ភ្នំពេញ ៖ ក្រុមផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លី ស្ដីពី កន្លែងផ្ដល់សេវាដោះស្រាយវិវាទការងារ ដោយសន្ដិវិធី និងឥតបង់ថ្លៃ បង្ហាញក្ដីសង្ឃឹមដូចៗគ្នាថា កម្មករ និយោជិត និងថៅកែ និយោជក នឹងផ្លាស់ប្ដូរផ្នត់គំនិតចាស់ ដែលពួកគេធ្លាប់តែប្រើ ដើម្បីដោះស្រាយវិវាទការងារកន្លងមក។ ចង់ដឹងថា ខ្សែភាពយន្ដអប់រំខ្នាតខ្លី ដែលផលិតឡើងដើម្បីចូលរួមលើកទឹកចិត្ដកម្មករ កម្មការិនី និយោជិត និង ថៅកែ និយោជក ឲ្យស្វែងរកដំណោះស្រាយតាមសន្ដិវិធី យ៉ាងណាខ្លះនោះ សូមអញ្ញើស្ដាប់ លោក លៀ ស៊ីណា ៖
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯករាជ្យត្រីភាគីមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយវិវាទការងាររួម។ ស្ថាប័នមួយនេះបានរៀបចំ ការប្រកួតផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លី ស្ដីពី កន្លែងផ្ដល់សេវាដោះស្រាយវិវាទការងាររួម ជួនកម្មករ កម្មការិនី និយោជិត និង ថៅកែ និយោជក។
ការប្រកួតប្រជែងភាពយន្ដខ្នាតខ្លីឆ្នាំ២០១៧ គឺជាឆ្នាំដំបូង ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងគោលបំណង ពង្រឹងការយល់ដឹងជាសាធារណៈ អំពីយន្ដការដោះស្រាយវិវាទការងាររួមដោយសន្ដិវិធី និងចូលរួមចំណែកធ្វើឲ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចជាតិ។ ការប្រកួតប្រជែងភាពយន្ដខ្នាតខ្លីនេះ ក្រោមប្រធានបទ៖ “តួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្មករ និយោជិត និង ថៅកែ និយោជក”។
ក្រុមផលិតភាពយន្ដ ដែលបានចូលរួមប្រកួតប្រជែង មានចំនួន ០៨ក្រុម ប៉ុន្ដែមានតែ ០៤ក្រុមប៉ុណ្ណោះ ដែលបានជាប់ក្នុងការជ្រើសរើសដើម្បីប្រកួតវគ្គចុងក្រោយ។ ការជ្រើសយកក្រុមផលិតភាពយន្ដ ប្រកួតវគ្គចុងក្រោយ ចំនួន ០៤នេះ គឺផ្អែកទៅលើខ្លឹមសារ បច្ចេកទេសថត និងការគាំទ្រពីទស្សនិកជន។
ខ្សែភាពយន្ដអប់រំខ្នាតខ្លីទាំង ០៤នេះ រួមមាន រឿង “គ្រូអាគម” “ដំណោះស្រាយរួមមួយ” “កតញ្ញូ” និងរឿង “លោកប្រធាន”។ ក្នុងចំណោមភាពយន្ដអប់រំខ្នាតខ្លីទាំងបួននេះ រឿង “គ្រូអាគម” ទទួលបានការគាំទ្រច្រើនជាងគេ ដែលនាំឲ្យភាពយន្ដនេះ ទទួលបានជ័យលាភីលេខ ១ រីឯជ័យលាភីលេខ ២ បានទៅលើរឿង “ដំណោះស្រាយរួមមួយ” លេខ ៣ បានទៅលើរឿង “កតញ្ញូ” និងលេខ ៤ បានទៅលើរឿង “លោកប្រធាន” ។
