en     km
en     km

មន្ទីរ​ពេទ្យមួយដែលផ្តល់ការព្យាបាល​កុមារដោយមិនយកកម្រៃ អំពាវនាវរកជំនួយ​

Share

មន្ទីរពេទ្យកុមារអង្គរស្ថិតនៅក្នុងខេត្តសៀមរាបដែលផ្តល់​ការព្យាបាលកុមារនៅកម្ពុជាដោយឥតថ្លៃ អស់រយៈពេល​១៨ឆ្នាំ​ អំពាវនាវរកជំនួយពីសប្បុរសជន ក្នុងនិងក្រៅប្រទេស ដើម្បី​ឱ្យ​មន្ទីរបន្តទ្រទ្រង់ព្យាបាល​កុមារក្រីក្រនៅកម្ពុជាបន្តទៀត។

https://wmc.org.kh/wp-content/uploads/2017/10/171014-Nata-News-01-OK-1.mp3171014-Nata-News-01-OK

ជារៀងរាល់​​ថ្ងៃមានកុមារកម្ពុជាពី៥០០ ទៅ៦០០នាក់មកពី​គ្រប់ខេត្តក្រុង ជាពិសេសកុមារ​​មកពីទីជនបទក្រីក្រ តំបន់ដាច់ស្រយាល​​ ដែលមានជំងឺ​គ្រប់ប្រភេទបានមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេ​ទ្យ​កុមារអង្គរ។ ដោយសារតែកំណើននៃកុមារឈឺជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យមន្ទីរពេទ្យប្រឈមមុខនឹងការខ្វះខាតថវិកាយ៉ាងខ្លាំងក្នុងការទ្រទ្រង់មន្ទីរពេទ្យ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងួន សុភក្រ្តា​ នាយកមន្ទីរពេទ្យកុមារអង្គរ ដែលបានថ្លែងនៅក្នុងកម្មវិធី​តន្រ្តីដើម្បីក្តីស្រលាញ់ កាលពីយប់ថ្ងៃទី​១៣ តុលា​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ។

លោកបន្តថា មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការព្យាបាលដូចជាការសង្រ្គោះបន្ទាន់ ការពិនិត្យជំងឺទូទៅ​ សេវាអប់រំ​សុខភាព និងសេវាផ្សេងៗទៀត ដែលផ្តល់ការព្យាបាល​ដល់កុមារគ្រប់ប្រភេទចាប់ពីកម្រិតស្រាល ដល់ធ្ងន់។ ដើម្បី​​ទ្រទ្រង់មន្ទីរឱ្យដំណើរការព្យាបាលកុមារដោយឥតថ្លៃ មន្ទីរពេទ្យត្រូវការថវិកា​ប្រមាណ​៦លាន​៥សែនក្នុងមួយឆ្នាំ​ៗ។ ​

លោកវេជ្ជបណ្ឌិត ងួន សុភក្រ្តា៖«ដូច្នេះគឺទំហំដ៏ធំដែលមន្ទីរពេទ្យត្រូវរៃ ហើយភាគច្រើននៃជំនួយទាំងអស់ហ្នឹងគឺយើងបានពីការជួយពីខាងក្រៅហើយក្នុងនោះ ក៏យើងមានការជួយឧត្ថម្ភពីក្នុងស្រុកយើងផងដែរ»។

នាយកមន្ទីរពេទ្យកុ​មារអង្គររូបនេះបានឱ្យដឹងបន្តថា ​កាលពីឆ្នាំ២០១៦ មន្ទីរនេះ បានព្យាបាលជំងឺកុមារបានជាង១៨ម៉ឺននាក់។ លោកបន្ថែមថាចំណោមកុមារទាំងប្រមាណជាង៥០០នាក់ដែលមកទទួលសេវាព្យាបាលដោយឥតគិត​ថ្លៃក្នុងមួយថ្ងៃៗ ៧០% គឺជាកុមារក្រក្រី ដែលមន្ទីរត្រូវផ្តល់អាហារ កន្លែងស្នាក់នៅ និងថវិកាសម្រាប់ធ្វើដំណើរត្រលប់ទៅវិញ។

លោកអះអាងថា នេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដែលមន្ទីរនេះ ត្រូវទទួល ហេតុនេះបើគ្មានការជួយឧបត្ថម្ភពីសប្បុជននៅក្នុង និងប្រទេសទេនោះ មន្ទីកុមារអង្គរមិនអាចដំណើរការជួយកុមារក្រីនៅកម្ពុជាបានឡើយ។

លោក​ម៉ៅ លីហេង ស្ថាននិកក្រុម​សហ​ស្សវត្សមនុស្សធម៌​ និងជាទីប្រឹក្សា​​ទំនាក់ទំនងសាធារណៈរបស់មន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ការចូលរួមរបស់សប្បុរជនទាំងអស់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជួយដល់កុមារ ដែលកំពុងមានជំងឺ។ លោកសង្ឃឹមថាសប្បុរសជនទាំងអស់​នឹងចូលរួមបរិច្ចាគថវិកាដើម្បីស្នាមញញឹមរបស់កុមារកម្ពុជាទាំងអស់។ ​

សូមជម្រាបថា កាលពីយប់មិញនេះដែរ ក្នុងកម្មវិធីតន្រ្តីដើម្បីក្តីស្រលាញ់ដែលរៀបចំឡើងដោយ ​ក្រុមសហវត្សមនុស្សធម៌ សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ The school of Art និងក្រុមយុវជនស្ម័គ្រចិត្ត រៃអង្គាសថវិកាបានប្រមាណជាង២០០០ដុលា្លរ ជួយដល់មន្ទីពេទ្យនេះ។

មន្ទីរពេទ្យកុមារ​អង្គរ​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជាងថតរូបជនជាតិជប៉ុនម្នាក់ គឺលោក​​ខេន រ៉ូអ៊ីស៊ុ​ ដើម្បីផ្តល់ការ ពិនិត្យព្យាបាល​ដោយឥតគិតថ្លៃ​​​ ​និងមានគុណភាពខ្ពស់។ ​មកទល់បច្ចុប្បន្ននេះ មន្ទីរពេទ្យនេះ ​បានជួយសង្រ្គោះជីវិត កុមារ​កម្ពុជាចំនួន​ជាង២លាននាក់ហើយ៕

 

Share

Image
Image
Image