ភ្នំពេញ ៖ អាណាព្យាបាល សិស្សស្រី និទ្ទេស “A” បានលើកឡើងដូចៗគ្នាថា ការលើកកម្លាំងចិត្ដ និងការផ្ដល់ភាពកក់ក្ដៅដល់កូនស្រី គឺជាចលករមួយ ជំរុញការខិតខំប្រឹងប្រែងរបស់កូនស្រីពួកគាត់ ខិតខំសិក្សារហូតទទួលបាននិទ្ទេស “A” ហើយផ្ដើមទៅបន្តការសិក្សានៅមហាវិទ្យាល័យ។ អាណាព្យាបាលសិស្សស្រី ជ័យលាភីកម្រិតខ្ពស់ទាំងនេះ ចង់ឲ្យ ឪពុក ម្ដាយ គ្រប់រូបបើទោះជារវល់ការងារយ៉ាងណា ក៏ត្រូវចំណាយពេលខ្លះ ជាមួយកូនៗប្រចាំថ្ងៃ ដើម្បីជាការលើកទឹកចិត្ដពួកគេ។ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីបានជួបអាណាព្យាបាលនិងសិស្សស្រីទាំងនោះនៅក្នុងកម្មវិធីសំណេះសំណាល់មួយរដ្ឋមន្ដ្រីក្រសួងបរិស្ថាន រៀបចំឡើងនៅក្រសួងបរិស្ថានកាលពីទី៤ ខែតុលា រាជធានីភ្នំពេញ។ លោក លៀ ស៊ីណា រាយការណ៍៖
យោងតាមលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ឆ្នាំសិក្សា ២០១៦ - ២០១៧ បានបង្ហាញថា សិស្សស្រីដែលប្រឡងជាប់មានចំនួន ៥១,២ភាគរយ បើធៀបនឹងសិស្សប្រុសមាន ៤៨,៨ ភាគរយ។ ក្នុងកម្រិតនេះ សិស្សស្រី ដែលប្រឡងបាននិន្ទេស “A” មានរហូតទៅដល់ ២១១ ក្នុងចំណោម ៤២៤នាក់។
អាណាព្យាបាលសិក្សស្រីដែលប្រឡងជាប់បាននិទ្ទេស “A” បានលើកឡើងថា ការចំណាយពេលជាមួយកូនស្រី គឺជាកត្ដាចម្បងដែលើកទឹកចិត្ដដល់កូនឲ្យប្រឹងប្រែងរៀនសូត្រ។
អ្នកស្រី អ៊ុង ស៊ីណាត អាយុ ៤១ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកូនស្រីវ័យ ១៨ឆ្នាំ ប្រឡងជាប់និទ្ទេស “A” ក្នុងឆ្នាំ២០១៧ នេះ។ អ្នកស្រីបានបង្ហាញក្ដីរីកជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនស្រីខ្លួន។ អ្នកស្រីបានឲ្យដឹងថា បើទោះជាអ្នកស្រីធ្វើការងារហត់នឿយយ៉ាងណាក៏អ្នកស្រីមិនដែលភ្លេចជួបកូនៗ ពិសេសកូនស្រី ដើម្បីសួរនាំ និងលើកទឹកចិត្ដ ឲ្យកូនប្រឹងប្រែងសិក្សានោះទេ។ ក្រៅតែពីការលើកទឹកចិត្ដដល់កូនហើយ អ្នកស្រីក៏តែងតែឈ្លៀតពេលជាប្រចាំដើម្បីមើលសៀវភៅតាមដានការសិក្សារបស់កូនស្រីអ្នកស្រី។ តាមអ្នកស្រី ស៊ីណាត ៖«បើនិយាយទៅបងទៅរកស៊ី កូនទៅរៀន អញ្ចឹងទៅបងមកអញ្ចឹងបងសួរម៉េចហើយមកពីរៀនម៉េចដែរកូន អញ្ចឹងៗទៅ កូនថា អត់អីទេម៉ាក់ខ្ញុំប្រឹងរៀន រៀនគួររៀនអីអញ្ចឹងទៅមកវិញ យើងតាមមើលកូនដែរ តើកូនរៀនឬមិនរៀនតែកូនខ្ញុំវារៀនតាមវាប្រាប់ខ្ញុំមែន»។
ទន្ទឹមនឹងនេះអ្នកស្រីចង់ឲ្យ ឪពុក ម្ដាយ គ្រប់រូបចាប់អារម្មណ៍ដល់កូនៗរបស់ខ្លួនឲ្យបានច្រើន ព្រោះវាជាការលើកកម្លាំងចិត្ដដល់ការសិក្សារបស់កូនយ៉ាងសំខាន់។
