ភ្នំពេញ៖ស្ថានទូតអូស្ត្រាលីនៅកម្ពុជានិងក្រសួងការបរទេសអ៊ីតាលីបានប្រតិកម្មចំពោះរដ្ឋាភិបាលកម្ពុជាប៉ុនប៉ងរំលាយគណបក្សប្រឆំាងធំជាងគេ។ប្រតិកម្មនេះកើតឡើងស្របពេលគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាពិនិត្យមើលវិសោធនកម្មច្បាប់រំលាយគណបក្សប្រឆំាង។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអូស្ត្រាលីនិងក្រសួងការបរទេសអ៊ីតាលីធ្វើឡើងដាច់ដោយពីគ្នាបានចេញផ្សាយនៅថ្ងៃទី១១ ខែតុលានេះដោយសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍នយោបាយនៃការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិដែលនំាឲ្យជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតជាតិនៅឆ្នំា២០១៨ខាងមុខ។
ជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៤៨រូបបានដាក់ញត្តិមួយស្នើទៅគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនិងការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសភានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុកខណ្ឌនិងការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំសង្កាត់។
ការវិសោធនកម្មច្បាប់ទំាងបួននេះ ដើម្បីបែកចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលទៅឲ្យគណបក្សនយោបាយផ្សេងទៀតតាមរូបមន្តសមាមាត្រ។
ក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសទាំង២នេះបញ្ជាក់ថាការឈានទៅរកការលុបចោលគណបក្សប្រឆំាងធំជាងគេគឺជាជំហានថយក្រោយនៃដំណើរការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនំាឲ្យជះឥទ្ធិពលដល់ដំណើរការឆ្ពោះទៅរកការបោះឆ្នោតជាតិដោយសេរី យុត្តិធម៌និងតម្លាភាពនៅខែកក្កដា ឆ្នំា ២០១៨។
លោក Benedetto Della Vedova អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលីទទួលបន្ទុកកិច្ចការទ្វីបអាស៊ី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពសេរីភាពពលរដ្ឋនិងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆំាង ដើម្បីធានាការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។
ឆ្លើយតបទៅនិងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានអូស្ត្រាលីនិងក្រសួងការបរទេសអ៊ីតាលី លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាច្រាន់ចោលថាពុំមានការប៉ុនប៉ងរំលាយគណបក្សប្រឆំាងនោះទេ។
លោក សុខ ឥសាន្ត ពន្យល់ថា ការស្នើសុំរំលាយគណបក្សសង្រ្គោះជាតិដោយសារលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ប្រព្រឹត្តិអំពើក្បត់ជាតិ។
ប្រធានគណបក្សប្រឆំាងលោក កឹម សុខា កំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលជាង១ខែមកហើយ ក្រោមបទចោទអំពើក្បត់ជាតិ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាជួបជុំសំណេះសំណាលជាមួយកម្មកររោងចក្រកាលពីម្សិលមិញថាបើគណបក្សសង្រ្គោះជាតិត្រូវរំលាយគឺ អាសនៈទំាងអស់នឹងចែកទៅគណបក្សនយោបាយចំនួនប្រំាផ្សេងទៀត។
ចំពោះស្ថានទូតអូស្រ្តាលីប្រចំានៅកម្ពុជាលើកទឹកចិត្តដល់កម្ពុជាក្នុងការផ្តល់នូវបរិយាកាសអំណោយផលនិងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងប្រមូលផ្តុំ។ស្ថានទូតអូស្រ្តាលីបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរឹងមំាចំពោះលទ្ធិប្រជាធិបតេយ្យពហុបក្សយ៉ាងច្បាស់លាស់តាមរយៈលទ្ធផលការបោះឆ្នោតឃុំ សង្កាត់កាលពីខែមិថុនា ឆ្នំា២០១៧៕