en     km
en     km

USAID ផ្តល់ហិរញ្ញប្បទានថ្មី ៣ លានដុល្លារអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា

Share

ភ្នំពេញ៖ កាលពីថ្ងៃទី១២ តុលា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បាន​ប្រកាស​​​​នូវ​គំនិតផ្តួចផ្តើមថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយ​លុប​​បំបាត់គម្លាតហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអានាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុង​ប្រទេស​​កម្ពុជា។​ គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នឹងជួយដល់​វិស័យ​​​ឯកជន​​​អាច​ផ្គត់ផ្គង់ទឹកស្អាតដល់អ្នកដែលមានតម្រូវការប្រើប្រាស់។នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ USAID ដែលចុះផ្សាយនៅថ្ងៃទី១៧តុលានេះ។

                                                                                 ​​កុមារីអាហ្វ្រិចកំពុងផឹកទឹកអណ្តូង។

គោលបំណងចំបងរបស់គម្រោង WASH-FIN ក្នុងប្រទេសកម្ពុជា គឺផ្តល់ការគាំទ្រដល់ប្រតិបត្តិករ​ឯកជន​ដែលផ្គត់ផ្គង់ទឹកស្អាតអាចទទួលបាននូវប្រាក់ ដែលពួកគេត្រូវការដើម្បីពង្រីក និងធ្វើឲ្យ​ប្រសើរ​ឡើងនូវសេវាទឹកស្អាត និងអនាម័យ។ គម្រោង WASH-FIN នឹងផ្តល់ជំនួយបច្ចេកទេស និង​ជួយ​ពង្រឹងសមត្ថភាពប្រតិបត្តិករដែលផ្គត់ផ្គង់ទឹកនៅតាមបណ្តាខេត្ត ស្ថាប័ន ហិរញ្ញវត្ថុក្នុងស្រុក និងតួអង្គ​​​ដ៏ទៃមួយចំនួនទៀតដែលពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ។

គម្រោងនេះនឹងគាំទ្រដល់​ការ​​​​ប្រើ​ប្រាស់​ឥណទានឲ្យកាន់តែប្រសើរឡើងដូចជា៖ អាជ្ញាធរឥណទានអភិវឌ្ឍន៍ USAID ដើម្បីបន្ត​បង្កើនកាលនុវត្តភាពសម្រាប់ហិរញ្ញវត្ថុពាណិជ្ជកម្ម។  

ការប្រកាសនូវគម្រោង WASH-FIN របស់ទីភ្នាក់ងារ USAID បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ការទទួលបាននូវសេវាទឹកស្អាតក្នុងប្រទេសកម្ពុជា។ ហិរញ្ញវត្ថុ គឺជាសមាសធាតុមួយដ៏សំខាន់​ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាផ្គត់ផ្គង់ទឹកស្អាត​នៅក្នុង​ប្រទេស។ 

គម្រោងនេះកំពុងចាប់ដៃគូជាមួយអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បី​ទាញ​យកប្រយោជន៍ពីប្រព័ន្ធ និងចំណេះដឹងក្នុងស្រុកដែលមានស្រាប់។ គម្រោង WASH-FIN រំពឹង​ថា ​កម្ចីធនាគារក្នុងស្រុកដែលកើតចេញពីលទ្ធផលនៃគម្រោងនេះ នឹងជួយពង្រីកការវិនិយោគលើវិស័យ​ទឹកស្អាត និងអនាម័យ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រជាជន​មាន​សុខភាពកាន់តែប្រសើរឡើង។

លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖«ទីភ្នាក់ងារ USAID មានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជនដែលប្រតិបត្តិការលើ​វិស័យ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា»។ លោកស្រីបានបន្ថែមថា៖ «ទឹកស្អាត និង​​អនាម័យ​ គឺសំខាន់ចំពោះសហគមន៍ទាំងអស់ ហើយយើងមានការជឿជាក់ថាគម្រោងនេះ​នឹង​គាំទ្រ​យ៉ាងសម្បើមចំពោះកំណើនសេដ្ឋកិច្ច ក៏ដូចជាសុខភាពរបស់ប្រជាជនកម្ពុជាផងដែរ»។

                                       ​លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID។

ក្រៅពីបំពេញការងារនៅក្នុងប្រទេសកម្ពុជា គម្រោងWASH-FIN ក៏បំពេញការងារនៅតាម​បណ្តា​ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។ ជាសកល គម្រោងWASH-FIN ដែល​មានរយៈពេល៥ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុវត្ត​ដោយ​ក្រុមហ៊ុន Tetra Tech ដោយមានការគាំទ្រពី Open Capital Advisors, Segura Consulting and Global Credit Rating៕

Share

ព័ត៌មានទាក់ទង

Image