មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធម្សិលមិញថា កងកម្លាំងសន្ដិសុខស្រីលង្កាគួរតែដឹងថា នឹងមានការស៊ើបអង្កេត លើការទទួលខុសត្រូវរបស់ពួកគេក្នុងអតីតកាល ទាក់ទងនឹងបទចោទពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តក្នុងអំឡុងពេលសង្គ្រាមស៊ីវិលដ៏យូរ។
យោងតាមប្រភពព័ត៌មាន Channel News Asia បានចុះផ្សាយកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ នេះថា អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយនៅថ្ងៃពុធម្សិលមិញថា កងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមខ្លាតាមិលស្រីលង្កា “ទំនង” ជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងការសម្លាប់រង្គាលជនស៊ីវិល គួរតែត្រូវបានផ្តន្ទាទោសដោយតុលាការអន្តរពិសេសមួយ និងមានចៅក្រមអន្តរជាតិចូលរួម។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស លោក Zeid Ra’ad Al-Hussen បានប្រាប់សន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវថា លោកសង្ឃឹមថានៅក្នុងដំណើរការនៃការស្វែងរកព្រលឹងជាតិ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ កងកម្លាំងសន្តិសុខស្រីលង្កានឹងដឹងថា នឹងមានការស៊ើបអង្កេតលើការទទួលខុសត្រូវរបស់ពួកគេពីអតីតកាល៕