មន្ទីរពេទ្យកុមារអង្គរស្ថិតនៅក្នុងខេត្តសៀមរាបដែលផ្តល់ការព្យាបាលកុមារនៅកម្ពុជាដោយឥតថ្លៃ អស់រយៈពេល១៨ឆ្នាំ អំពាវនាវរកជំនួយពីសប្បុរសជន ក្នុងនិងក្រៅប្រទេស ដើម្បីឱ្យមន្ទីរបន្តទ្រទ្រង់ព្យាបាលកុមារក្រីក្រនៅកម្ពុជាបន្តទៀត។
https://wmc.org.kh/wp-content/uploads/2017/10/171014-Nata-News-01-OK-1.mp3171014-Nata-News-01-OK
ជារៀងរាល់ថ្ងៃមានកុមារកម្ពុជាពី៥០០ ទៅ៦០០នាក់មកពីគ្រប់ខេត្តក្រុង ជាពិសេសកុមារមកពីទីជនបទក្រីក្រ តំបន់ដាច់ស្រយាល ដែលមានជំងឺគ្រប់ប្រភេទបានមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ ដោយសារតែកំណើននៃកុមារឈឺជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យមន្ទីរពេទ្យប្រឈមមុខនឹងការខ្វះខាតថវិកាយ៉ាងខ្លាំងក្នុងការទ្រទ្រង់មន្ទីរពេទ្យ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងួន សុភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ដែលបានថ្លែងនៅក្នុងកម្មវិធីតន្រ្តីដើម្បីក្តីស្រលាញ់ កាលពីយប់ថ្ងៃទី១៣ តុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ។
លោកបន្តថា មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការព្យាបាលដូចជាការសង្រ្គោះបន្ទាន់ ការពិនិត្យជំងឺទូទៅ សេវាអប់រំសុខភាព និងសេវាផ្សេងៗទៀត ដែលផ្តល់ការព្យាបាលដល់កុមារគ្រប់ប្រភេទចាប់ពីកម្រិតស្រាល ដល់ធ្ងន់។ ដើម្បីទ្រទ្រង់មន្ទីរឱ្យដំណើរការព្យាបាលកុមារដោយឥតថ្លៃ មន្ទីរពេទ្យត្រូវការថវិកាប្រមាណ៦លាន៥សែនក្នុងមួយឆ្នាំៗ។
លោកវេជ្ជបណ្ឌិត ងួន សុភក្រ្តា៖«ដូច្នេះគឺទំហំដ៏ធំដែលមន្ទីរពេទ្យត្រូវរៃ ហើយភាគច្រើននៃជំនួយទាំងអស់ហ្នឹងគឺយើងបានពីការជួយពីខាងក្រៅហើយក្នុងនោះ ក៏យើងមានការជួយឧត្ថម្ភពីក្នុងស្រុកយើងផងដែរ»។
នាយកមន្ទីរពេទ្យកុមារអង្គររូបនេះបានឱ្យដឹងបន្តថា កាលពីឆ្នាំ២០១៦ មន្ទីរនេះ បានព្យាបាលជំងឺកុមារបានជាង១៨ម៉ឺននាក់។ លោកបន្ថែមថាចំណោមកុមារទាំងប្រមាណជាង៥០០នាក់ដែលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃក្នុងមួយថ្ងៃៗ ៧០% គឺជាកុមារក្រក្រី ដែលមន្ទីរត្រូវផ្តល់អាហារ កន្លែងស្នាក់នៅ និងថវិកាសម្រាប់ធ្វើដំណើរត្រលប់ទៅវិញ។
លោកអះអាងថា នេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដែលមន្ទីរនេះ ត្រូវទទួល ហេតុនេះបើគ្មានការជួយឧបត្ថម្ភពីសប្បុជននៅក្នុង និងប្រទេសទេនោះ មន្ទីកុមារអង្គរមិនអាចដំណើរការជួយកុមារក្រីនៅកម្ពុជាបានឡើយ។
លោកម៉ៅ លីហេង ស្ថាននិកក្រុមសហស្សវត្សមនុស្សធម៌ និងជាទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់មន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ការចូលរួមរបស់សប្បុរជនទាំងអស់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជួយដល់កុមារ ដែលកំពុងមានជំងឺ។ លោកសង្ឃឹមថាសប្បុរសជនទាំងអស់នឹងចូលរួមបរិច្ចាគថវិកាដើម្បីស្នាមញញឹមរបស់កុមារកម្ពុជាទាំងអស់។
សូមជម្រាបថា កាលពីយប់មិញនេះដែរ ក្នុងកម្មវិធីតន្រ្តីដើម្បីក្តីស្រលាញ់ដែលរៀបចំឡើងដោយ ក្រុមសហវត្សមនុស្សធម៌ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ The school of Art និងក្រុមយុវជនស្ម័គ្រចិត្ត រៃអង្គាសថវិកាបានប្រមាណជាង២០០០ដុលា្លរ ជួយដល់មន្ទីពេទ្យនេះ។
មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជាងថតរូបជនជាតិជប៉ុនម្នាក់ គឺលោកខេន រ៉ូអ៊ីស៊ុ ដើម្បីផ្តល់ការ ពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងមានគុណភាពខ្ពស់។ មកទល់បច្ចុប្បន្ននេះ មន្ទីរពេទ្យនេះ បានជួយសង្រ្គោះជីវិត កុមារកម្ពុជាចំនួនជាង២លាននាក់ហើយ៕