en     km
en     km

ច្បាប់រំលាយបក្សនយោបាយត្រូវបានរដ្ឋសភាអនុម័ត(មានសំឡេង)

Share

សេចក្ដីស្នើច្បាប់រំលាយគណបក្សនយោបាយដែលរងការរិះគន់ធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ពេលនេះត្រូវបានសមាជិកបក្សកាន់អំណាចអនុម័តនៅក្នុងកិច្ចប្រជុំសភា នៅព្រឹកថ្ងៃ ច​ន្ទ ទី១៦ តុលានេះ ដោយសំឡេងអនុម័តមាន ៦៧រូប មកតែពីគណ បក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំសភានេះ ពុំមានវត្តមានសមាជិកសភាបក្សប្រឆាំងចូលរួមនោះឡើយ។

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសមាជិកសភាបក្សកាន់អំណាច បានអនុម័តរួមមាន៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធ     ​សភាវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បន្ទាប់ពីបានអនុម័តម្តងមួយនៃសេចក្តីស្នើច្បាប់ទាំងអស់ចំនួន ៤ហើយនោះ ​ច្បាប់នេះត្រូវបានកិច្ចប្រជុំសភា​នៃវត្តមានសមាជិកបក្សកាន់អំណាចអនុម័ដោយសម្លេង ៦៧ លើ៦៧។ នេះបើយោងតាមការប្រកាសលេខាកត់ត្រានៃសម័យប្រជុំសភា។

ប៉ុន្តែនៅក្នុងសម័យរដ្ឋសភាដែលសមាជិកសភាបក្សសង្រ្គោះជាតិមិនចូលរួមនោះគេ ឃើញ លោក ជាម យៀប តំណាងឲ្យក្រុមតំណាងរាស្រ្តហត្ថលេខីទាំង ៤៩រូបនៃសេចក្ដីស្នើច្បាប់នេះបានឡើងវាយប្រហារធ្ងន់ធ្ងរទៅលើ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលលោកថា គេមិនត្រូវឱ្យមេបក្សមួយក្រោមបង្គាប់ជនបរទេសមកបំផ្លាញសេចក្ដីសុខនិងផ្តួលរំលំបក្សកាន់អំណាចបានទេ។ 

លោក ជាម យៀប បានបន្តរៀបរាប់យ៉ាងដូច្នេះថា « យោងតាមសកម្មភាពក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលបានប្រព្រឹត្តបទល្មើសក្បត់ជាតិ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ ស្របតាមមាត្រា ៤៤៣នៃក្របព្រហ្មទណ្ឌ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចមិនអាចទទួលយកបានទេ»។

លោក​ ជាម យៀប បានបន្តបកស្រាយជាច្រើនជុំវិញការអនុម័តសេចក្ដីស្នើច្បាប់នេះ ដោយលោកអះអាងថា ច្បាប់នេះធ្វើឡើងឆ្លើយតបតាមបរិបទថ្មីនៃការប្រែនយោបាយតំបន់ដែលលោកថា មានការវិវឌ្ឍ។

លោកបន្តវាយប្រហារ លោក កឹម សុខា ថា ជាមេបក្សក្បត់ជាតិ ហើយបើធ្ងន់ធ្ងរត្រូវធ្វើច្បាប់នេះ យកអាសនៈសភា , អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ និងអាសនៈក្រុមប្រឹក្សារាជធានីខេត្តក្រុងមកធ្វើការបែកចែកឱ្យបក្សដទៃក្រោយពីតុលាការសម្រេចជាស្ថាពរហើយនោះ។  

យោងតាមសេចក្ដីស្នើច្បាប់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅឱ្យគណបក្សនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះ។

យោងតាមមាត្រា៣៥ ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ​អំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

លោក កង​ សាវាង្ស មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វែ្រល បានបង្ហាញការខកចិត្តចំពោះការអនុម័តច្បាប់មួយឈានដល់ការរំលាយបក្សនយោបាយ។ លោកថា បើបក្សមួយសំឡេងឆ្នោតជាច្រើនលាននាក់ត្រូវគេរំលាយ ប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ឆន្ទៈរាស្រ្តជាម្ចាស់ឆ្នោត។

លោក កង សាវាង្ស ៖ «មុនគេបង្កើតការចូលលេងគឹគេត្រូវរៀបចំក្បួនច្បាប់ហ្នឹងអោយហើយ ។វាមិនអាចដើរពាក់កណ្ដាល់ហើយ ចាប់ផ្ដើមមកកែសម្រួលអ៊ីចឹងទេ។ អាហ្នឹងជារឿង បញ្ហាមួយ ហើយកែសម្រួលបំបាត់ចោលតែម្ដង នូវសំឡេងដែល ប្រជាពលរដ្ឋដែលជាង៣លាននាក់ ។ខ្ញុំនិយាយនេះក្នុងករណីបើ់សិនជា គណបក្សសង្រ្គោះជាតិហ្នឹងត្រូវបានរំលាយចោល គឺមានន័យថាមេច ថាសំឡេង ៣លាននាក់ជាងត្រូវបានបំបាត់ចោលតែម្ដង»។

សូមជ​ម្រាបថា កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃនេះ មានវត្តមានសម្ដេចនាយករដ្ឋមន្ត្រី និងឧប​នាយករដ្ឋមន្រ្ដីនៅក្នុងចំណោមសមាជិកសភាបក្សប្រជាជន ៦៧រូប ដែលមានវត្តមាន ។ ប៉ុន្តែសមាជិកសភាគណបក្សសង្រ្គោះជាតិ ៥៥ រូបអវត្តមានលើកលែងលោក សម រង្សី បានលាលែងពីតំណែងប្រធានបក្សកាលពីខែកុម្ភៈ  និងលោក កឹម សុខា ទើបបានឡើងកាន់តំណែង ជំនួស កំពុងជាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ករណីដែលបក្សកាន់អំណាចចោទថា ក្បត់ជាតិ។ សហគមន៍អន្តរជាតិមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី ​បានហៅដំណើរឆ្ពោះទៅការរំលាយបក្សប្រឆាំងធំនេះ ថា មិនអាចទទួលយកបានឡើយ៕

 

Share

ព័ត៌មានទាក់ទង

Image