en     km
en     km

មន្រ្តីអាដហុក និងគ.ជ.ប ទទួលបានពានរង្វាន់សិទ្ធិមនុស្សពិភពលោកពីប្រទេសស្វីស

Share

ភ្នំពេញ៖ មន្រ្តីអាដហុក ៤រូប និងមន្រ្តីគ.ជ.ប ម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ បានទទួលពានរង្វាន់សិទ្ធិមនុស្សពិភពលោក (Martin Ennals Award for Human Rights Defenders !)ពីប្រទេសស្វីស។ព្រឹត្តិការណ៍នៃការប្រគល់ពានរង្វាន់នេះធ្វើឡើងកាលពីថ្ងៃទី ១១ តុលានៅក្រុងហ្សេណែវ។

នៅថ្ងៃទី១៤ តុលា ខាងមុខនេះ សមាជិកគ្រួសាររបស់មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប ទាំង៥រូប នឹងទៅទទួលពានរង្វាន់នេះជំនួស ព្រោះអ្នកទាំង៥ពុំមានសិទ្ធិអាចេញទៅក្រៅប្រទេសបាន ដោយកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

 

                                        ក្រុមសង្គមស៊ីវិលអង្គការអាដហុក ជាមួយពានរង្វាន់កាពារសិទ្ធិមនុស្សពិភពលោក។

អង្គការធំៗចំនួន១០ បានសម្រេចប្រគល់ពានរង្វាន់សិទ្ធិមនុស្សពិភពលោក (Martin Ennals Award for Human Rights Defenders !)​ដល់អ្នកការពារសិទ្ធិមនុស្សចំនួន ៧នាក់ មកពីប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា អេហ្ស៊ីប(Egypt) និង ប្រទេស អេ ហ្សាវ៉ាឌ័រ(El Salvador)។ ពានរង្វាន់នេះត្រូវបានប្រារព្ធពិធីប្រគល់កាលពីថ្ងៃទី១១ តុលាមក នៅទីក្រុងហ្សឺណែវ(Geneva)ប្រទេសស្វីស។

មន្រ្តីការពារសិទ្ធមនុស្សកម្ពុជាទាំង ៤ រូបដែលទទួលបានពាននេះមានលោកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ងដា លោក យី សុខសាន្ត​ ជាមន្រ្តីការពារសិទ្ធមនុស្សអាដហុក និងលោក នី ចរិយា ជាអគ្គលេខាធិការរងគ.ជ.ប។  ចំណែកប្រទេស El Salvador គឺលោកស្រី កាឡា អាវេឡា(Karla Avelar) និងប្រទេស Egypt គឺលោក​ ម៉ូហាម៉េត សារ៉ា(Mohamed Zara) ។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ តុលានេះថា ពានរង្វាន់ដែលមន្រ្តីការពារសិទ្ធមនុស្សទាំងនេះទទួលបាន គឺបន្ទាប់ពីមានការវាយតម្លៃដោយរកឃើញថា មន្រ្តីទាំងនេះមានសមត្ថភាព មានភាពក្លាហាន ហ៊ានប្រឈមុខនឹងអាជ្ញាធរក្នុងការការពារសិទ្ធិជូនពលរដ្ឋ។

ក្នុងនាមជាមន្ត្រីអាដហុក លោក ស៊ឹង សែនករុណា ចូលរួមសាទរ ដែលមន្រ្តីរបស់ខ្លួនទទួលបានពានរង្វាននេះ។ លោកបន្តថា ពានរង្វាន់មួយនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អង្គការសិទ្ធិមនុស្សធំៗលើកពិភពលោក លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លោក ស៊ឹង សែនករុណា៖«យើងមើលឃើញថា អន្តរជាតិមានការយកចិត្តទុកដាក់លើបញ្ហាកម្ពុជា ជាពិសេសលើការគោរពសិទ្ធិមនុស្ស ឬក៏លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះបញ្ហាកម្ពុជាជួបប្រទះក៏ដូចជាសកម្មជនសិទ្ធិកម្ពុជាដដៃទៀត មិនមែនតែសមាគមអាតហុកទេ ដូចជាបញ្ហាអ្នករងគ្រោះដីធ្លី ឬក៏អ្នកទទួលរងនូវភាពអយុត្តិធម៌សង្គម គឺត្រូវអន្តរជាតិមានការលើកទឹកចិត្ត មានការយកចិត្តទុកដាក់​ហោយមានការផ្តល់រង្វាន់ដូចនេះ»។

មន្រ្តីសមាគមអាដហុកបួនរូបមានលោកស្រី លឹម មុន្នី លោក ណៃ វ៉ងដា លោក នី សុខា លោក យី សុខសាន្ត​ និង លោក នី ចរិយា ជាអគ្គលេខាធិការរងគ.ជ.ប ម្នាក់ទទួលរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងដែលគេសង្ស័យថាជាលោក កឹម សុខា ក្នុងរឿងរ៉ាវស្នេហាលួចលាក់ជាមួយនារីវ័យក្មេងជាជាងកាត់សក់នាក់ក្នុងរាជធានីភ្នំពេញ។