ភាពយន្ដខ្នាតខ្លីនេះ និយាយរៀបរាប់អំពីជម្រើសចម្បង របស់កម្មករ និយោជិត ដែលនាំគ្នាធ្វើ កាលណាពួកគេមានវិវាទការងាររួមនៅក្នុងស្ថាប័ន ឬអង្គភាពរបស់ពួកគេ។ វីដេអូនេះ បានឆ្លុះបញ្ចាំងពីជំនឿតាមផ្លូវអារម្មណ៍ ទាំងដែលមិនបានឃើញពីដំណោះស្រាយនោះជាក់ស្ដែងផ្ទាល់នឹងភ្នែកក្ដី។
យុវជន វណ្ណ ស៊ីដារ៉ូ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ជាប្រធានក្រុមផលិតភាពយន្ដខ្នាតខ្លីរឿង “គ្រូអាគម” បានឲ្យដឹងថា ការដែលលោកចូលរួមប្រកួតផលិតភាពយន្ដខ្នាតខ្លីនេះ ព្រោះតែលោកចង់ចូលរួមផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋខ្មែរ ពិសេសកម្មករ និយោជិត និង ថៅកែ និយោជក បានដឹង និងស្គាល់កាន់តែទូលំទូលាយ អំពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលមានភារៈផ្ដល់ប្រឹក្សា និងដោះស្រាយវិវាទការងារជូនពួកគេដោយឥតបង់ថ្លៃ។ វណ្ណ ស៊ីដារ៉ូ ៖«ជាពិសេសទាក់ទងនឹងការដោះស្រាយវិវាទការងាររួមនេះ គឺខ្ញុំគិតថា យើងគួរតែរួមចំណែកជួយសង្គមជាតិយើង ក៏ដូចជាការទប់ស្កាត់រវាងនិយោជក ក៏ដូចជានិយោជិត ហើយតាមរយៈជំនាញដែលយើងស្រឡាញ់ គឺការផលិតភាពយន្ដហ្នឹងតែម្ដង អញ្ចឹងគិតថា ជាជម្រើសដែលត្រូវបំផុតក្នុងការចូលរួមប្រកួតនៅក្នុងភាពយន្ដខ្នាតខ្លីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
តាមរយៈខ្សែភាពយន្ដខ្លីនេះ លោក វណ្ណ ស៊ីដារ៉ូ រំពឹងថា កម្មករ និយោជិត និង ថៅកែ និយោជក នឹងបានស្គាល់កាន់តែច្បាស់ ពីស្ថាប័នដែលមានសមត្ថកិច្ចរង់ចាំជួយពួកគាត់ ជុំវិញការដោះស្រាយវិវាទការងារ ដែលមិនអាចសះជារវាងថៅកែ និងកម្មករ។ លោក វណ្ណ ស៊ីដារ៉ូ ៖«អ្វីដែលយើងចង់បង្ហាញទៅអ្នកមើលគឺផែនទី មានន័យថា អ្នកខ្លះគាត់ដឹងហើយថា ដំណោះស្រាយគឺមិនអាចធ្វើឡើងដោយការទៅពិគ្រោះជាមួយគ្រូអាគមបានទេ ប៉ុន្ដែយើងបានឲ្យដំណោះស្រាយដ៏សមស្របមួយទៅកាន់គាត់ ជាពិសេសគឺដំណោះស្រាយផ្នែកច្បាប់ គឺការទៅរកក្រសួងការងារ ហើយនឹងចុងក្រោយទៅរកក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
មិនខុសគ្នាដែរ ប្រធានក្រុមផលិតភាពយន្ដមកពីខេត្ដសៀមរាបឯងណោះវិញលោក ឯក សាម៉ឺឌី ជាម្ចាស់ពានរង្វាន់លេខ ៣ ដែលភាពយន្ដរបស់លោកមានចំណងជើងថា “កត្ដញ្ញូ” បានប្រាប់វិទ្យុស្ដ្រីថា កន្លងមកលោកមិនដែលស្គាល់ស្ថាប័ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង តួនាទីរបស់ស្ថាប័នមួយនេះឡើយ។ ព្រោះតែដូច្នេះលោកគិតថា នៅមានពលរដ្ឋខ្មែរដែលរស់នៅតាមទីជនបទជាច្រើនទៀត