ភ្នំពេញ៖មិនដល់រយពេលមួយខែផងអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ចំនួន២អំពាវនាវដល់ បក្សកាន់អំណាចនៃប្រទេសកម្ពុជាទម្លាក់ចោលបទចោទប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ជំហររបស់ប្រទេសមហាអំណាចនេះធ្វើឡើងស្របពេលរដ្ឋសភាអនុម័តច្បាប់ទាក់ទងនឹងការបោះឆ្នោតដើម្បីដកអាសនៈគណបក្សប្រឆាំងនេះចែកគណបក្សក្រៅរដ្ឋសភា។
ក្រសួងការបរទេសអាមេរិកបានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលកម្ពុជាអោយដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគាររងការចោទអំពើក្បត់ជាតិ ។នេះយោងតាមចេក្តីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី១៦ ខែតុលានេះ។
កាលពីម្សិលមិញក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៦៧រូបបានអនុម័តវិសោធនកម្មច្បាប់ចំនួន៤ គឺវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសតាំងព្រឹទ្ធសភា និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងច្បាប់បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលជាឧបករណ៍គតិយុត្តិមួយនាំអោយមានការរំលាយបក្សមួយបានតាមរយអំណាចរបស់ តុលាការកំពូល។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ រដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាប់ខ្លួនលោក កឹម សុខា និងការអនុម័តច្បាប់ទាក់ទងនឹងការបោះឆ្នោតគឺ ដើម្បីរក្សាការពារសណ្តាប់នយោបាយនិងរក្សាគោរពដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តែក្នុងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់ទាក់ទងទៅនិងការបោះឆ្នោតដើម្បីដកយកអាសនៈក្នុងសភារបស់គណបក្សប្រឆាំងគឺជាការដកសិទ្ធិរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងកាលពីឆ្នាំ២០១៣ និង បោះឆ្នោតជ្រើសរើសក្រុមបប្រឹក្សាឃុំ/សង្កាត់២០១៧។
ក្រសួងការបរទេសអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងនៃការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាក់ទងទៅការ បោះឆ្នោត ស្របពេលក្រសួងមហាផ្ទៃប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ក្រសួងការបរទេសអាមេរិកបានទទូចឲ្យរាជរដ្ឋាភិបាលពិចារណាឡើងវិញដើម្បីដោះស្រាយវិបត្តិនយោបាយ។ករណីនេះ អ្នកសង្កេតការណ៍មួយចំនួនបារម្ភពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកឬ សហភាពអឺរ៉ុបបើកម្ពុជា មិនឆ្លើយជាវិជ្ជមាននោះ ៕