ក្រុងភ្នំពេញ៖ លោកអ៊ូ វីរៈ បានបង្ហាញទស្សនៈថា ប្រសិនបើកម្ពុជារងការដាក់ទណ្ឌកម្ម ឬ ការហ៊ុំព័ទ្ធសេដ្ឋកិច្ច នោះប្រទេសដែលទទួលបានផលប្រយោជន៍នោះពុំមែនជាប្រទេសចិនទេ ផ្ទុយទៅវិញគឺប្រទេសវៀតណាម ភូមា និង ប្រទេសបង់ក្លាដែស។ ស្របពេលនេះដែរ អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាយល់ស្របនិងការលើកឡើងរបស់លោកអ៊ូវីរៈ។
លោក សេរីវឌ្ឍនៈ រាយការណ៍៖
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ បានពន្យល់និងបង្ហាញពីការយល់ឃើញរបស់លោក ថា ប្រសិនបើកម្ពុជាត្រូវសហគមន៍អ៊ឺរ៉ុបឬបណ្តាប្រទេសអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ គឺ ចិនពុំមែនជាប្រទេសដែលទទួលបានផលប្រយោជន៍ទាំងស្រុងពីកម្ពុជានោះទេ គឺផ្ទុយទៅវិញប្រទេសដែលទទួលបានផលប្រយោជន៍គឺប្រទេសវៀតណាម ភូមា និង ប្រទេសបង់ក្លាដេស។
លោកបានពន្យល់ថា មូលហេតុដែលធ្វើឲ្យប្រទេសទាំងនោះ ទទួលបានផលប្រយោជន៍ពីប្រទេសកម្ពុជាព្រោះ កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលពីវិស័យកាត់ដេរវាយនភ័ណ្ឌខ្ពស់។
លោក អ៊ូ វីរៈ៖ បើសិនជាក្នុងករណីទាក់ទងនៅក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចកម្ពុជាហ្នឹង ប្រទេសដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺប្រទេសវៀតណាម ប្រទេសភូមា និង ប្រទេសបង់ក្លាដេស ហើយប្រទេសដែលអាចទទួលបានច្រើនជាងគេ គឺប្រទេសវៀតណាម ហើយប្រាក់ខែទាបបំផុតនៅប្រទេសកម្ពុជាហ្នឹង! គឺជាប្រាក់ខែអតិផរណាដែលខ្ពស់ជាងប្រទេសវៀតណាមផង ទាំងដែលប្រទេសវៀតណាមផលិតបានផលិតផលច្រើនជាងប្រទេសកម្ពុជា។
ការបកស្រាយរបស់លោក អ៊ូ វីរៈ ធ្វើឡើងនៅក្នុងកម្មវធីហេឡូវីអូអេ កាលពីយប់ថ្ងៃទី០២ តុលា ឆ្នាំ២០១៧ នេះ ។
ទាក់ទិននឹង បញ្ហានយោបាយវិញ លោកអ៊ូ វីរៈគិត ថា ប្រទេសវៀតណាមក៏មានបំណងមិនចង់ឲ្យប្រទេសកម្ពុជាទទួលបានប្រជាធិបតេយ្យពេញលេញ នោះទេ។ លោកថា ប្រសិនបើកម្ពុជាទទួលបានប្រជាធិបតេយ្យពេញលេញមែននោះ ប្រជាជនវៀតណាមផ្ទាល់ក៏ទាមទារចង់ឲ្យមានប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេដែរ ព្រោះវៀតណាមជាប្រទេសកុំម្មុយនិស្ត ។
លោកអ៊ូ វិរះ៖ ប្រទេសវៀតណាមក៏មិនចង់ឲ្យកម្ពុជា ទទួលបានប្រជាធិបតេយ្យជោគជ័យដែរ ព្រោះអីបើសិនកម្ពុជាជាប្រទេសដែលមានប្រជាធិបតេយ្យជោគជ័យ នោះប្រជាជនវៀតណាមក៏ចង់បានប្រជាធិបតេយ្យដែរ។