ដែលមិនទាន់បានស្គាល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតួនាទីរបស់ស្ថាប័នមួយនេះ។ សាម៉ឺឌី សង្ឃឹមថា លោកនឹងបានទទួលចំណេះដឹងថ្មីៗ ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងផ្ដល់បន្តជូនដល់ពលរដ្ឋខ្មែរដទៃទៀត ពិសេសកម្មករ កម្មការិនី និយោជិត និង ថៅកែ និយោជក ឲ្យបានដឹងដូចលោកដែរ។ លោក ឯក សាម៉ឺឌី ៖«ខ្ញុំចង់បង្ហាញពីស្នាដៃខ្លួនឯងផង នឹងទទួលបានអ្វីដែលថ្មីផង ព្រោះខ្ញុំកន្លងមកមិនបានដឹងថា អង្គភាពហ្នឹងគេដោះស្រាយរបៀបម៉េច ហើយមុនទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺត្រូវឆ្លងកាត់ក្រសួងការងារអីអញ្ចឹងគឺខ្ញុំអត់ដឹងទាល់តែសោះ បាទនេះជាចំណាប់អារម្មណ៍។ ខ្ញុំគិតថា ក្រោយខ្ញុំបានចូលរៀនខ្ញុំបានចំណេះដឹងថ្មីមួយទៀត ហើយទី២គឺខ្ញុំបានចែកចាយព័ត៌មានពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹង ហើយទី៣ ខ្ញុំអាចមានឱកាស»។
ភាពយន្ដរឿង “កតញ្ញូ” នេះ បង្ហាញពីការទៅធ្វើការងារនៅក្រៅប្រទេស របស់នារីម្នាក់ ទាំងប្រថុយប្រថាន ដោយពុំមានលិខិតស្នាមអ្វីទាំងអស់ ហើយក៏ត្រូវវិលមកស្រុកកំណើតវិញ ខណៈប្រទេសដែលនាងបម្រុងទៅធ្វើការ រឹតបន្ដឹងការអនុវច្បាប់ជនអន្ដោប្រវេស។ បន្ទាប់មកនាងបានដាក់ពាក្យទៅធ្វើការងារនៅសណ្ឋាគាមួយនាខេត្ដសៀមរាប។ មិនយូរប៉ុន្មានដោយសារឪពុកឈឺ នាងប្រញាប់ទៅផ្ទះមើលឪពុក ដោយមិនបានសុំច្បាប់ថៅកែ។ ជាលទ្ធផល នាងត្រូវបានបញ្ឈប់ពីការងារក្រោយមហេតុផល ឈប់ដោយមិនបានសុំច្បាប់។ នាងមិនដឹងថា តើនឹងមានស្ថាប័នណាដែលអាចជួយដល់រូបនាងខណៈត្រូវបានបញ្ឈប់ពីការងារ ដោយសារកំហុសជាលើកដំបូងដូច្នេះ។
តាមរយៈភាពយន្ដរឿង “កតញ្ញូ” នេះ ប្រធានក្រុមដឹកនាំរឿង យុវជន ឯក សាម៉ឺឌី រំពឹងថា ក្រោយពីពលរដ្ឋខ្មែរ បានទស្សនាភាពយន្ដរបស់លោកហើយ ពួកគេនឹងប្រុងប្រយ័ត្នមុនសម្រេចចិត្ដធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។ លើសពីនេះ ពលរដ្ឋខ្មែរ នឹងមានគំនិតថ្មីក្នុងការស្វែងរកវិធីដោះស្រាយ និងទីកន្លែងផ្ដល់សេវាដោះស្រាយវិវាទការងារដែលល្អប្រសើរសម្រាប់ពួកគេ។
រីឯភាពយន្ដដែលមានចំណងជើងថា “លោកប្រធាន” ទទួលបានរង្វាន់លើកទឹកចិត្ដ ស្ថិតនៅចំណាត់ថ្នាក់លេខ ០៤។ យុវជន ជុំ ចេស្ដា មានស្រុកកំណើតនៅខេត្ដកណ្ដាល ជាប្រធានដឹកនាំក្រុមនេះ។ ចេស្ដា បានប្រាប់ឲ្យដឹងថា មូលហេតុដែលលោកចូលរួមប្រកួតផលិតខ្សែភាពយន្ដខ្នាតខ្លីនេះ ពីព្រោះលោកផ្ទាល់ធ្លាប់ឆ្លងកាត់វិវាទនៅកន្លែងការងារ ហើយក៏មានបុគ្គលិកនៅស្ថាប័នផ្សេងៗទៀត មានវិវាទដូចលោកដែរ ប៉ុន្ដែមិនដឹងថា រកស្ថាប័នណាដើម្បីជួយដោះស្រាយបញ្ហាបាន។
