ភ្នំពេញ ៖ ប្រធានសហជីពគាំទ្រ ក្រសួងការងារដែលសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារស្របតាមសំណើរបស់ក្រុមអ្នកបញ្ជាទិញ។ លើសពីនេះសហជីពចង់ឲ្យក្រសួងពិចារណាឡើងវិញផងដែរ ជុំវិញច្បាប់សហជីព។
សេចក្ដីព្រាងច្បាប់ស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារ ត្រូវបានសម្រេចលុបទាំងស្រុង។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងការងារ ដែលប្រាប់ទៅតំណាងអ្នកបញ្ជាទិញធំៗ ពីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្ដ្រីក្រសួងការងារលោក អ៊ិត សំហេង ឲ្យដឹងថា កន្លងមកក្រសួងការងារបានរៀបចំសេចក្ដីព្រាងច្បាប់មួយស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឲ្យបានទាន់ពេលវេលា ហើយរំពឹងថានឹងចូលជាធរមាននៅឆ្នាំក្រោយនោះ គឺនៅពេលនេះក្រសួងការងារបានសម្រេចលុបចោលវិញ បន្ទាប់ពីក្រសួងបានពីភាក្សាជាមួយដៃគូ សហការជាច្រើនលើក ច្រើនសាររួចមកជុំវិញសេចក្ដីព្រាងច្បាប់នេះ។
លោករដ្ឋមន្ដ្រីបន្ដថា គ្រប់ភាគីសហការសុទ្ធតែយល់ឃើញថា ច្បាប់ថ្មីនេះមិនមានអ្វីថ្មី លើសពីយន្ដការចាស់ដែលក្រសួងការងារ ធ្លាប់បានអនុវត្ដដើម្បីដោះស្រាយវិវាទការងារជូនកម្មករ កម្មការិនី និយោជិត និងថៅកែ និយោជកនោះទេ។ លោក អ៊ិត សំហេង ៖«អញ្ចឹងទេក្រសួង ក៏ដូចជារាជរដ្ឋាភិបាលសម្រេចថា មិនរៀបចំច្បាប់នេះទៀតទេ ដកច្បាប់នេះចេញដើម្បីចៀសវាងនូវកង្វល់អ្វីផ្សេងៗ»។
បន្ថែមពីនេះលោករដ្ឋមន្ដ្រីបញ្ជាក់ថា ក្រសួងនឹងនៅតែរក្សាយន្ដការដោះស្រាយវិវាទការងារជូនកម្មករ កម្មការិនី ដែលមានស្រាប់គឺតាមរយៈក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ជុំវិញការទម្លាក់ចោលនូវសេចក្ដីព្រាងច្បាប់ស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារនេះ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីនៅថ្ងៃទី១៧ តុលានេះ ថា លោកគាំទ្រការលុបចោលនេះ ដោយលោកសង្កត់ធ្ងន់ថា មួយរយៈចុងក្រោយនេះមានការបង្កើតច្បាប់ថ្មីៗជាច្រើនដែលមើលទៅហាក់ជាការបន្ថយសិទ្ធិសហជីពឯករាជ្យ ការដាក់ទណ្ឌកម្ម និងបង្កជាភាពស្មុកស្មាញដល់គូភាគី។ លោក អាត់ ធន់ ៖«ខ្ញុំគាំទ្រលើការទម្លាក់ចោលហ្នឹង ព្រោះមួយរយៈក្រោយនេះ គឺឃើញច្បាប់ថ្មីៗតាក់តែងឡើង វាមានការបន្ថយសិទ្ធិសហជីពឯករាជ្យ និងការដោះទណ្ឌកម្ម ហើយនិងភាពស្មុកស្មាញលើគូភាគីហ្នឹងច្រើន»។
