការដំឡូងមីក្នុងឃុំគគីរ។ប៉ុន្តែប្រជាពលរដ្ឋទំាងនោះមានស្ថានភាពធូរស្រាលអស់ហើយ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅថាCMACបានរំដោះគ្រាប់បែកគីមីមួយគ្រាប់ក្នុងបរិវេនសាលាបឋមសិក្សានិងបរិវេនវត្តគគីរក្នុងឃុំគគីរ។ប៉ុន្តែអាជ្ញាធរមីនកម្ពុជាបានរកឃើញគ្រាប់បែកគីមីចំនួន១៥ទីតំាង​ផ្សេតទៀតក្នុងឃុំគគីរដែលអាជ្ញាធរកំពុងសិក្សារំដោះចេញ និងបង្សាប៕

Share

ព័ត៌មានទាក់ទង

Image