ខ្សែភាពយន្ដរឿង “លោកប្រធាន” បង្ហាញអំពីវិវាទការងាររួម ការអនុវត្ដច្បាប់ការងារ ទាក់ទិននឹងការសុំច្បាប់និង ប្រាក់ខែរបស់បុគ្គលិក។ បុគ្គលិកមានធុរៈស្នើសុំច្បាប់ ប៉ុន្ដែមិនត្រូវបានអនុញ្ញាត ដោយប្រធានក្រុមហ៊ុន ដោយបានលើកហេតុជាច្រើនជាលេសមិនអនុញ្ញាតច្បាប់ទ្បើយ។
ជុំ ចេស្ដា បញ្ជាក់ថា ការផលិតខ្សែភាពយន្ដនេះឡើង ក្នុងគោលបំណងបង្ហាញអំពីទិដ្ឋភាពការងារ ដែលថៅកែចង់បានប្រយោជន៍ខ្លួន ដោយមិនគិតពីប្រយោជន៍បុគ្គលិក។ លើសពីនេះ ចេស្ដា មានបំណង លើកទឹកចិត្ដដល់កម្មករ និយោជិត ឲ្យបញ្ឈប់សកម្មភាពដែលតែងប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កូដកម្ម ដោយងាកមករកតុចរចា និងស្វែងរកអន្ដ រាគមន៍ពីក្រសួងការងារ ស្ថាប័នដែលមានសមត្ថកិច្ចជួយដោះស្រាយវិវាទការងារវិញជាការប្រសើរ។ លោក ជុំ ចេស្ដា ៖« អញ្ចឹងគោលដៅចម្បងបំផុតគឺខ្ញុំចង់បង្ហាញពី ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះឯង ចង់ឲ្យពួកគាត់បានមើលហើយស្គាល់កាន់តែច្បាស់ថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងមានតួនាទីធ្វើអ្វី អញ្ចឹងខ្ញុំគិតថា ក្រោយពួកគាត់បានមើលទៅគាត់នឹងផ្លាស់ប្ដូរផ្នត់គំនិតចាស់ ដែលពីមុនភ្លាមឡើងគាត់ចង់ធ្វើបាតុក ឬធ្វើអ្វីមួយនោះ ខ្ញុំគិតថា គាត់ច្បាស់ជាផ្លាស់ប្ដូរអារម្មណ៍របស់គាត់មកសាកល្បងពិភាក្សាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
ជានិច្ចកាលបាតុកម្មបានផ្ទុះឡើង ខណៈដំណោះស្រាយវិវាទការងារ រវាងកម្មករ និយោជិត និង ថៅកែ និយោជក មិនអាចរកចំណុចរួមបាន។ ចេស្ដា មើលឃើញថា កាលណាមានបាតុកម្ម នឹងបង្ករការលំបាកជាច្រើនដល់កម្មករ និយោជិត។
ទាក់ទិននឹងការរៀបចំការប្រកួតផលិតខ្សែភាពយន្ដខ្នាតខ្លីនេះ គណៈកម្មការមួយរូប ដែលបានចូលរួមវាយតម្លៃអំពីគុណភាព និងបច្ចេកទេស នៃការផលិត យល់ឃើញថា ការប្រកួតនេះគឺជាសកម្មភាពដ៏ប្រសើរមួយ ព្រោះអាចធ្វើឲ្យយុវជនមានការរីកចម្រើន បង្ហាញពីស្នាដៃរបស់ពួកគេ ហើយស្វែងយល់កាន់តែច្បាស់ ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងបញ្ជូនព័ត៌មានទាំងអស់នោះ ទៅប្រជាពលរដ្ឋខ្មែរផ្សេងៗទៀត។
