ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងការងារនៃព្រះរាជាណាចក្រថៃបានចេញសារាចរមួយណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងពលរដ្ឋថៃទាំងអស់ បិទមិនឱ្យពលករក្នុងប្រទេសចំនួនបី ដែលក្នុងនោះ រួមមានកម្ពុជាផងដែរ មិនអោយឆ្លង ដែនលក់ដូរ ឬធ្វើការនៅក្នុងប្រទេសថៃនោះទេ ។ ការសម្រេចមិនអោយពលរដ្ឋខ្មែរ និងប្រទេសចំនួនពីរទៀតចូលទៅធ្វើការ ឬ រកស៊ីនៅក្នុងប្រទេសថៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣ តុលា ឆ្នាំ ២០១៧ ឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃបានកំណត់មិនអោយពលរដ្ឋក្នុងប្រទេស កម្ពុជា ឡាវ និងភូមា ចូលបម្រើការងារនៅតាមបណ្ដាភោជនីយដ្ឋាន អាហារដ្ឋាន ឬជាអ្នកលក់ផ្លែឈើ លក់បន្លែ ជាដាច់ខាត។
តាមគេហទំព័ររបស់ប្រភពនេះ មូលហេតុដែលក្រសួងការងារប្រទេសថៃចេញសារាចរ ដូចនេះ ដោយសាររដ្ឋាភិបាលថៃសង្កេតឃើញថា ជនអន្តោប្រវេសន៍ដែលមកពីប្រទេសជិតខាងចូលទៅរកការងារធ្វើនៅប្រទេសថៃកាន់តែមានកំណើនច្រើនឡើងៗ ហើយពលករភាគច្រើនបានចូលទៅបម្រើការងារខុសពីគោលការណ៍ដែលបានកំណត់របស់ក្រសួងការងារ ។
ដោយសារបញ្ហានេះ ទើបក្រសួងការងារបានចេញសេចក្តីប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋថៃទាំងអស់ ក្រសួងមិនអនុញ្ញាតអោយពលករឆ្លងដែនដែលមានដូចជា កម្ពុជា ឡាវ និងភូមាទៅបម្រើការងារនៅតាមទីផ្សារ និងតាមបណ្តាភោ ជនីយដ្ឋាន ឬ អាហារដ្ឋានឡើយ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ ព្រោះការងារនៅលើទីផ្សារនេះ គឺជាការងាររបស់ជនជាតិថៃតែមួយគត់ ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោកយល់ឃើញថា ចំណុចទាំងនេះរដ្ឋាភិបាលគួរតែមានវិធាការជួយទៅដល់ពលករខ្មែរ។
លោក មឿន តុលា៖ «សម្រាប់រដ្ឋាភិបាលខ្មែរយើង ខ្ញុំគិតថា អ្វីដែលរដ្ឋលោកគួរពិចារណាគឺរឿងសម្លឹងមើលវិស័យ មុននឹងសម្រេចចិត្តថា បញ្ចូនពលរដ្ឋយើងទៅធ្វើការនៅក្នុងវិស័យ។ណាមួយយើងក៏គួរតែគិតដែរ ថាតើ អនាគតនៃប្រទេសយើង ៣ឆ្នាំ បន្ទាប់ទៀត ឬក៏៤ឆ្នាំបន្ទាប់ទៀតនូវមានវិស័យនេះទៀតដែរអត់ ហើយបើមានវិស័យហ្នឹងតើយើងគួរបញ្ជូនចំនួនប៉ុណ្ណាដែលអាចអោយពលរដ្ឋយើង ទៅធ្វើការផង និងទៅរៀនយកជំនាញផង ថ្ងៃក្រោយទៅគាត់នឹងក្លាយទៅជាធនធានមនុស្សដ៏សំខាន់សម្រាប់ជួយវិស័យអភិវឌ្ឍន៍នៅក្នុងប្រទេសជាតិ។ ទីពីរ. យើងក៏គួរពិចារណា ពាក់ព័ន្ធនឹងការរៀបចំផ្ដល់ជំនាញឱ្យពលរដ្ឋយើង ដើម្បីអាចងាយប្រកួតប្រជែងជាមួយជនជាតិដ៏ទៃនៅក្នុងទីផ្សារអន្ដរជាតិដែរ ជាពិសេសទីផ្សារអាស៊ាន»។
តាមទស្សនៈរបស់លោក មឿន តុលា វិធានការរបស់រដ្ឋាភិបាលថៃ គឺជាការយកចិត្តទុកដាក់មួយចំពោះពលរដ្ឋរបស់គេ។
ជុំវិញរឿងក្រសួងការងារប្រទេសថៃចេញសារាចរណែនាំដូចនេះ វិទ្យុស្រ្ដីមិនអាចសុំការឆ្លើយតប ពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននោះទេ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧នេះ ដោយទូរសព័្ទពុំមានអ្នកទទួល។
គួរបញ្ជាក់ដែរថា អាជ្ញាធររបស់ប្រទេសថៃ នឹងចាប់ផ្តើមអនុវត្តនូវសារាចរណែនាំរបស់ក្រសួងការងារនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ហើយម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅក្នុងប្រទេសថៃ រួមទាំពលរដ្ឋរបស់ប្រទេសមួយនេះ ត្រូវអនុ វត្តតាមសារាចរណែនាំនេះ អោយបានល្អប្រសើរនិងមានប្រសិទ្ធភាព។ សព្វថៃ្ងពលករខ្មែរធ្វើការងារនៅប្រទេសថៃមានជាង ១លាននាក់៕