ក្រោយពីសន្យាផ្ដល់ថវិកាដល់កម្មការីនី ដែលសម្រាលកូនម្នាក់ៗ ៤០ម៉ឺនរៀល នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល ក៏សម្រេចគោលនយោបាយ មួយទៀតជួយផ្ដល់ប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀល ដល់ស្ត្រីអ្នករាជការ នៅពេលពួកគាត់ សម្រាលកូន។ គោលនយោបាយនេះ នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨។ សង្គមស៊ីវិលធ្វើការងារលើបញ្ហាស្រ្តីសាទរ ដោយ ចាត់ទុកថាគោលនយោបាយនេះល្អចំពោះទឹកចិត្តស្ត្រីក្នុងការងាររដ្ឋ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់ស្រ្ដី ជាមន្រ្ដីរាជការស៊ីវិល នគរបាល និងកងទ័ព ដោយក្នុងនោះ ស្រ្ដីដែលសម្រាលបានកូនមួយនឹងទទួលបានថវិកា ៨០ម៉ឺនរៀល។ រីឯ ស្រ្ដីសម្រាលបានកូនភ្លោះ (ពីរ) នឹងទទួលថវិកា ១លាន ៦សែនរៀល ។ ដោយឡែក សម្រាប់ស្រ្ដីដែលសម្រាលបានកូនភ្លោះ(បី)នាក់នឹងទទួលបាន ២លាន ៤សែនរៀល ។
សំឡេង៖
សម្ដេច ហ៊ុន សែន ៖« ចឹងទេខ្ញុំសូមយកឱកាសនេះ ប្រកាសជូនថា ចាប់ពីខែមករា ឆ្នាំ ២០១៨តទៅ ស្រ្ដីដែលជាមន្រ្ដីរាជការស៊ីវិល ស្រ្ដីដែលជានគរបាល ស្រ្ដីដែលជាកងទ័ពនឹងត្រូវទទួលបាននឹងការឆ្លងទន្លេ ដែលមានកូន១ ចំនួន ៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះ(២) ឡើងដល់ ១លាន ៦សែនរៀល ហើយបើបានកូនភ្លោះ(៣) នឹងទទួលបាន ២លាន ៤សែន រៀល »។
ការសម្រេចរបស់សម្ដេចហ៊ុនសែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) នៅព្រឹកថ្ងៃទី០៩ តុលា ឆ្នាំ២០១៧នេះ។
ចំណែកលោកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានសារទរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ។ ប៉ុន្ដែ លោកស្រីមើលឃើញមួយចំណុចទៀតដែលចាំបាច់ដែរនោះ គឺ រាជរដ្ឋាភិបាលក៏គួរតែជួយទប់ស្កាត់តម្លៃទំនិញនៅលើទីផ្សារមិនអោយឡើងថ្លៃខ្ពស់ពេក ។
សំឡេង៖
អ្នកស្រី រស់ សុភាព ៖« គោលនយោបាយណឹងល្អតើ សម្រាប់មន្រ្ដីរាជការអីសប្បាយចិត្តហើយ ។ ប៉ុន្ដែជួយទប់ស្កាត់បន្លែឡើងថ្លៃផង ! ទឹកភ្លើង សាំង ហើយនិងបន្លែត្រីសាច់អីណឹង សូមអោយនៅ ប៉ុនណឺង បើសិនជាវាឡើងទៀត គឺមិនអាចទប់ទល់បានទៀត ចឹងធ្វើអោយគាត់ជួបប្រទះនិងវិបត្តិ ដដែល»។
តើអ្នកវិភាគយល់ឃើញយ៉ាងដែរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកគ្រូ និងស្ត្រីមន្រ្ដីរាជការ?
អ្នកវិភាគពីបញ្ហាសង្គម លោក ឯម សុវណ្ណារ៉ា ក៏បានសារទរដែរ។ តែយ៉ាងណាលោកក៏សុំអោយរដ្ឋាភិបាល ប្រកាសកំណត់ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងការពរពោះជូនដល់អ្នកគ្រូៗ និងមន្រ្ដីរាជការជាស្រ្ដី ជាស្ដង់តែមួយ ដោយមិនមែនជាស្ដង់ដារពីរ គឺ អោយដូចទៅនឹងការផ្ដល់ប្រាក់ឧបត្ថម្ភកម្មករ-កម្មការិនី ផងដែរ។
សំឡេង៖
លោក ឯម សុវណ្ណារ៉ា ៖ «ខ្ញុំគិតថា នេះជាយន្ដការដែលរដ្ឋាភិបាលលោកលើកទឹកចិត្តដល់មន្រ្ដីរាជការ មន្រ្ដីរាជការពេញចិត្តយល់ឃើញពីតម្លៃនៃការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាល ចឹងប្រជាពលរដ្ឋ មន្រ្ដីរាជការ លោកអាចមានទស្សនៈ គិតអំពីការគាំទ្រទៅដល់បក្សនយោ បាយកាន់អំណាចនឹងមានប្រជាប្រិយភាពនឹងបន្ដការគាំទ្រការបោះឆ្នោតឆ្នាំ ២០១៨ ។ ប៉ុន្ដែបើយើងមើល ៨០ម៉ឺន បើយើងធៀបអត់ស្មើនឹងកម្មករទេ ប្រសិនជានាយករដ្ឋមន្រ្ដីគាត់ធ្វើចឹងល្អហើយ តែសូមកុំអោយមានស្ដង់ដារពីរ យើងគួរតែបង្កើតអោយជាស្ដង់ដារតែមួយ វាគឺជាការប្រសើរជាង »។
ជុំវិញរឿងនេះដែរ គ្រូពេទ្យម្នាក់ដែលធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋមួយកន្លែងនៅក្នុងរាជធានីភ្នំពេញបានសារទរ ។ប៉ុន្ដែអ្នកស្រីសំណូមពរមួយចំនួនផងដែរ។
សំឡេង៖
អ្នកស្រី សែន រស្មី ៖«ចា៎បើសិនជាទំនិញយើងសមរម្យទទួលបាន ប្រាក់ខែប៉ុណ្ណឹង ប្រជាជនទទួលយកបានដែរណា៎ ដោយសារអី ប្រាក់ខែសម្ដេច អោយក៏ដូចជាមិនសូវជាច្រើនដែរ តែទំនិញថ្លៃពេក អាការចំណាយរបស់យើង វាមិនអាចទប់ទៅរួច»។
តាមរបាយការណ៍របស់ប្រមុខរដ្ឋាភិបាល ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ ៩ម៉ឺននាក់។ តែក្នុងនោះស្រ្តីមានលទ្ធភាព មានកូនមានប្រមាណ ១០៨៤៤នាក់៕