អ្នកនាង អាត សុធាវី ជា ទីប្រឹក្សាវីដេអូ នៃ Development Innovation របស់ USAID ហើយក៏ជាគណៈកម្មការវាយតម្លៃបច្ចេកទេសមួយរូបផង បានប្រាប់វិទ្យុស្ដ្រីថា មុនឈានដល់ការសម្រេចជ្រើសរើសយកខ្សែភាពយន្ដណាមួយ ដែលបានចូលរួមប្រកួតប្រជែង ទៅដាក់នៅលើគេហទំព័រ ដើម្បីឲ្យទស្សនិកជនបោះឆ្នោតផ្តល់ពិន្ទុសម្រចនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានធ្វើការត្រួតពិនិត្យលើខ្លឹមសារ គុណភាព និងបច្ចេកទេសក្នុងការថត និង ផ្តល់ពិន្ទុមួយវគ្គរួចហើយ រីឯវគ្គចុងក្រោយគឺអ្នកប្រើប្រាស់បណ្តាញសង្គមជាអ្នកសម្រេច។ លទ្ធផលពិន្ទុវគ្គទី១ និង វគ្គចុងក្រោយបូកបញ្ចូលគ្នា នឹងឃើញលទ្ធផលអ្នកទទួលបានជ័យលាភី។
អ្នកនាង អាត សុធាវី មើលឃើញថា នេះជាកម្មវិធីដ៏ល្អមួយ ដែលអាចផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋខ្មែរ ជាពិសេសកម្មករ កម្មការិនីឲ្យយល់ និងដឹងកាន់តែច្បាស់ ពីកន្លែងផ្ដល់សេវាដោះស្រាយវិវាទការងាររួម ជួនពួកគេ ស្របតាមច្បាប់ ជាពិសេស នេះជាសារ តាមរយៈវីដេអូដែលងាយយល់សម្រាប់ កម្មករ កម្មការិនី និយោជិត និងនិយោជក។ អ្នកនាង អាត សុធាវី ៖«ដូចខ្ញុំថាអញ្ចឹង វីដេអូជាវិធីសាស្ដ្រមួយជួយឲ្យអ្នកដែលបានមើលពីអត្ថន័យខ្លឹមសារហ្នឹងគឺងាយឆាប់យល់ ពីព្រោះអីវាមានរយៈពេលខ្លី ៣ ឬក៏៤នាទី អីអញ្ចឹងគឺគាត់អាចស្វែងយល់នីតិវិធីមួយចំនួនរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ បើយើងគិតពីនីតិវិធីផ្លូវច្បាប់ទាំងខ្ញុំផ្ទាល់ និងអ្នកដែលធ្វើការមួយចំនួន ជាពិសេសបងប្អូនកម្មករ កាត់ដេរហ្នឹង ពេលខ្លះយើងអត់សូវបានស្វែងយល់អំពីបញ្ហាផ្លូវច្បាប់ទេ ក៏ប៉ុន្ដែតាមរយៈវីដេអូខ្លីៗនេះគឺយើងអាចមើលដឹងថា អូខេ ក្នុងករណីដែលយើងមានបញ្ហា ទំនាស់អីអញ្ចឹងតើយើងធ្វើយ៉ាងម៉េច អញ្ចឹងខ្ញុំគិតថា វិដេអូហ្នឹងជាគន្លឹះមួយប្រាប់ទៅគាត់ថា ពេលមានបញ្ហាតើគាត់គួរទៅកន្លែងណាដើម្បីជួយដោះស្រាយបញ្ហារបស់គាត់»។
វិវាទការងាររួម គឺជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលនឹងដោះស្រាយជូនកម្មករ កម្មការិនី និយោជិត និងនិយោជក បន្ទាប់ពីពួកគេមិនព្រមស្រុះស្រួលគ្នា ត្រឹមដំណាក់កាលដោះស្រាយវិវាទការងារ នៅក្រសួងការងារ។