អ្នកទាំង៥ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអស់ជាង ១ឆ្នាំ ទើបមានការដោះលែងឱ្យមានសេរីភាពជាបណ្តោះអាសន្នឡើងវិញ។

                                       ​ពិធីប្រគល់ពានរង្វាន់នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី១១ តុលា។

លោកស្រី លឹម មុន្នី មន្រ្តីនៃសមាគមអាដហុកមួយរូបប្រាប់វិទ្យុស្រ្តីថា លោកស្រីមានក្តីរំភើបរីករាយដែលទទួលបានពានរង្វាន់នេះ ហើយថាការផ្តល់ឱ្យនេះពិតជាស័ក្ដសមចំពោះអ្វីដែលលោកស្រីបានលះបង់ក្នុងការជួយពលរដ្ឋក្នុងសង្គម។

លោកស្រីបន្តថា ពានរង្វាន់មួយនេះ គឺចំណែកមួយជំរុញទឹកចិត្តលោកស្រី ដើម្បីបន្តខិតខំក្នុងកិច្ចការងារជួយលើកស្ទួយសិទ្ធិពលរដ្ឋបន្ថែមទៀត រហូតដល់អ្នកស្រីត្រូវចូលនិវត្តន៍។

លោកស្រី លឹម មុន្នី៖«ពេលណាខ្ញុំនៅមានកម្លាំងកាយ គឺខ្ញុំនៅតែប្រឹងប្រែង ខ្ញុំនៅតែតស៊ូ ខ្ញុំនៅតែធ្វើការងារជួយសង្គមដែលខ្ញុំយល់ថា ជាការត្រឹមត្រូវនេះជារៀងរហូត។ ប៉ុន្តែទោះបីជាខ្ញុំអស់កម្លាំងកាយ ទទ្រុឌទ្រោម ឬមួយក៏ចាសជរា ក៏ខ្ញុំនៅតែមានកម្លាំងចិត្តផ្តល់ឱ្យក្មេងជំនាន់ក្រោយ ផ្តល់ជូននៅអ្វីដែលខ្ញុំមាន បទពិសោធន៍ ឆន្ទៈ ហើយនឹងការចូលរួមផ្សេងៗដែលអាចទៅរួច គឺខ្ញុំព្យាយាមលះបង់ទាំងអស់ពិខ្លួនខ្ញុំក្នុងមួយជីវិតនេះ ក្នុងនាមជាអ្នកការពារលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា»។

ជុំវិញការផ្តល់ពានរង្វាន់ដល់សមាគមអាដហុកនេះ លោកស្រី ធីតា ឃឹះ នាយិការអង្គការ​សីល​កា សាទរចំពោះសមាគមអាដហុកដែលទទួលបានពានរង្វាន់សិទ្ធិមនុស្សពិភពលោកនេះ។ លោកស្រីចាត់ទុកថា មន្រ្តីទាំងអស់នោះ បានក្លាយជានិមិត្តរូបអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

លោកស្រី ធីតា ឃឹះ ៖«ខ្ញុំគិតថា អ្វីដែលគាត់បានទទួលហ្នឹងគាត់បានក្លាយទៅជានិមិត្តរូបនៃអ្នកការពារសិទ្ធិមនុស្ស។ ដូច្នេះពានរង្វាន់ដែលគេផ្តល់ឱ្យហ្នឹងគឺជាការលើកទឹកចិត្ត និងជាសារមួយជូនទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ក៏ដូចជាអ្នកការពារសិទ្ធិមនុស្សដែលថា អ្នកនៅខាងក្រៅនៅតែឃ្លាំមើល ហើយផ្តល់តំលៃនូវការងារដែលគាត់កំពុងធ្វើ»។

 

                                                    លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលកា ។

ជាការកត់សម្គាល់ មន្រ្តីសិទ្ធិមនុស្ស សកម្មសិទ្ធិមនុស្ស សកម្មជនដីធ្លី និងបរិស្ថាន ព្រមទាំងអ្នកវិភាគជាច្រើននាក់ត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរចាប់ដាក់ពន្ធនាគារ ធ្វើទុក្ខបុកម្នេញដោយបណ្តេញចេញពីកម្ពុជាហើយករណីខ្លះអ្នកទាំងនោះត្រូវរងការបាញ់សម្លាប់។

អ្នកទាំងនោះដូចជាលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ។ ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយ សកម្មជនការពារដីធ្លី អ្នកស្រី ទេព វន្នី ព្រមទាំងយុវជន ឌុប គុណឌី និង ហ៊ុន វណ្ណៈ ជាសកម្មជនការពារបរិស្ថានរបស់អង្គការមាតាធម្មជាតិត្រូវបានតុលាការឃុំខ្លួននៅឡើយ៕ 

Share

ព័ត៌មានទាក់ទង

Image