យល់ស្របនឹងការលើកឡើងរបស់លោក អ៊ូ វីរៈ នេះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា លោក ឯមសុវណ្ណារ៉ា បានពន្យល់បន្ថែមថា គឺជារឿងធម្មតាទៅហើយចំពោះការប្រកួតប្រជែងនៃការរកស៊ី ព្រោះដៃគូម្ខាងៗសុទ្ធតែមានយុទ្ធសាស្រ្តក្នុងការប្រកួតប្រជែង។លោកបន្តថា រឿងវៀតណាមមិនចង់ឲ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យនោះវាជារឿងរបស់រដ្ឋនីមួយៗ តែត្រូវសួរថាកម្ពុជាខ្លួនឯងនៅរក្សា ឬ ពង្រឹងប្រជាធិបតេយ្យឲ្យបានខ្លាំងបានដល់កម្រិតណា ព្រោះវៀតណាមគ្មានឥទ្ធិពលអ្វីមកលើកម្ពុជានោះទេ។
លោក ឯម សុវណ្ណារ៉ា ៖ អាហ្នឹងគេហៅថាជារឿងបុគ្គល ឬ រឿងរបស់រដ្ឋនីមួយៗ។ តែសំខាន់ទៅលើរដ្ឋាភិបាលកម្ពុជាមានទស្សនវិស័យថាចង់ធ្វើចង់រក្សាហ្នឹង(លទ្ធិប្រជាធិបតេយ្យ)ឲ្យបានកម្រិតណា៎។
ឆ្លើយតបនឹងការលើកឡើងរបស់លោក អ៊ូ វីរៈដែលថាវៀតណាមនឹងបានផលចំណេញពីកម្ពុជា អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត មានប្រសាសន៍ថា កម្ពុជាបានចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសជាមួយនឹងប្រទេសទាំង១៨ទៀតដែលបានសន្យាជួយអភិវឌ្ឍន៍ស្រោចស្រង់កម្ពុជាឱ្យងើបផុតពីសង្គ្រាម។លោកមានជំនឿថា អាមេរិក មិនទុកឱ្យកម្ពុជាវេទនាទៀតនោះទេ។ តែលោកថាមានតែគណបក្សប្រឆាំងទេដែលអំពាវនាវឱ្យ បរទេសដាក់ទណ្ឌកម្មលើប្រទេសខ្លួនឯង។តែយ៉ាងណាលោកយល់ស្របខ្លះដែរ ចំពោះការយល់ឃើញរបស់លោក អ៊ូ វីរៈ។
លោក សុខ ឥសាន្ត៖ បើសិនជាមានការដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាមែននោះវាត្រឹមត្រូវហើយដែរផលចំណេញរត់ទៅរកដូចជា ប្រទេសភូមា ប្រទេសវៀតណាម ប្រទេសបង់ក្លាដែស ប្រទេសថៃហើយ ព្រោះកាលណាបើមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅប្រាកដជារោងចក្រគេរត់ចេញហើយបាទ! ។
ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានច្រានចោល ចំពោះ ការលើកឡើងរបស់លោក អ៊ូ វីរៈដែល ថាវៀតណាមមិនចង់ឲ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យនោះ ។លោកថានេះជាទស្សនៈមួយមិនល្អទេ។
លោក សុខ ឥសាន្ត៖ នេះគឺជាទស្សនះចង្អៀតចង្អល់របស់គាត់ទៅលើប្រទេសវៀតណាម យើងត្រូវគិតថាវាគ្មានការដាក់ទណ្ឌកម្ម នឹង ហ៊ុំព័ទ្ធសេដ្ឋកិច្ចដូចនៅទស្សវត្សឆ្នាំ៧០ទេ។
កម្ពុជាបានឆ្លងកាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរម្តងកាលពីទស្សវត្ស ៨០-៩០ ព្រោះកាលនោះ អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានព្យួរ ដោយមិនប្រគល់ឲ្យរបបប្រជាមានិតកម្ពុជាកាន់កាប់ឡើយដោយសារតែ កម្ពុជាមានសង្គ្រាមស៊ីវិល៕