ត្រង់ចំណុចនេះស្ដ្រីវ័យ ៥៣ឆ្នាំមួយរូបរស់នៅរាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់គុយទាវ គឺអ្នកស្រី អាន យ៉េន មានកូនស្រីប្រឡងជាប់និទ្ទេសទទួលស្គាល់ថា ការជំរុញ និងលើកទឹកចិត្ដពីឪពុក ម្ដាយ ជាប្រការសំខាន់ដល់ការសិក្សារបស់កូន ក៏ប៉ុន្ដែអ្នកស្រីគិតថា ក្រៅតែពីមានការជំរុញ និងលើកទឹកចិត្ដពីឪពុក ម្ដាយ ហើយ ក៏ផ្អែកទៅលើទឹកចិត្ដសិស្សស្រីខ្លួនឯងផ្ទាល់ផងដែរ។ អ្នកស្រី អាន យ៉េន ៖«គាត់ខំរៀន យើងជំរុញឲ្យគាត់រៀន និស្ស័យគាត់ ចំណូលខ្លួនគាត់ផង បានយើងបានជោគជ័យ បើយើងជំរុញ កូនអត់ខំរៀនធ្វើម្ដេចទើបបានសំរេច ទាល់តែយើងផ្សំគ្នាអញ្ចឹងទៅ កូនក៏ខំ យើងក៏ណែនាំអញ្ចឹងទៅបានជោគជ័យទាំងអស់»។
អ្នកស្រី អាន យ៉េន ចង់ឲ្យសិស្សទាំងអស់ គឺមិនថាសិស្សប្រុស ឬសិស្សស្រីនោះទេ ត្រូវតែប្រឹងសិក្សាដើម្បីតបស្នងទៅកាន់ឪពុក ម្ដាយ ដែលធ្វើការហត់នឿយ ហូរ ញើសរាល់ថ្ងៃដើម្បីកូន។
ងាកមកលោក អ៊ុក សុផា វ័យ ៥២ឆ្នាំ រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ យល់ស្របថា ការលើកទឹកចិត្ដ ការផ្ដល់
កម្លាំងចិត្ដដល់កូន គឺជារឿងសំខាន់នឹងចាំបាច់។ លោក អ៊ុក សុផា ក៏តែងតែប្រាប់កូនស្រីរបស់លោក ឲ្យប្រឹងសិក្សាដើម្បីអនាគតទៅថ្ងៃមុខ ព្រោះឪពុក គ្មានអ្វីឲ្យកូនទេ គឺមានតែប្រឹងរកលុយឲ្យកូនរៀនប៉ុណ្ណោះ។ លោក អ៊ុក សុផា៖«គ្រាន់តែប្រាប់ថា ឲ្យខំប្រឹងប្រែង មានអនាគតរបស់កូន មិនមែនជាអនាគតរបស់ ឪ ទេ ជាអនាគតរបស់កូន ឪហួសហើយ ឪ មានតែរកលុយឲ្យកូនរៀនតែប៉ុណ្ណឹង»។
ការលើកទឹកចិត្ដជាការសំខាន់សម្រាប់កញ្ញា សុវណ្ណ ស្រីពិន ដែលមានស្រុកកំណើតនៅខេត្ដកណ្ដាល ជាម្ចាស់ជ័យលាភីនិទ្ទេស “A” ក្នុងចំណោមសិស្សទាំង ៤២៤នាក់នៅទូទាំងប្រទេស។ ស្រីពិន អាយុ ១៨ ជាសិស្សនៅវិទ្យាល័យសម្ដេច ហ៊ុន សែន ព្រែកកំពិស ខេត្ដកណ្ដាល។
នាងបានប្រឹងប្រែងសិក្សាជាខ្លាំងមុនឈានដល់ការប្រឡងជាប់និទ្ទេសលំដាប់កំពូលមួយនេះ គឺដោយសារការលើកទឹកចិត្ដពីឪពុក ម្ដាយ និងបងៗ រួមផ្សំនឹងការតាំងចិត្ដចង់ជួយឪពុក ម្ដាយ វ័យចំណាស់របស់ខ្លួនឲ្យបានស្រាកស្រាន្ដពីភាពហត់នឿយរាល់ថ្ងៃ។ កញ្ញា វណ្ណ ស្រីពិន ៖«គាត់ធ្វើស្រែគឺពិបាកតែម្ដង មិនមែនហត់ទេគឺពិបាកតែម្ដង ខ្ញុំគិតថា ខំប្រឹងប្រែងរៀនសូត្រធ្វើការងារឲ្យបានប្រាក់ច្រើនដើម្បីមកចិញ្ចឹមគាត់វិញ ហើយឈប់ឲ្យគាត់ធ្វើស្រែ ហើយស្រែហ្នឹងខ្ញុំនឹងប្រវាស់ឲ្យគេវិញដើម្បីឲ្យពួកគាត់ធូរស្រាលពីការងារធ្វើស្រែហ្នឹង»។
ជាមួយគ្នានេះកញ្ញា ស្រីពិន ចង់ឲ្យកូនស្រីទាំងអស់ផ្ដោតអារម្មណ៍ទៅលើការសិក្សាឲ្យបានច្រើនដើម្បីជាការតបគុណដល់ ឪពុក ម្ដាយ ដែលខំធ្វើស្រែ ធ្វើការ យ៉ាងលំបាកដើម្បីបានប្រាក់ឲ្យកូនៗបានរៀនសូត្រ។
គួរឲ្យកត់សម្គាល់ថា ចំនួនស្ត្រីកម្ពុជា ដែលទទួលបានទទួលការអប់រំមានកំណើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីឆ្នាំ២០០០ មានស្ត្រីត្រឹមតែ ២.៤ភាគរយប៉ុណ្ណោះ ដែលបានបន្តការសិក្សា ដល់ថ្នាក់វិទ្យាល័យ ខណៈឆ្នាំ២០១៧នេះ កើនដល់ ៣៧ភាគរយ៕