តែយ៉ាងណាប្រធានសហជីពរូបនេះ ក៏ចង់ឲ្យក្រសួងការងារពិចារណាលើច្បាប់សហជីពឡើងវិញផងដែរ បើទោះជាច្បាប់នោះបានចូលជាធរមានរួចហើយក៏ដោយ។
ចំណែកលោក ម៉ាន់ សេហាក់ អនុប្រធានសហជីពសេរីកម្មករ បានឲ្យដឹងថា លោកមិនចាប់អារម្មណ៍លើការបង្កើតច្បាប់នេះនោះទេ បើទោះជាបន្ដ ឬក៏បញ្ចប់ក៏ដោយ។ លោកមើលឃើញថា បើទោះជាមានច្បាប់ច្រើនជាងនេះទៀតក៏ដោយ ក៏មិនអាចធ្វើឲ្យកម្មករ និយោជិត សុខស្រួលនោះដែរ ដរាបណាការអនុវត្ដច្បាប់ដោយមន្ដ្រីរបស់ក្រសួងមិនមានភាពស្មើគ្នារវាងកម្មករ និងអ្នកមានអំណាចមួយចំនួន។
លោក ម៉ាន់ សេងហាក់ យល់ថា អ្វីដែលក្រសួងការងារគួរធ្វើ គឺពិចារណាឡើងវិញជុំវិញច្បាប់ស្ដីពីសហជីពព្រោះវាបានបង្កភាពចម្រូងចម្រាស់ជាច្រើនសម្រាប់ការដោះស្រាយវិវាទការងារជួន កម្មករ កម្មការិនី និយោជិត ហើយជាពិសេស គឺក្រសួងការងារ គួរលុបបំបាត់កិច្ចសន្យាការងាររយៈពេលខ្លី។ លោក ម៉ាន់ សេងហាក់ ៖«អញ្ចឹងហើយយើងចង់ឲ្យរដ្ឋមន្ដ្រីពិនិត្យឡើងវិញ និងលុបបំបាត់កិច្ចសន្យាខ្លីហ្នឹងតែម្ដង»។
ដោយឡែកប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី មិនបានបង្ហាញក្ដីសាទរ ឬក៏យ៉ាងណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារនេះ ពិតមិនគួរមាននោះទេ ព្រោះច្បាប់ថ្មីមួយនេះគឺមានចែងរួចទៅហើយនៅក្នុងច្បាប់ស្ដីពីការងារឆ្នាំ ១៩៩៧។
លោក ហ្វា សាលី យល់ថា អ្វីដែលក្រសួងគួរតែធ្វើនោះគឺការពង្រឹងការអនុវត្ដការងារ បម្រើដល់ផលប្រយោជន៍ កម្មករ កម្មការិរនី ទើបជាការប្រសើរ។ លោក ហ្វា សាលី ៖«បាទយើងមានរួចហើយចាំបាច់មានធ្វើអីទៀត សំខាន់នោះគឺពង្រឹងមន្ដ្រីវិវាទការងារទាំងអស់ អធិការកិច្ច ទាំងអស់ហ្នឹង ពន្យល់គាត់ឲ្យកាត់រឹងប៉ឹងឡើង ហើយឲ្យគាត់ស្វះស្វែងធ្វើម៉េចដោះស្រាយឲ្យគ្រប់នីតិវិធីទាំងអស់ ជួនដល់កម្មករ និយោជិត ទើបបានវាល្អ»។
ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានស្ថាប័នចំនួនពីរ ដែលដោះស្រាយវិវាទការងាររួមគ្នាជូន កម្មករ កម្មការិនី និយោជិត និងថៅកែ និយោជក។ ស្ថាប័នចម្បងគេគឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានសមត្ថកិច្ចដោះស្រាយវិវាទការងារជូនកម្មករ និយោជិត និងថៅកែ។ ក៏ប៉ុន្ដែក្នុងករណីដែល កម្មករ និយោជិត និងថៅកែ និយោជក មិនព្រមសះជា និងគ្នាត្រឹមក្រសួងការងារនោះ គឺពួកគេនឹងត្រូវបញ្ជូនបន្ដទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាស្ថាប័នឯករាជ្យត្រីភាគីដើម្បីដោះស្រាយវិវាទការងាររបស់ពួកគេ៕