ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើកទី២៥ នៅសណ្ឋាគារភ្នំពេញនៅព្រឹកថ្ងៃទី១១ តុលានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានថ្លែងថា កម្ពុជាកំពុងសិក្សារកចំណុចខ្វះខាត និងបញ្ហាប្រឈមនៃវិស័យមួយចំនួន ដើម្បីឱ្យEIFជួយរកដំណោះស្រាយ និងបន្តផ្តល់ជំនួយ ដើម្បីឱ្យកម្ពុជាហក់ចូលប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
លោកបន្តថា ចាប់ពីឆ្នាំ២០០១មកកម្ពុជាបានទទួលជំនួយពី EIF បានប្រមាណ៨០០លានដុល្លារ ដែលជំនួយទាំងនោះកម្ពុជាបានយកមករៀបចំដំណើរការដើម្បីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក និងយកមកពង្រឹងវិស័យមួយចំនួនទៀត ដូចជា វិស័យជលផល កសិកម្ម ការផលិតសូត្រ និងវិស័យបដិសណ្ឋាកិច្ច។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានថ្លែងបន្តថា ទោះបីកម្ពុជាកំពុងស្ថិតជាប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែកម្ពុជាគឺជាប្រទេសគម្រូឈានមុខគេ ក្នុងការពង្រឹងសមាហរណកម្មពាណិជ្ជកម្មរបស់ខ្លួន។
យ៉ាងណាមិញលោកថា កម្ពុជានៅជួបបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវឱ្យ EIF បន្តជួយដើម្បីឱ្យកម្ពុជាឈានចូលប្រទេសដែលមានចំណូលធម្យមកម្រិតទាប។
ជម្រាបថា កម្មវីធីពង្រឹងក្របខណ្ឌសមារណកម្ម ហៅកាត់ថា EIF គឺជាកម្មវិធីមួយដែលបានបង្កើតឡើង ដើម្បីជួយប្រទេសអភិវឌ្ឍតិចតួចទាំងឡាយ ក្នុងការអភិវឌ្ឍ និងប្រើប្រាស់វិស័យពាណិជ្ជកម្មជាយានកាត់បបន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាបានចូលកម្មវិធីនេះ នៅឆ្នាំ២០០១។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានឱ្យដឹងថា បន្ទាប់ពីកម្ពជាបានចូល EIF គឺកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីកម្មវីធីនេះ ដូចជាការកសាងធនធានមនុស្ស និង ការពង្រីកការនាំចេញផលិតផលជាដើម។
កម្មវិធី EIF ដែលបានអនុវត្តនៅកម្ពុជានាពេលកន្លងមកមាន កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញជាជំហានទី១ ឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦ ដោយផ្តោតសំខាន់ លើសមាសភាគ អង្ករ សូត្រប្រណិត។ ចំណែកជំហានទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ផ្តោតសំខាន់លើសមាសភាគ ដំឡូងមី ផលនេសាទសមុទ្រ និងបដិសណ្ឋាកិច្ច។ ទាំងពីរជំហាននេះ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើននាំចេញរបស់កម្ពុជា ដែលឆ្លើយតបយ៉ាងល្អទៅនឹងគោលដៅយុទ្ធសាស្រ្តសមាហរណកម្មកម្ពុជា។
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា លោក ចច អ៊ីហ្គា បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៧ ដល់២០១៥ សហគមន៍អឺរ៉ុប និងរដ្ឋសមាជិក បានផ្តល់ ជំនួយសម្រាប់ពាណិជ្ជកម្ម(AfT) ដល់ប្រទេស អភិវឌ្ឍតិចតួចចំនួន ៩៦,៨ប៊ីលានអឺរ៉ូ ដែលចំនួននេះ ស្មើនឹង ១/៣ នៃទឹកប្រាក់ AfT ពិភពលោក។ លោកបន្តថា សហគមន៍អឺរ៉ុបក៏បានអនុញ្ញាតឲ្យប្រទេសអភិវឌ្ឍតិចតួច ចំនួន ៤៧ រួមទាំងកម្ពុជា អាចនាំចេញទំនិញ ទៅកាន់ទីផ្សារអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះព័ន្ធ ចាប់តាំងពីឆ្នាំ ២០០១មក៕