ភ្នំពេញ ៖ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហៅកាត់ថា ACF នៅថ្ងៃទី១០ ខែតុលា នេះ បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ជូនក្រុមផលិតករ ដែលផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លី មានចំណងជើងថា “គ្រូអាគម” ។ ក្រុមផលិតមានសមាជិក ០៨ រូប ស្ដ្រី០៤រូប។ ពួកគេសង្ឃឹមថា កម្មករ កម្មការិនី និយោជិត និងនិយោជក ក្រោយពីបានមើលខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះហើយ ពួកគេនឹងរួមគ្នាដោះស្រាយវិវាទការងារ ដោយសន្ដិវិធី ស្របតាមច្បាប់ការងារកម្ពុជា ពិសេសគឺស្វែងរកអន្ដរាគមន៍ពីក្រសួងការងារ ឬក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលមានភារៈដោះស្រាយវិវាទការងារួម។ លោក លៀ ស៊ីណា រាយការណ៍ ព័ត៌មាននេះ ៖
ពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី ដែលផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លី លើកទឹកចិត្ដដល់កម្មករ និយោជិត និងនយោជក ឲ្យដោះស្រាយវវិវាទការងាររួមដោយសន្ដិវិធីនេះគឺប្រារព្ធឡើងនៅទីស្នាក់ការ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅរាជធានីភ្នំពេញ។ ជាងនេះខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះ ក៏បានបង្ហាញពីទីកន្លែងដែលផ្ដល់សេវា ដោះស្រាយវិវាទការងារ ដោយឯករាជ្យ និងឥតបង់ថ្លៃ ជួនដល់កម្មករ និយោជិត និងនិយោជក ផងដែរ នោះគឺ “ក្រុមប្រឹក្សាអាជ្ញាកណ្ដាល”។ តាមលោក ម៉ែន និម្មិត នាយកប្រតិបត្ដិ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល មូលដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលរៀបចំឲ្យមានការប្រកួត បង្កើតជាខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះឡើង ព្រោះតែវាមានអត្ថប្រយោជន៍ច្រើនក្នុងការផ្ដល់ព័ត៌មានទៅគ្រប់ទីកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករ កម្មការិនី និយោជិត និងនិយោជក បានដឹងកាន់តែច្បាស់ពីកន្លែងដើម្បីផ្ដល់សេវាដោះស្រាយវិវាទការងាររួមជួនពួកគេដោយឥតបង់ថ្លៃ។
ការបង្កើតកម្មវិធី ផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះគឺជាលើកដំបូងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលស្ថាប័នដោះស្រាយវិវាទការងាររួមជួនកម្មករមួយនេះ ក៏មានគម្រោងបង្កើតកម្មវិធីដូចគ្នានេះតទៅឆ្នាំក្រោយៗទៀតផងដែរ។
លោក ម៉ែន និម្មិត បង្ហាញក្ដីសង្ឃឹមថា នឹងមានការចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាជួនកម្មករ កម្មការិនី និយោជិត និងនិយោជក ដោយសន្ដិវិធី ប្រយោជន៍ដើម្បីទាក់ទាញការចូលវិនិយោគក្នុងប្រទេសកាន់តែច្រើនដើម្បីជួយពង្រីកការអភិវឌ្ឍន៍ក្នុងប្រទេស។
ក្រុមផលិតករ ដែលបានបញ្ជូនខ្សែភាពយន្ដអប់រំខ្នាតខ្លី ទៅចូលរួមប្រកួតប្រជែងនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនាពេលនេះ គឺមានចំនួន ៨ក្រុម ក៏ប៉ុន្ដែជាប់បានត្រឹមតែ ៤ក្រុមប៉ុណ្ណោះ។ គណៈកម្មការពិនិត្យឃើញថា ខ្លឹមសារ នៃខ្សែភាពយន្ដអប់រំខ្នាតខ្លីទាំង ៤នោះ គឺឆ្លុះបញ្ចាំពីភាពជាក់ស្ដែងនៃសកម្មភាពរបស់ កម្មករ កម្មការិនី និងនិយោជិត ខណៈពួកគេមានទំនាក់ការងារ។
ក្រុមដែលទទួលជ័យលាភីលេខ ១សម្រាប់ការប្រកួតផលិត ខ្សែភាពយន្ដអប់រំខ្នាតខ្លី ក្នុងចំណោម ៤ក្រុមចុងក្រោយនេះ គឺបានទៅលើក្រុមរបស់លោក វណ្ណ ស៊ីដារ៉ូ ដែលជាផលិតករវ័យក្មេង មានសមាជិក ៨រូប ស្ដ្រី ៤រូប។
ក្រុមម្ចាស់ជ័យលាភីលេខ ១ លើការផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះ មានចំណងជើងថា “គ្រូអាគម”។ វិដេអូនេះ បានរៀបចំឡើងដោយប្រើប្រាស់ ទង្វើជាញឹកញាប់របស់កម្មករ កម្មការិនី និយោជិត ដែលតែងតែធ្វើខណៈពួកគេមានវិវាទការងារណាមួយកើតឡើង។
លោក វណ្ណ ស៊ីដារ៉ូ ប្រធានក្រុមផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លីមួយនេះ បានឲ្យដឹងថា ការចូលរួមប្រកួតផលិតខ្សែភាពយន្ដអប់រំខ្នាតខ្លី ស្ដីពី កន្លែងផ្ដល់សេវាដោះស្រាវវិវាទការងារ សម្រាប់កម្មករ និយោជិត និងនិយោជកនេះ ពីព្រោះតែលោកចង់ចូលរួមលើកទឹកចិត្ដដល់ គ្រប់ភាគី ដែលមានវិវាទការងាររួម ឲ្យស្វែងរកដំណោះស្រាយ ដោយសន្ដិវិធី តាមរយៈក្រសួងការងារ ឬក៏តាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
យ៉ាងណាផលិតករវ័យក្មេងលោក វណ្ណ ស៊ីដារ៉ូ សង្ឃឹមថា ក្រោយពេលដែលកម្មករ កម្មការិនី និយោជិត ក៏ដូចជានិយោជក បានមើលខ្សែភាពយន្ដអប់រំខ្នាតខ្លីនេះហើយ ពួកគេនឹងបញ្ឈប់សកម្មភាពដោះស្រាយទំនាស់ដោយហិង្សា ហើយងាកមករកដំណោះស្រាយតាមសន្ដិវិធីវិញ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាគឺជាស្ថាប័នឯករាជ្យត្រីភាគីមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយវិវាទការងាររួម ជួនកម្មករ ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជាស្ថាប័នតែមួយដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាដោះស្រាយវិវាទការងាររួមដោយមិនគិតថ្លៃ។ កម្មករ និយោជិត និងនយោជក ទទួលបានជំនួយដោយផ្ទាល់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងាររបស់ពួកគេ។ ការសម្របសម្រួល និងការធ្វើអាជ្ញាកណ្ដាលជាកិច្ចការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីធានានូវសុខុដុមនីយកម្ម និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ៕