កញ្ញា គៀង ស្រីពៅ មានអាយុសាមសិបមួយឆ្នាំ បានបង្កើតអាជីវកម្មកាត់ដេរនិងរចនាម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន មានយីហោឈ្មោះថា ក្តីសង្ឃឹមរបស់ស្ត្រី ឬ Hope for Women Shop នៅចុងឆ្នាំ២០១៥ ។ ស្រីពៅ បាននិយាយថា អាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារមួយនេះ បានធ្វើកញ្ញាឱ្យក្លាយជាស្ត្រីរឹងមាំក្នុងមុខរបរ រហូតដល់បង្កើតឱកាសការងារដល់ស្ត្រីមានជីវភាពខ្វះខាតប្រាំមួយរូបមកពីបណ្តាខេត្តផ្សេងៗឲ្យទទួលបានឱកាសសិក្សាជំនាញកាត់ដេរ និង រចនាម៉ូតសម្លៀកបំពាក់ ។ ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះ បានបញ្ជាក់ថា រូបគេនឹងផ្តល់ឱកាសការងារឲ្យច្រើនបន្ថែមទៀតដល់ស្ត្រី និងធ្វើឲ្យស្ត្រីក្រីក្រនៅជនបទអាចបង្កើតរបរចិញ្ចឹមជីវិតផ្ទាល់ខ្លួនបាន ។ «ខ្ញុំបង្កើតអាជីវកម្មសាមញ្ញមួយ ហើយផ្តលឱកាសការងារដល់ស្ត្រីដែលមានជីវភាពខ្វះខាតមកពីជនបទ ដើម្បីឲ្យពួកគាត់មានរបរចិញ្ចឹមជីវិតខាងមុខ ជារឿងមួយដែលខ្ញុំអាចជួយដល់សង្គមរបស់ខ្ញុំ… ខ្ញុំសប្បាយចិត្តធ្វើវា » ។
អត្ថបទ និង វីដេអូដោយ មិន ម៉ៅសំណាង