កម្មវិធី ផលិតខ្សែភាពយន្តអប់រំខ្នាតខ្លី ដែលផ្ដួចផ្ដើមដោយស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាលឆ្នាំ២០១៧នេះ គឺជាលើកដំបូង។ មូលហេតុដែលស្ថាប័នដោះស្រាយវិវាទការងាររួមមួយនេះ បង្កើតកម្មវិធីប្រកួតប្រជែងផលិតខ្សែភាព យន្ដខ្នាតខ្លីនេះឡើង គឺក្នុងគោលបំណងពង្រឹងការយល់ដឹងជាសាធារណៈ អំពីយន្ដការដោះស្រាយវិវាទការងារដោយសន្ដិវិធី និង ចូលរួមចំណែកធ្វើឲ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចជាតិ។ ប្រធានបទសម្រាប់ការប្រកួតប្រជែងឆ្នាំទី០១ នេះគឺ “តួនាទីរបស់ក្រុមប្រឹក្សាអាជ្ជាកណ្ដាល ក្នុងធ្វើឲ្យប្រសើឡើងនូវទំនាក់ទំនងរវាងកម្មករ និយោជិត និងនិយោជក“។
លោក ម៉ែន និម្មិត នាយកប្រតិបត្ដិ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានប្រាប់វិទ្យុស្ដ្រីថា មូលហេតុដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលរៀបចំកម្មវិធីនេះឡើង ពីព្រោះតែ នេះជាការផលិតវីដេអូខ្លី អាចបង្ហោះលើបណ្ដាញសង្គម ហ្វេស ប៊ុក ឬក៏លើ YouTube ដើម្បីផ្សាយដល់ពលរដ្ឋខ្មែរនៅទីជនបទឆ្ងាយៗ ពិសេសសម្រាប់ក្មេងៗ យុវជនជំនាន់ក្រោយ ដែលមិនធ្លាប់ឮ និងស្គាល់ទាល់តែសោះពីតួនាទីរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោក ម៉ែន និម្មិត សង្ឃឹមថា ក្រោយពីពលរដ្ឋ ពិសេស កម្មករ កម្មការិនី បានទស្សនាវីដេអូនេះហើយ ពួកគេនឹងចេះស្វែងរកជំនួយពីសហជីព អ្នកច្បាប់ ពិសេសពីស្ថាប័នដែលជួយគាត់ ករណីជម្លោះមិនអាចបញ្ចប់ត្រឹមក្រសួងការងារ។ លោក ម៉ែន និម្មិត ៖«សម្រាប់កម្មការិនី គាត់នឹងចេះពឹងពាក់ទៅខាងសហជីព អ្នកច្បាប់ ឲ្យតែគាត់បានដឹងថា ពេលណាគាត់មានវិវាទ គឺមានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួង ដែលជួយគាត់ អញ្ចឹងកាលណាគាត់បានដឹងពីយន្ដការដោះស្រាយវិវាទហើយគាត់នឹងស្វែងរកដំណោះស្រាយនោះហើយបាទ»។
ក្រុមប្រឹក្សាអាជ្ញាកណ្ដា គឺជាស្ថាប័នឯករាជ្យត្រីភាគីមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយវិវាទការងាររួម។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នតែមួយដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្ដល់សេវាដោះស្រាយវិវាទការងាររួមដោយឥតគិតថ្លៃ។ កម្មករ និយោជិត និង ថៅកែ និយោជក ទទួលបានជំនួយដោយផ្ទាល់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ការដោះស្រាយវិវាទការងារ ការសម្របសម្រួល និងការធ្វើអាជ្ញាកណ្ដាល ជាកិច្ចការរបស់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីធានានូវសុខុដុមនីយកម្ម និងទំនាក់ទំនងល្អនៅកន្លែងធ្វើការរវាងកម្មករ និយោជិត និងថៅកែ និយោជក៕