ភ្នំពេញ៖ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព័ត៌មានស្ដីអំពី ការរកឃើញកូនប្រជាពលរដ្ឋកើតមកមិនប្រក្រតីដោយសារឥទ្ធិពលនៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលសារព័ត៌មានFresh News ចុះផ្សាយនៅថ្ងៃទី ១៣ ខែតុលា នេះ ថា ក្មេងតូចៗ ៣នាក់ កើតមកមានភាពមិនប្រក្រតី ដោយសារឥទ្ធិពលគ្រាប់បែកគីមី ។
សេចក្ដីប្រកាសព័ត៌មាននេះ បញ្ជាក់ទៀតថា ការប្រទះឃើញបែបនេះ ក្រោយពីមន្រ្ដីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានសហការណ៍គ្នាចុះអង្កេតស្រាវជ្រាវដល់ឃុំ គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាទីកន្លែងដែលមានវត្តមានគ្រាប់បែកគីមីរបស់អាមេរិកកាលពីសម័យសង្រ្គាមបន្សល់ទុកយ៉ាងរាយប៉ាយ។
ក្នុងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បញ្ជាក់ដែរថា ៖« យើងបានពិនិត្យសុខភាពរបស់ប្រជាពលដ្ឋថ ហើយយើងបានរកឃើញក្មេងតូចៗ ៣នាក់ កើតមកមានភាពមិនប្រក្រតី ។ ក្នុងនោះមានក្បាលធំ មាត់វៀច ហើយមានម្នាក់ទៀតរបស់ស្បែកមិនឈប់នោះឡើយ ដោយក្មេងខ្លះដល់អាយុ ១៤ឆ្នាំ ។ តាមការពិនិត្យ ខ្ញុំជឿថា ភាពមិនប្រក្រតីរបស់ក្មេងទាំងនេះ ដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិកនេះតែម្ដង »។
តាមក្រសួងសុខាភិបាល ក្រសួងណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅទីតាំងដែលមានគ្រាប់បែកគីមីរបស់អាមេរិកបន្សល់ទុកយ៉ាងរាយប៉ាយ ដូចខាងក្រោមនេះ៖
១. ត្រូវនៅឲ្យឆ្ងាយពីគ្រាប់បែកគីមីតាមការណែនាំរបស់មន្រ្ដីជំនាញ
២.ត្រូវណែនាំកូនចៅមិនត្រូវរើសយកមកលេងនូវគ្រាប់បែកគីមីឡើយ
៣.បើមានរោគសញ្ញាខុសប្រក្រតី ឬមានកុមារកើតមកមានរូបរាងខុសប្រក្រតី សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពជាបន្ទាន់។
តែទោះយ៉ាងណាក៏ដោយ វិទ្យុស្រ្ដី នឹងសុំការបំភ្លឺបន្ថែមពីស្ថាទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចំពោះករណីខាងលើនេះ៕