ភ្នំពេញ៖ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅថ្ងៃព្រហស្បតិ៍ទី១២បានចុះទៅពិនិត្យសុខភាពប្រជាពលរដ្ឋនៅតំបន់មានគ្រាប់បែកគីមីនៅស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីស្វែងរកប្រភេទជំងឺរំារៃ។គ្រាប់បែកនេះគឺជារបស់កងទ័ពអាមេរិកដែលបានទំលាក់អំឡុងសង្រ្គាមវៀតណាម។

បេសកកម្មរបស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយធ្វើឡើងស្របពេលប្រជាពលរដ្ឋ៨នាក់រងគ្រោះប៉ះពាល់សុខភាពដោយសារការសាយភាយពីគ្រាប់បែកគីមីកាលពីសប្តាហ៍មុន។
លោកវេជ្ជបណ្ឌិត ហែម ប៊េណាលី បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែតុលានេះថាក្រុមបច្ចេកទេសរបស់លោក ចុះទៅពិនិត្យសុខាភាពអ្នកភូមិរស់នៅជុំវិញគ្រាប់បែកគីមីនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីពិនិត្យរកប្រភេទជំងឺរំារៃ។
យ៉ាងហោចណាល់ប្រជាពលរដ្ឋ៨នាក់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការៈក្អួត ចង្អោរ ឈឺក្បាល ថប់ដង្ហើមនិងរមាសស្បែនៅពេលពួកគេប៉ះពាល់គ្រាប់បែកគីមីផ្ទាល់ក្នុងចំការដំឡូងមីមួយកន្លែងកាលពីសប្តាហ៍មុន។
ក្នុងចំណោមប្រជាពលរដ្ឋទំាងនោះគឺយ៉ាងហោចណាស់ពលរដ្ឋបីនាក់នៅមានសុខភាពមិនរឹងមាំ។
ពលរដ្ឋម្នាក់ក្នុងចំណោមនោះគឺលោក សូ សារ៉ន ដែលទើបចេញពីមន្ទីរពេទ្យជាលើកទីពីរកាលពីម្សិលមិញរៀបរាប់ថាលោក និងម្តាយមីងម្នាក់ រួមទំាងអ្នកភូមិម្នាក់ទៀត សម្រេចទៅមន្ទីរពេទ្យបង្ហែកស្រុករមាសហែកជាថ្មី ទៀតកាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីមានអាការៈឈឺក្បាល់ ក្តៅក្នុងភ្នែកនិងថបដង្ហើម។
បែបនេះក្ដីប្រជាពលរដ្ឋទំាងបីនាក់នោះ មានស្ថានភាពធូរស្រាលនិងត្រឡប់ទៅផ្ទះអស់ហើយ បន្ទាប់សម្រាកពន្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែងចំនួនពីរយប់។នេះបើតាមលោកវេជ្ជបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
ក្រុមជំនាញគ្រាប់គិមីរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅCMACបញ្ជាក់ថាសារធាតុគីមីអាចនឹងជះចំហាយតាមខ្យល់និងប្រតិកម្មគីមីនឹងអាចធ្វើឲ្យពុលបណ្តាលឲ្យថបដង្ហើម ឈឺក្បាល ក្អួតនិងថបដង្ហើមជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាប្រមាណ១លានគ្រាប់ ក្នុងសម័យសង្រ្គាមជាមួយវៀតណាម។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថាក្រុមជំនាញគ្រាប់បែកគីមីបាន បញ្ចាប់ការរុករកគ្រាប់បែកគីមីក្នុងបរិវេណសាលាបឋមសិក្សានិងវត្តគគីរស្រុករមាសហែក ខេត្តស្វាយរៀងកាលពីថ្ងៃ៩ តុលា ដោយរកឃើញមួយគ្រាប់ប៉ុណ្ណោះ។ប៉ុន្តែអាជ្ញាធរកំចាត់មីន បានរកឃើញគ្រាប់បែកគីមីដូចគ្នានេះចំនួន១៥ទីតំាងទៀត ក្នុងឃុំគគីរ ខេត្តស្វាយរៀង៕