en     km
en     km

តុលាការកំពូលបង្គាប់ឱ្យគណបក្សប្រឆាំងដាក់ឯកសារឆ្លើយតបនឹងបណ្តឹងរំលាយគណបក្ស

Share

នៅព្រឹកថ្ងៃទី១០ តុលានេះ ​តុលាកំពូលបានចេញដីកាបង្គាប់ឱ្យគណបក្សសង្រ្គោះជាតិត្រៀមធ្វើសារណាការពារសំណុំរឿងរបស់ខ្លួន ដែលតំណាងមេធាវីក្រសួងមហាផ្ទៃបានប្ដឹងសុំរំលាយគណបក្សប្រឆាំងនេះ។ ក្នុងពេលនេះដែរ មន្ត្រីតុលាការក៏បានបិទដីកានៅ​មុខទីស្នាក់គណបក្សសង្រ្គោះជាតិដើម្បីជាភស្តុតាងបញ្ជាក់ពីការបង្គាប់ជាលាយអក្សរ។ តែបែបនេះក្ដីគណបក្សប្រឆាំង​ មិនទាន់សម្រេចបែបណានោះទេ ថាតើគួរដាក់​ឯកសារទៅឬអត់។

ដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមរបស់ចៅក្រមតុលាកំពូល លោក សែម ស័ក្តិកូឡា ​ដែលបានបិទនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ បានបង្គាប់មកប្រធានបក្សនេះ ​ឱ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់ក្រសួងមហាផ្ទៃ ​ដោយកំណត់រយៈពេល​២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ។

ដីកាបង្គាប់នេះធ្វើឡើងបន្ទាប់ពីក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ កាលថ្ងៃទី​០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ​តាមពាក្យប​ណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។ ​

ដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមរបស់ចៅក្រមតុលាកំពូលបិទនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ

លោក សុន ឆ័យ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ​ បានប្រាប់អ្នក​​សារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សនៅថ្ងៃនេះថា ​គណបក្សទើបតែទទួលដំណឹងនេះក្រោយបញ្ចប់​​ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​ ហើយហេតុ​នេះគណបក្សមិនទាន់សម្រេចបែបណានោះទេដោយរង់ចាំពិភាក្សាជាមួយមេធាវីសិន។

លោក សុន ឆ័យ ៖«ដូច្នេះអចិន្រ្តៃយ៍មិនទាន់បានពិនិត្យទៅលើឯកសារទាំងនេះហើយធម្មតា​ការងារ​នេះត្រូវតែពិគ្រោះជាមួយក្រុមមេធាវី តើនិតិវិធីនេះត្រូវធ្វើបែបមិចព្រោះពួកយើងដឹងហើយថា បណ្តឹងទៅតុលាការកំពូលនេះវាជានិតិវិធីមិនធម្មតានោះទេ។»

ចំណែកលោក មេធាវីសំ សុគង់ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃដដែលនេះថា រហូតមកដល់ពេលនេះក្រុមមេធាវីការពារ មិនទទួលបានការពឹងពាក់ឬការផ្ទេរសិទ្ធិពីគណបក្សសង្រ្គោះជាតិជុំវិញករណីប្តឹងរំលាយគណបក្សនៅឡើយទេ។

មេ​ធាវីរូបនេះបានប្រាប់បន្តថា ​ជានីតិវិធីប្រសិនបើ គណបក្សសង្រ្គោះជាតិមិនចង់សរសេរ​សារណា ​ឬឯកសារ​ត្រៀម ប្រគល់ឱ្យតុលាការតាមការបង្គាប់ក៏គ្មានច្បាប់ណាមកបង្ខំដែរ ​ប៉ុន្តែ​តុលាការនឹងដំណើរការ​នីតិ​វិធី​ធម្មតាក្រោយពីការជូនដំណឹងនេះ។

លោក មេធាវីសំ សុគង់ ៖«យើងក៏អត់ដឹងថាជំហររបស់គណបក្សសង្រ្គោះជាតិ ថាសរសេរឬមិនសរសេរទេ»

​យ៉ាងណាមិញលោក សុន ឆ័យ រំពឹងថា គណបក្សសង្រ្គោះជាតិនឹងមិនត្រូវបានរំលាយនោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា ធ្លាប់បានធានា​ចំពោះស្ថានទូតបរទេសមួយចំនួនថា ទោះជាយ៉ាងណាក៏ដោយនឹងមិនរំលាយគណបក្សសង្រ្គោះជាតិនោះទេ។

ទាក់ទិន ករណីនេះ សហភាពអឺរ៉ុបបាន ស្នើកម្ពុជាពិចារណា ការស្វែងរកយន្តការរំលាយគណបក្សប្រឆាំងធំនេះ៕

Share

Image
Image
Image